កីឡាជាតិ
ជាតិ
ម៉ោង៧យប់នេះ U-23 កម្ពុជា ប្រកួតមិត្តភាពជាមួយម៉ាឡេស៊ីនៅទីក្រុង Shah Alam 
ប្រាក់ មុន្នីឧត្តម ឈិន ឈឿន ង៉យ ស្រ៊ីន និងហូយ ផល្លីន
×![]()
ក្រុមបាល់ទាត់ជម្រើសយុវជនក្រោមអាយុ២៣ឆ្នាំ (U-23) របស់កម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមម្ចាស់ផ្ទះ U-23 ម៉ាឡេស៊ី នៅវេលាម៉ោង ៧ យប់ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៥ នេះក្នុងកីឡដ្ឋាន UiTM Stadium ទីក្រុងShah Alam។
ក្រុមកម្ពុជា បានធ្វើដំណើរទៅប្រកួតតាំងពីថ្ងៃទី ២៨ ខែ មេសា មកម្ល៉េះដែលដឹកនាំដោយលោកគ្រូបង្វឹកជនជាតិខាងត្បូង Lee Tae Hoon អមដោយកីឡាករចំនួន ២៨ នាក់ ដែលជាឈុតត្រៀមចូលរួមក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០១៥ នេះ។
នេះជាដំណើរទៅក្រៅប្រទេសរបស់ក្រុម U-23 កម្ពុជា តាំងពីប្រមូលផ្ដុំមក ស្របពេល នៅថ្ងៃទី ១ ខែ ឧសភា ក៏នឹងត្រូវប្រកួតជាមួយក្រុម ម៉ាឡេស៊ី ១ ប្រកួតទៀតមុនត្រឡប់មកកម្ពុជា វិញ។ រហូតដល់ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៥ ក្រុម U-23 កម្ពុជា ត្រូវជួបក្រុម U-23 កូរ៉េខាងត្បូង នៅទីក្រុងហូជីមិញ និងប្រកួតចុងក្រោយត្រូវជួបឈុត U-23 របស់ក្រុមខេត្ត Đồng Tâm Long An នៅថ្ងៃទី ១៥ ខែ ឧសភា។
ងាកទៅនៅស៊ីហ្គេមវិញ ក្រុមកម្ពុជា ស្ថិតនៅក្នុងពូល B ដោយត្រូវជួបក្រុមហ្វីលីពីន នៅថ្ងៃទី ៣ ខែ មិថុនា បន្តជួបក្រុមឥណ្ឌូណេស៊ី នៅថ្ងៃទី ៦ ខែ មិថុនា ហើយប៉ះម្ចាស់ផ្ទះ សិង្ហបុរី នៅថ្ងៃទី ៨ ខែមិថុនា និង ប្រកួតបិទពូលជាមួយមីយ៉ាន់ម៉ា នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៥ ៕
© រក្សាសិទ្ធិដោយ thmeythmey.com