ជាតិ
សង្គមជាតិ
ក្រុមយុវជនបង្កើតកម្មវិធីជិះកង់ផ្សព្វផ្សាយមួកត្នោតនៅទីក្រុងសៀមរាប
× សៀមរាប៖ ក្រុមយុវជនដែលឲ្យឈ្មោះខ្លួនឯងថា «ក្រុមមួកត្នោតខ្មែរ» នឹងធ្វើយុទ្ធនាការដង្ហែ ផ្សព្វផ្សាយមួកត្នោតជាទ្រង់ទ្រាយធំនៅទៅក្រុងសៀមរាប។ កម្មវិធីនេះ មានការចូលរួមពីសិស្ស និស្សិត មកពីបណ្តាខេត្តក្រុងមួយចំនួន ក្នុងប្រទេសកម្ពុជា។
ការដង្ហែមួកត្នោត នឹងធ្វើដោយការជិះកង់។ ការជិះកង់ដង្ហែមួកត្នោត នឹងចាប់ផ្តើមចេញដំណើរពីផ្លូវខាងក្រោយសាកលវិទ្យាល័យបញ្ញាសាស្ត្រខេត្តសៀមរាប បត់តាមផ្លូវវត្តបូព៌ តាមផ្សារចាស់ និងគោលដៅចុងក្រោយនៅមុខប្រាសាទអង្គរវត្ត។ នៅទីនោះហើយ ដែលក្រុមអ្នកជិះកង់ នឹងធ្វើសកម្មភាពចែកមួកត្នោតដល់ភ្ញៀវទេសចរចំនួន ១០០០មួក។ នេះបើតាមការឲ្យដឹងពីតំណាងក្រុមមួកត្នោតខ្មែរ។
លោក សឿ សេរីរ័ត្ន បានបន្ថែមថា អ្នកដែលចូលរួមជិះកង់ផ្សព្វផ្សាយមួកត្នោតខ្មែរ មានគ្នាប្រមាណជិត១០០នាក់។ លោកថា ក្រុមរបស់លោកបានប្រមូលថវិកាពីការលក់អាវដែលមានបោះពុម្ពជារូបមួកត្នោត ដែលលក់ក្នុងតម្លៃ៥ដុល្លារទៅអ្នកចូលរួមជិះកង់ សម្រាប់ការទិញមួកត្នោតចែកដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរ។ គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីអភិរក្ស ផ្សព្វផ្សាយ អ្វីដែលជារបស់ខ្មែរ ហើយដែលជិតនឹងបាត់បង់នេះដល់បរទេសបានដឹង ជាក់ស្តែងដូចជាមួកត្នោតនេះជាដើម។
ការជិះកង់ផ្សព្វផ្សាយមួកត្នោតនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣ ឧសភា ហើយនេះជាលើកទី២ហើយ ក្រោយសកម្មភាពនេះ បានចាប់ផ្តើមកាលពីឆ្នាំទៅ។ ឆ្នាំទៅ សកម្មភាពនេះធ្វើឡើងនៅខែឧសភាដូចគ្នា ប៉ុន្តែជាទ្រង់ទ្រាយ ដែលគេមិនសូវចាប់អារម្មណ៍ប៉ុន្មាននោះទេ។ នេះបើតាមការអះអាងរបស់លោក សេរីរ័ត្ន។ តំណាងក្រុមរូបនេះបញ្ជាក់ថា៖« ក្រោយសកម្មភាពរបស់យើង ធ្វើជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយពីមួកត្នោត ឃើញថា មានភ្ញៀវទេសចរច្រើន បានប្រើប្រាស់មួកខ្មែរ។ យើងសប្បាយចិត្តដែលឃើញមួកត្នោត បានរស់ឡើងវិញ»។
គួរបញ្ជាក់ថា ក្បួនជិះកង់ផ្សព្វផ្សាយមួកត្នោត នឹងចាប់ផ្តើមនៅម៉ោង៨កន្លះ ថ្ងៃអាទិត្យសប្តាហ៍នេះ ហើយគ្រោងនឹងបញ្ចប់ ក្រោយការចែកមួកត្នោតដល់ភ្ញៀវទេសចរនៅមុខប្រាសាទអង្គរវត្តរួចរាល់ហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com