ជាតិ
សង្គមជាតិ
ទិវាពលកម្មអន្តរជាតិ៖ លោក រ៉ុង ឈុន អះអាងថា ទង្វើរបស់ខ្លួនមិនប៉ះពាល់ដល់តម្លៃគ.ជ.ប! រូបថតលោក រ៉ុង ឈុន ឈរនៅខាងមុខក្រសួងការងារក្នុងទិវាពលកម្មអន្តរជាតិ ១ សភា ពីហ្វេសប៊ុកអ្នកស្រី រស់ ចន្ធី
×
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនិយមប្រើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានរិះគន់និងចោទលោក រ៉ុង ឈុន ថា លោកបានចូលរួមសកម្មភាពហែក្បួនជាមួយក្រុមសហជីពក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០១៥ នេះ ខណៈដែលលោក កំពុងមានតួនាទីជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ តែសាមីខ្លួន គឺលោក រ៉ុង ឈុន បានថ្លែងការពារខ្លួនថា លោកមិនបានចូលរួមហែក្បួននោះទេ គ្រាន់តែចួលរួមឃ្លាំមើលសកម្មភាពហែក្បួនរបស់ក្រុមសហជីព ក្នុងនាមខ្លួនជាពលរដ្ឋម្នាក់ប៉ុណ្ណោះ ហើយវាក៏មិនប៉ះពាល់ដល់តម្លៃ និងឯរាជ្យគ.ជ.ប ដែរ ។
« ខ្ញុំមិនចាប់អារម្មណ៍នឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ព្រោះវាបិទសិទ្ធិសេរីភាពខ្ញុំខ្លាំងពេក » ។ លោក រ៉ុង ឈុន សមាជិកគ.ជ.ប ថ្មី កំពុងតែឆ្លើយតបនឹងសេចក្តីថ្លែងការណ៍រិះគន់សកម្មភាពរបស់លោកក្នុងទិវាពលកម្មអន្តរជាតិពីសំណាក់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ក្រោយពីពួកគេចោទលោក លោក រ៉ុង ឈុន ថា បានចូលរួមហែក្បួនដាក់ញត្តិជាមួយក្រុមសហជីពក្នុងទិវាពលកម្មអន្តរជាតិនៅថ្ងៃសុក្រនេះ។ ទង្វើរបស់លោក រ៉ុង ឈុន ត្រូវអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា វាប៉ះពាល់ដល់តម្លៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានបញ្ជាក់ដូច្នេះថា៖ « តំណាងរាស្ត្រគណបគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបោះឆ្នោតគាំទ្រឯកឧត្តម រ៉ុង ឈុន និងសមាជិកទាំង ៨ រូបផ្សេងទៀត ជាសមាជិករបស់គ.ជ.ប ដែលត្រូវបំពេញតួនាទីអព្យាក្រឹត្យ និងផ្តាច់ខ្លួនមិនពាក់ព័ន្ធនឹងគណបក្សនយោបាយ សហជីព និងសង្គមស៊ីវិលនានា ចាប់ពីបោះឆ្នោតនេះតទៅ ។ ប៉ុន្តែផ្ទុយទៅវិញ ឯកឧត្តមរ៉ុងឈុន បានជាចូលរួមជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុងសកម្មភាពហែក្បួនជាមួយក្រុមសហជីព។ ទង្វើបែបនេះគឺបង្ហាញនូវទំនាស់ផលប្រយោជន៍យ៉ាងពិតប្រាកដ និងប៉ះពាល់ដល់តម្លៃគ.ជ.ប ដែលគណបក្សទាំងពីរបានប្តេជ្ញាឲ្យស្ថាប័ននេះ ក្លាយជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ» ។ លើសពីនេះអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ក៏បានក្រើនរម្លឹកលោក រ៉ុង ឈុន ឲ្យរក្សាជំហរអព្យាក្រឹត្យ ដើម្បីធ្វើស្ថាប័នគ.ជ.ប ឲ្យមានប្រយោជន៍សម្រាប់ជាតិ និងមាតុភូមិ ។
លោក រ៉ុង ឈុន ដែលជាអតីតប្រធានសមាគម និងប្រធានសហជីពផងនោះ មិននៅស្ងៀមឲ្យអ្នកនាំពាក្យគណបក្សកាន់អំណាចរិះគន់ខ្លួនបានយូរឡើយ ដោយលោកបានចាត់ទុកសេចក្តីថ្លែងការណ៍នេះថា គឺជាការបំបិទសិទ្ធិសេរីភាពរបស់លោកក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលគ្រាន់តែចូលរួមឃ្លាំមើលការហែក្បួនរបស់សហជីព ថ្វីបើលោកជាសមាជិកគ.ជ.ប ក្តី ។ លោកអត្ថាធិប្បាយថា លោកមានសិទ្ធិគ្រប់គ្រាន់សម្រាប់ធ្វើសកម្មភាពនេះ ព្រោះទង្វើរបស់លោកធ្វើពេលនេះក្រៅពីម៉ោងរដ្ឋបាល ពោលជាពេលដែលលោកឈប់សម្រាកពីការងារ ហើយលោកមិនបានធ្វើសកម្មភាព ឬនិយាយ តំណាងឲ្យស្ថាប័ន គ.ជ.ប ឡើយ ។ « ខ្ញុំគ្រាន់តែឃ្លាំមើលប៉ុណ្ណោះ ។ គ្មានសិទ្ធិអ្វីមកហាមខ្ញុំទេ ព្រោះខ្ញុំមិនបានធ្វើឲ្យប៉ះពាល់តម្លៃ និងភាពឯករាជ្យ អព្យាក្រឹត្យគ.ជ.ប ទេ ។ ថ្ងៃទី ១ ឧសភា ជាពេលដែលខ្ញុំសម្រាប់ពីការងារ ពោលគឺក្រៅម៉ោងរដ្ឋបាល ។ ប្រការ ២៥ បានចែងយ៉ាងច្បាស់ថា សមាជិកគ.ជ.ប មិនអាចយកតួនាទីខ្លួន ទៅធ្វើសកម្មភាព ឬនិយាយតំណាងឲ្យគ.ជ.ប ក្រៅពីអ្នកនាំពាក្យ ឬប្រធានគ.ជ.ប ឡើយ » ។ នេះជាការបញ្ជាក់របស់លោក រ៉ុង ឈុន ៕
© រក្សាសិទ្ធិដោយ thmeythmey.com