អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​នេ​ប៉ាល់​បដិសេធ​ក្រុម​សង្គ្រោះ​នូ​វែ​ល​សេ​ឡង់
28, Apr 2015 , 3:33 pm        
រូបភាព

ក្រុម​សង្គ្រោះ​ប្រទេស​នូ​វែ​ល​សេ​ឡង់ បានសម្រេច​ផ្អាក​ដំណើរ​របស់ខ្លួន​កាលពី​ល្ងាចម្សិលមិញ ដើម្បី​ទៅកាន់​ប្រទេស​នេ​ប៉ាល់​ដើម្បី​សង្គ្រោះ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​រញ្ជួយ​ដី។ ការផ្អាក​នេះ​កើតឡើង​ក្រោយពេល​រដ្ឋាភិបាល​នេ​ប៉ាល់​បដិសេធ​សំណើរ​សុំ​បញ្ជូន​ក្រុម​សង្គ្រោះ​របស់​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ ដោយ​អះអាងថា​ក្រុម​សង្គ្រោះ​មាន​គ្រប់គ្រាន់​ហើយ​ដើម្បី​បំពេញ​ប្រតិបត្តិការ។


  លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ




ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុម​សង្គ្រោះ​របស់​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​រៀបចំឡើង​យន្តហោះ​ដើម្បី​បំពេញ​ប្រតិបត្តិការ​របស់ខ្លួន​នៅ​នេ​ប៉ាល់​ទៅហើយ ស្រាប់តែ​ត្រូវ​ផ្អាក​ដំណើរ​របស់ខ្លួន​វិញ។ ការសម្រេច​ផ្អាក​ដំណើរ​ទៅ​នេ​ប៉ាល់​នេះ កើតមានឡើង​ដោយសារ​រដ្ឋាភិបាល​ក្រុងក​ដ្ឋ​ម​ណ្ឌូ បដិសេធ​ជំនួយ​របស់​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ ដោយ​រដ្ឋាភិបាល​នេះ​បញ្ជាក់ថា ខ្លួន​ទទួលបាន​ជំនួយ​ជា​ក្រុម​រុករក​និង​សង្គ្រោះ គ្រប់គ្រាន់​ហើយ​ដើម្បី​បំពេញ​ប្រតិបត្តិ​ការជួយ​ប្រជាជន​ដែល​កំពុង​ប្រឈម​ការលំបាក។

ការ​ឈានដល់​ការបដិសេធ​ក្រុម​សង្គ្រោះ​របស់​នូ​វែ​ល​សេ​ឡង់​នេះ ក៏​ដោយសារតែ​នូ​វែ​ល​សេ​ឡង់​យឺតយ៉ាវ​ក្នុងការ​ផ្តល់ជំនួយ និង​បញ្ជូន​ក្រុម​រុករក​និង​សង្គ្រោះ​របស់ខ្លួន​ទៅកាន់​ប្រទេស​នេ​ប៉ាល់។ មាន​អ្នកខ្លះ​រិះគន់​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​ថា គ្រោះមហន្តរាយ​កើតឡើង​តាំងពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​រដ្ឋាភិបាល​ទើប​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ទៅ​នេ​ប៉ាល់​នៅ​ថ្ងៃ​ចន្ទ ខណៈដែល​ប្រទេស​ជាច្រើន​បញ្ជូន​ជំនួយ​និង​ក្រុម​សង្គ្រោះ​ទៅ​នេ​ប៉ាល់ភ្លាមៗក្រោយ​កើតហេតុ។ 

 លោក Murray McCully រដ្ឋមន្ត្រីការបរទេស​នូ​វែ​ល​សេ​ឡង់​បាន​ថ្លែងថា លោក​ពិត​ជាយ​ល់ពី​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​នេ​ប៉ាល់​ចំពោះ​ការសម្រេច​បដិសេធ​ការផ្តល់​ជំនួយ​របស់​នូ​វែ​ល​សេ​ឡង់ ហើយ​អ្វីដែល​លោក​ធ្លាប់មាន​បទពិសោធន៍​នោះ​គឺ ស្ថានភាព​ប្រែប្រួល​រហ័ស ហើយ​ការ​ផ្តល់ជំនួយ​នេះ​គួរតែ​ធ្វើឡើង​ឆាប់រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើបាន​ដូចគ្នា​ដែរ។ 

លោក​បាន​បន្ថែមថា ក្រុម​សង្គ្រោះ​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​ត្រៀមលក្ខណៈ​ជានិច្ច​ដើម្បី​សហការ​ជាមួយ​ក្រុម​សង្គ្រោះ​ផ្សេងទៀត ប្រសិនបើ​រដ្ឋាភិបាល​នេ​ប៉ាល់​ត្រូវការ​ជំនួយ ហើយ​នូ​វែ​ល​សេ​ឡង់​ព្យាយាម​តាមដាន​មើល​ស្ថានភាព​ជារួម​ថា​តើ​មាន​អ្វី​ទៀត​ដែល​រដ្ឋាភិបាល​អាចជួយ​បាន។

បើទោះជា​នេ​ប៉ាល់​បដិសេធ​ក្រុម​រុករក និង​សង្គ្រោះ​របស់​នូ​វែ​ល​សេ​ឡង់​ក៏ដោយ បច្ចុប្បន្ននេះ​រដ្ឋាភិបាល​ក្រុង Willington បានសម្រេច​ផ្តល់ជំនួយ​ជា​ហិរញ្ញវត្ថុ​ក្នុង​ទំហំ​ប្រមាណ ១លាន​ដុល្លារ​នូ​វែ​ល​សេ​ឡង់ ដែល​ស្មើនឹង៧សែន​ដុល្លារ​អាមេរិក​ទៅដល់​រដ្ឋាភិបាល​នេ​ប៉ាល់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម។ 

គណបក្សប្រឆាំង​នូ​វែ​ល​សេ​ឡង់ បាន​បន្ត​រិះគន់​រដ្ឋាភិបាល ដោយ​អះអាងថា រដ្ឋាភិបាល​គួរតែ​រហ័សរហួន​ជាង​នេះ​ក្នុងការ​ផ្តល់ជំនួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​នេ​ប៉ាល់ ដែល​គ្រោះថ្នាក់​កើតឡើង​តាំងពី​ថ្ងៃ​សៅរ៍​មកម្ល៉េះ​នោះ។ សមាជិក​គណបក្សប្រឆាំង​ម្នាក់​មិនបាន​បង្ហាញ​អត្តសញ្ញាណ​សង្កត់ធ្ងន់ថា នូ​វែ​ល​សេ​ឡង់​មាន​ក្រុម​សង្គ្រោះ​និង​រុករក​ល្អ​ជាងគេ​នៅលើ​ពិភពលោក ប៉ុន្តែ​រដ្ឋាភិបាល​បែរជា​យឺតយ៉ាវ​ក្នុងការ​បញ្ជូន​អ្នកជំនាញ​ទៅ​សង្គ្រោះ​មនុស្ស​នៅ​នេ​ប៉ាល់​ទៅវិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com