កីឡាជាតិ
U-23 កម្ពុជា ជួបម្ចាស់ផ្ទះម៉ាឡេស៊ី លើកទី២ នៅម៉ោង ៣:៤៥ នាទី ថ្ងៃនេះ
× ក្រុមបាល់ទាត់ជម្រើសយុវជនក្រោមអាយុ២៣ឆ្នាំ (U-23) របស់កម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាលើកទី២ ជាមួយក្រុមម្ចាស់ផ្ទះ U-22 ម៉ាឡេស៊ី នៅវេលាម៉ោង ៣:៤៥ នាទី (ម៉ោង៤:៤៥ នាទី នៅម៉ាឡេស៊ី) នៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៥ នេះក្នុងកីឡដ្ឋាន UiTM Stadium ទីក្រុងShah Alam។
ឈុតស៊ីហ្គេមកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoonបានវាយបកតាមស្មើនៅរាល់ការនាំមុខរបស់ក្រុម U-22 ម៉ាឡេស៊ី កាលពីប្រកួតលើកទី២ នាថ្ងៃទី ២៩ ខែ មេសា ថ្មីៗ នេះ សម្រេចបានជាបន្តបន្ទាប់ដោយប្រធានក្រុម ប្រាក់ មុន្នីឧត្តម ខ្សែប្រយុទ្ធ ភួង សុខសាណា និង ចាន់ វឌ្ឍនាកា។
ក្រុមគ្រូបង្វឹកកំពុងតែពង្រឹងផ្នែកកម្លាំងដល់កូនក្រុមវិញ ក្រោយថមថយពេលសម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលកន្លងទៅ ព្រមទាំងពិនិត្យបច្ចេកទេសកីឡាករម្នាក់ៗ និង ក្រុមទាំងមូលមុនទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៥ នៅសិង្ហបុរី ក្នុងខែក្រោយ។
យោងតាមការឱ្យដឹងពីថ្នាក់ដឹកនាំក្រុម U-23 កម្ពុជា ការប្រកួតទាំង ២ ជើងនេះត្រូវជួបក្រុម U-22 ម៉ាឡេស៊ី មែន ប៉ុន្ដែសមាជិកស្ទើរពាក់កណ្ដាលរបស់ក្រុមនេះមានឈ្មោះទៅប្រកួតក្នុងកីឡាស៊ីហ្គេម តំណាងឱ្យប្រទេសគេនោះដែរ។
ក្រុម U-23 កម្ពុជានឹងត្រឡប់មកប្រទេសកំណើតវិញនៅថ្ងៃទី ២ ខែ ឧសភា ស្អែកនេះក្រោយបញ្ចប់បេសកកម្មមិត្តភាពកម្ដៅសាច់ដុំលើកដំបូងនៅក្រៅប្រទេស ខណៈប្រកួតបន្ទាប់ត្រូវធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីជួបក្រុម U-23 កូរ៉េខាងត្បូង នៅទីក្រុងហូជីមិញថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៥ និងប្រកួតទី២ ត្រូវជួបឈុត U-23 របស់ក្រុមខេត្ត Đồng Tâm Long An នៅថ្ងៃទី ១៥ ខែ ឧសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com