កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​ប្រណាំង​កង់​ឆ្លងកាត់​ឧបសគ្គ​លើក​ទី៩ប្រព្រឹត្តទៅ​នៅ​ដើមខែ​ឧសភា
01, May 2015 , 1:49 pm        
រូបភាព
ដោយ: ថ្មីៗ
រដូវ​កាល​ទី៩នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ឆ្លងកាត់​ឧបសគ្គ នឹង​ប្រព្រឹត្តទៅ​នៅ​ដើមខែ​ឧសភា ខាងមុខ ដោយ​ចាប់ផ្តើម​ពី​តំបន់​កោះដាច់ ឆ្ពោះទៅកាន់​ភ្នំ​ប្រសិទ្ធិ។ នេះ​បើតាម​បញ្ជាក់​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)។



ព្រឹត្តិការណ៍​ប្រណាំង​កង់​ឆ្លងកាត់​ឧបសគ្គ​ដែលមាន​ឈ្មោះថា «Cambodia MTB Series» (Mountain Bike) ឈានដល់​រដូវ​កាល​ទី៩ហើយ​នៅ​ឆ្នាំ២០១៥នេះ។ តាមរយៈ​សន្និសីទ​សារព័ត៌មាន​កាលពី​ចុងខែ​មេសា កន្លងមក លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ថ្លែង​ឲ្យ​ដឹងថា ថ្វីត្បិតតែ​ការប្រកួត​នេះ មានការ​បើកទូលាយ​ដល់​មហាជន​ទូទៅ​ក៏ពិតមែន ប៉ុន្តែ​វា​ក៏​ជា​យុទ្ធនាការ​ស្វែងរក​អ្នកមាន​សមត្ថភាព​សម្រាប់​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផងដែរ។

ដូចជាឆ្នាំមុនៗផងដែរ ព្រឹត្តិការណ៍​ប្រណាំង​កង់​ឆ្លងកាត់​ឧបសគ្គ​នឹងមាន៥ដំណាក់កាល។ បើតាម​លោក Pierre Catry ជនជាតិ​បារាំង​ដែលជា​ស្ថាបនិក​នៃ​កីឡា​ប្រណាំង​កង់ MTB ដំណាក់កាល​ទី១ដែល​ប្រព្រឹត្តទៅ​នៅ​តំបន់​កោះដាច់ នា​ថ្ងៃទី៣ ខែឧសភា ជា​ដំណាក់កាល​ស្រួល​ជាងគេ ហើយ​ស្ថានភាព​កាន់តែ​តឹងតែង​ជា​បន្តបន្ទាប់​សម្រាប់​ដំណាក់កាល​ទី២នៅ​ព្រែកលាប នា​ថ្ងៃទី២៨ ខែមិថុនា ដំណាក់កាល​ទី៣នៅ​ខេត្តកំពង់ស្ពឺ​នា​ថ្ងៃទី២ ខែសីហា ហើយ​ដំណាក់​កាលដែល​ពោរពេញ​ទៅដោយ​ឧបសគ្គ​លើ​សណ្ឋាន​ដី​ឡើង​ចុះ កាត់ទឹក ឆ្លង​អូរ និង​មាន​ថ្ម គឺ​ក្នុង​ដំណាក់​ទី៤នៅ​ភ្នំ​បាសិត​នា​ថ្ងៃទី១ ខែវិច្ឆិកា និង​ដំណាក់កាល​ចុងក្រោយ​នៅ​តំបន់​គិរី​រម្យ​នា​ថ្ងៃទី១៣ ខែធ្នូ។

ការប្រកួត​នឹងមាន​ការបែងចែក​ជា១០កម្រិតផ្សេងៗគ្នា​ទៅតាម​ប្រភេទ​អាយុ និង​ជំនាញ ដែល​ក្នុងនោះ​រួមមាន កម្រិត​សម្រាប់​កីឡាករ​ដែលមាន​ជំនាញ​ខ្លាំង​បំផុត (Elite) ក្រុម​កីឡាករ​ជំនាញ (Expert) ដែលមាន​ចាប់ពី៣០ឆ្នាំ កីឡាករ​ជំនាញ​មធ្យម​ដែលមាន​អាយុ១៦ដល់២៩ឆ្នាំ កីឡាករ​ជំនាញ​មធ្យម​អាយុ​ចាប់ពី៣០ឆ្នាំ កីឡាករ​ថ្មី​ដែលមាន​អាយុ​ពី១៤ដល់១៦ឆ្នាំ ឬ​តិចជាង១៧ឆ្នាំ​ដែល​កម្ពស់​ខ្ពស់ជាង១ម៉ែត្រ៥៥ កីឡាករ​ថ្មី​ចាប់ពី១៧ទៅ៣៣ឆ្នាំ កីឡាករ​ថ្មី​ចាប់ពី៣៤ដល់៣៩ឆ្នាំ ក្រុមកីឡា​ការិនី Women Class កីឡាករ​ដែលមាន​វ័យ​ចាប់ពី៤០ឆ្នាំ និង​ក្រុម​កុមារ​ដែលមាន​អាយុ​ក្រោម១៣ឆ្នាំ។

សម្រាប់​ដំណាក់កាលនីមួយៗ អ្នក​ដណ្តើមបាន​លេខ១ទទួលបាន២៥ពិន្ទុ ចំណាត់ថ្នាក់​លេខ២ បាន ២២ពិន្ទុ លេខ៣ បាន ២០ ពិន្ទុ លេខ ៤ បាន ១៨ ពិន្ទុ លេខ ៥ បាន ១៦ ពិន្ទុ ដោយ​អ្នក​ដែលមាន​ពិន្ទុ​រួម​ច្រើនជាងគេ​នឹង​ក្លាយជា​ជើងឯក​ប្រចាំឆ្នាំ២០១៥ ។

អ្នករៀបចំ​កម្មវិធី​បាន​អះអាងថា អ្នកជិះ​កង់​អាជីព និង​មិន​អាជីព​ជាង២០០នាក់​នឹង​ចូលក្នុង​ព្រឹត្តិការណ៍​នេះ។ ចាប់តាំងពី​ឆ្នាំ១៩៩៦មក ការប្រកួត​កីឡា​ប្រណាំង​កង់​ឆ្លងកាត់​ឧបសគ្គ​ត្រូវ​កត់ត្រា​ចូល​ជា​ប្រភេទ​កីឡា​អូឡាំពិក​នា​ព្រឹត្តិការណ៍​ប្រកួត​នៅក្នុង​ទីក្រុង​អា​ត្ល​ង់​តា សហរដ្ឋអាមេរិក។ ទោះបីជា​ការប្រកួត​មាន​ភាពលំបាក​ក៏ដោយ ប៉ុន្តែ​វា​ក៏បានផ្តល់​ភាពសប្បាយ​រីករាយ​ផងដែរ​ដល់​បណ្តា​អ្នកចូលរួម៕




© រក្សាសិទ្ធិដោយ thmeythmey.com