កីឡាជាតិ
ឈុតស៊ីហ្គេមដែលជាជម្រើសអាទិភាពស្មើ ៣-៣ ជាមួយ U-22 ម៉ាឡេស៊ី 
×![]()
ជាងមួយខែមុន យុទ្ធនាការកីឡាស៊ីហ្គេមនៅក្នុងប្រទេសសឹង្ហបុរី ក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា បានបើកឆាកជាមួយនឹងលទ្ធផលស្មើ ៣-៣ ជាមួយក្រុម U-22 របស់ម្ចាស់ផ្ទះម៉ាឡេស៊ីនៅកីឡដ្ឋានUiTM Stadium ក្នុងទីក្រុង Shah Alamកាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ។
ឈុតស៊ីហ្គេមកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoonបានវាយបកតាមស្មើនៅរាល់ការនាំមុខរបស់ក្រុម U-22 ម៉ាឡេស៊ី ដែលសម្រេចបានជាបន្តបន្ទាប់ដោយប្រធានក្រុម ប្រាក់ មុន្នីឧត្តម ខ្សែប្រយុទ្ធ ភួង សុខសាណា និង ចាន់ វឌ្ឍនាកា។
ខណៈដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ផ្តល់អាទិភាពដល់លោក Lee Tae Hoonក្នុងការជ្រើសរើសក្រុមសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះ មានកីឡាករតែ៣រូបប៉ុណ្ណោះ ពីក្រុមយុវជនដែលត្រូវបានលោក Kazunori Oharaគ្រូបង្វឹកជនជាតិជប៉ុនដាក់ចូលក្នុងបញ្ជីបឋមសម្រាប់ព្រឹត្តិការណ៍ជម្រុះ World Cup។ កីឡាករទាំងនោះរួមមាន លី អារីហ្វីនអាំ សុវណ្ណារ៉ាត់និងប្រាក់ ចាន់រតនា។
កីឡាករ១២នាក់ ដែលចូលរួមប្រកួតនៅវគ្គជម្រុះ AFC U-23 Championship ឆ្នាំ២០១៦ កាលពីចុងខែមិនា នៅទីក្រុងបាងកក ប្រទេសថៃ បានរក្សាឈ្មោះរបស់ខ្លួនក្នុងជម្រើសរបស់លោក Lee Tae Hoon។ ប្រធានក្រុម ប្រាក់ មុន្នីឧត្តម និងចាន់ វឌ្ឍនាកា រក្សាភាពខ្លាំងរបស់ខ្លួនជាមួយការស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុម។ កីឡាករ១០នាក់ផ្សេងទៀត ដែលកំពុងបន្តដំណើរជាមួយក្រុម U-23 រួមមាន សឿយ វិសាល ណុប តុលា ង៉យ ស្រ៊ីន ទិត្យ ឌីណា អុល រ៉ាវី ប្រាក់ ភារុណ នេន សុធារ័ត្ន សំអឿន ពិដោរ ផាន់នី អ៊ីរដ្ឋា និងអ៊ុំ សេរីរ័ត្ន។
ជាមួយនឹងអវត្តមានរបស់ សារី ម៉ាត់ណូរ៉ូទីន សាន់ ធីដែត ឆេង ម៉េង លី អារីហ្វីន អាំ សុវណ្ណារ៉ាត់ ឆេង ម៉េង ប្រាក់ ចាន់រតនា ក្រុម U-23 កម្ពុជា ស្វាគមន៍នូវការវិលត្រឡប់មករួមក្រុមវិញរបស់ប៉េង ប៊ុនឆាយ សុខ សុវណ្ណ ទូច បញ្ចរ៉ុង កែវ សុខង៉ន កែវ សុខផេង សុខ ចាន់រស្មី ឈិន ឈឿន ភួង សុខសាណា ខែក ខេមរិន្ទ និងសុះ ស៊ូហាណា។
ជំនួបជាមួយ U-22 ម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែមេសា ជាដំណើរទៅក្រៅប្រទេសរបស់ក្រុម U-23 កម្ពុជា តាំងពីប្រមូលផ្ដុំមក ស្របពេល នៅថ្ងៃទី ១ ខែ ឧសភាក៏នឹងត្រូវប្រកួតជាមួយក្រុម ម៉ាឡេស៊ី ១ប្រកួតទៀតមុនត្រឡប់មកកម្ពុជា វិញ។ រហូតដល់ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០១៥ ក្រុម U-23 កម្ពុជា ត្រូវជួបក្រុម U-23 កូរ៉េខាងត្បូងនៅទីក្រុងហូជីមិញ និងប្រកួតចុងក្រោយត្រូវជួបឈុត U-23 របស់ក្រុមខេត្ត ĐồngTâm Long An នៅថ្ងៃទី ១៥ ខែ ឧសភា។
ងាកទៅនៅស៊ីហ្គេមវិញ ក្រុមកម្ពុជា ស្ថិតនៅក្នុងពូល B ដោយត្រូវជួបក្រុមហ្វីលីពីន នៅថ្ងៃទី ៣ ខែ មិថុនាបន្តជួបក្រុមឥណ្ឌូណេស៊ី នៅថ្ងៃទី ៦ ខែ មិថុនា ហើយប៉ះម្ចាស់ផ្ទះសិង្ហបុរី នៅថ្ងៃទី ៨ ខែមិថុនា និង ប្រកួតបិទពូលជាមួយមីយ៉ាន់ម៉ានៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៥ ៕
© រក្សាសិទ្ធិដោយ thmeythmey.com