ពីនេះ ពីនោះ
គ្រឹះដើម្បីរៀនភាសាឲ្យពួកែ គឺ«ការអាន»!
× រៀនអក្សរសាស្ត្រខ្មែរ អង់គ្លេស ចិន កូរ៉េ ឬរៀនភាសាណាក៏ដោយ គឺទាមទារឲ្យអ្នកឧស្សាហ៍«អាន»ឲ្យបានច្រើន។ អានកាន់តែច្រើន ដឹងកាន់តែច្រើន អានកាន់តែច្រើន ចេះកាន់តែច្រើន។ អានសៀវភៅ កាសែត ទស្សនាវដ្តី រឿងប្រលោមលោក ឬអានអ្វីក៏ដោយ គឺសុទ្ធតែបង្កើនចំណេះដឹងផ្នែកអក្សរសាស្ត្រ ព្រោះអ្នកបានស្គាល់ពាក្យចាស ពាក្យថ្មី និងដឹងឃ្លាឬប្រយោគកាន់តែច្រើន។ លើលពីនេះទៅទៀត មនុស្សរៀនពូកែ មានចំណេះដឹងទូលំទូលាយ មានប្រាជ្ញាឈ្លាសវៃ មានការគិតស៊ីជម្រៅ គឺសុទ្ធតែជាមនុស្សដែលឧស្សាហ៍«អាន»។ តើការអានអាចជួយអ្នកក្នុងការរៀនភាសាបានដោយរបៀបណា?
ការអាន គឺជួយដល់«ការនិយាយ»ឲ្យបានល្អ ព្រោះនៅពេលដែលអ្នកអាន គឺអ្នកបានដឹងនូវពាក្យចាស ពាក្យថ្មី និងពាក្យណាដែលគេនិយមប្រើជាងគេ និងដឹងពីឃ្លាឬប្រយោគបានកាន់តែច្បាស់។ ទាំងនេះសុទ្ធតែជាជំនួយដល់ការនិយាយរបស់អ្នក គឺអាចជួយឲ្យអ្នកនិយាយដោយមានឃ្លា មានប្រយោគ មានបែបនៃការនិយាយ និងរបៀបនៃការប្រើពាក្យពេចន៍បានត្រឹមត្រូវទៅតាមកាលៈទេស។
ការអាន គឺជួយដល់«ការស្តាប់»ដោយមិនច្រឡំអត្ថន័យ ព្រោះនៅពេលដែលអ្នកអាន គឺអ្នកបានដឹងនូវពាក្យចាស ពាក្យថ្មី និងពាក្យដូចគ្នា ហើយអាចប្រើក្នុងន័យដូចគ្នាបាន ពាក្យដូចគ្នា តែប្រើក្នុងន័យខុសគ្នា និងពាក្យផ្សេងគ្នា តែអាចប្រើបានក្នុងន័យតែមួយ។ ល។ វិធីសាស្ត្រនេះ ពិតជាអាចជួយដល់ការស្តាប់របស់អ្នកឲ្យបានកាន់តែច្បាស់ ដោយមិនច្រឡំពីអត្ថន័យឬខ្លឹមសារ នៃឃ្លាឬប្រយោគន៍ដែលអ្នកកំពុងស្តាប់ឡើយ។
ការអាន គឺជួយដល់«ការសរសេរ»របស់អ្នកឲ្យត្រូវតាមវេយ្យាករណ៍ ព្រោះនៅពេលដែលអ្នកអាន គឺអ្នកបានដឹងពីវេយ្យាករណ៍នៅក្នុងអត្ថបទដែលអ្នកកំពុងអាន ដូចជា៖ ដឹងពីរបៀបប្រើឃ្លា ប្រយោគ ល្បះ របៀបប្រើធ្នាក់ ឈ្នាប់ របៀបប្រើកាល ប្រើថ្នាក់នៃពាក្យ។ ល។ ទាំងនេះសុទ្ធតែជាអ្វីដែលបានដឹងតាមរយៈការអាននៅក្នុងអត្ថបទរបស់អ្នក។ ដូច្នេះនៅពេលអ្នកសរសេរសំណេរអត្ថបទ គឺអ្នកអាចយកគន្លឹះ ឬរបៀបនៃការប្រើវេយ្យាករណ៍ទាំងនេះ ដើម្បីមកសរសេរអត្ថបទរបស់ខ្លួនបានយ៉ាងល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com