ជាតិ
សង្គមជាតិ
ប្រាក់​សន្សំ​ដ៏​មាន​ប្រយោជន៍​ក្នុងភូមិ​ក្រចាប់
02, May 2015 , 4:20 pm        
រូបភាព
ដោយ:
កំពង់ធំ៖ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅក្នុង​ភូមិ​ក្រចាប់ ហាក់​មានការ​រីកចម្រើន​ច្រើន ដោយសារ​ប្រជាពលរដ្ឋ​នាំគ្នា បង្កើត​ក្រុម​សន្សំ​ប្រាក់​និង​បញ្ញើ​ប្រាក់។ ការបង្កើត​ក្រុម​សន្សំ​ប្រាក់​នេះ មាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា បង្ក​ភាពងាយស្រួល​ក្នុងការ​រកប្រាក់​កម្ចី ចំណេញ​ពេលវេលា មាន​ចំណូល​ភាគលាភ​ពី​ប្រាក់​សន្សំ និង​បង្ហាញ​ពី​សាមគ្គីភាព​របស់​ពល​រដ្ឋ​ផងដែរ។



“បើ​និយាយ​ពី​ប្រាក់​សន្សំ​យូរហើយ ប៉ុន្តែ​ពីមុន​នោះ សុទ្ធតែ​ក្រុមតូចៗមាន​ប្រមាណ​ជា​ជិត១០ក្រុម​ឯណោះ ប៉ុន្តែ​មកដល់​សព្វថ្ងៃនេះ យើង​បាន​បង្រួម​ក្រុមតូចៗទាំងនោះ ជា​ក្រុម​ធំ​វិញ។ នេះ​បើតាម​ការ​ឱ្យដឹង​របស់​មេភូមិ​ក្រចាប់។ អ៊ំ​ប្រុស ខេង ឃាង មានប្រសាសន៍​បន្តថា ក្រុម​សន្សំ​ប្រាក់​នេះអត្ថប្រយោជន៍​ជាច្រើន​ដូចជា ទី១ គឺមាន​ប្រាក់​សម្រាប់​ចែករំលែក​ទៅ​សមាជិក​ក្រុម​ក៏ដូចជា​អ្នកភូមិ ដើម្បី​ធ្វើជា​ទុន​រកស៊ី​ឬ​ធ្វើ​អាជីវកម្ម​ខ្នាតតូច។ ទី២ គឺមាន​អត្រា​ការប្រាក់​ទាប បើ​ធៀប​ទៅនឹង​ស្ថាប័នកម្ចី​ប្រាក់ផ្សេងៗ ។ ទី៣ ចំណេញ​ពេលវេលា ព្រោះ​ក្រុម​សន្សំ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​តែម្តង។ ទី៤ សមាជិក​ក្រុម​នឹង​ទទួលបាន​ការប្រាក់​ពី​ប្រាក់​សន្សំ​របស់គាត់។

អ៊ំ​ប្រុស​ក៏បាន​បន្តទៀតថា គំនិត​នៃ​ការបង្កើត​ក្រុម​សន្សំ​ប្រាក់​នេះ គឺ​ចេញពី​អង្គការ​សេ​ដាក។អង្គការ​មួយ​នេះ​បាន​ជួយ​ជំរុញ​ឱ្យ​បង្កើត​ក្រុម​នេះ​ឡើង​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការ​បង្កបង្កើនផលកសិកម្ម​ដូចជា ការដាំ​ដំណាំ ការធ្វើ​ស្រែ និង​ការចិញ្ចឹម​ជ្រូក​ជាដើម។ មួយវិញទៀត ដោយសារ​សង្កេតឃើញថា ក្រុម​សន្សំ​ប្រាក់​បានកើត​មាន​ក្នុង​ខេត្ត​មួយចំនួន​រួចមកហើយ ដូចជា​កំពង់ចាម បាត់ដំបងជាដើម និង វា​មាន​អត្ថប្រយោជន៍​ច្រើន ទើប​អ៊ំ​ប្រុស​បាន​បំផុសគំនិត​ឱ្យមាន​ការចូលរួម​ពី​ប្រជាជន​ក្នុងភូមិ។ នេះ​ក៏​ចាត់ទុកជា​ជោគជ័យ​ធំ​មួយ សម្រាប់​ភូមិ​របស់គាត់​ផងដែរ។

“សមាជិក​ក្រុម អាច​ខ្ចីប្រាក់​បាន​ចំនួន២លាន​រៀល​ចុះ​ត្រូវមាន​អ្នកធានា២នាក់ និង​បើ​ខ្ចី​លើសពី២លាន​រៀល ត្រូវមាន​ប្លង់ដី​ដាក់បញ្ចាំ។ នេះ​បើតាម​សម្តី​របស់​ប្រធាន​ក្រុម​សន្សំ​ប្រាក់​ឈ្មោះថា “ក្រុម​សន្សំ​អភិវឌ្ឍ​កសិកម្ម​ចម្រុះ។ បងស្រី ធុន សុខ​និ បាន​បន្តថា ក្រុម​សន្សំ​ប្រាក់​មួយ​នេះ​បានកើតឡើង​តាំងពី២០០៥ មកម្ល៉េះ។ នេះ​ជា​គំនិត​ផ្តួចផ្តើម​ពី​អង្គការ​សេ​ដាក។ បើ​គិត​មកដល់​បច្ចុប្បន្ននេះ សមា​ជិ​ក្រុម​បាន​កើនឡើង​ចំនួន២៤០នាក់ និង​មាន​សន្សំ​រហូតដល់​ជា២០០លាន​រៀល។ ចំណែក​លក្ខខណ្ឌ​នៃ​ការចូល​ជា​សមាជិក លុះត្រាតែ​បុគ្គល​នោះ​គឺជា​អ្នកភូមិ មាន​ដី មាន​ទីលំនៅ​ក្នុងភូមិ​ផ្ទាល់ ទើបយើង​អនុញ្ញាតឱ្យ​ជា​សមាជិក​ក្រុម​សន្សំ​ប្រាក់​នេះ​បាន។ ចំណែក​អត្រា​ការប្រាក់​វិញ ពីមុន​យើង​យក៣ភាគរយ ប៉ុន្តែ​ឥឡូវនេះ យើង​យក​ត្រឹមតែ២.៥ភាគរយ​ប៉ុណ្ណោះ។

“ក្រៅពីនេះ ក្រុម​សន្សំ​នេះ​យក១ភាគ​នៃ​ភាគលាភ​មក​ធ្វើជា​ប្រាក់​ទ្រទ្រង់​ក្នុងភូមិ​ដូចជា ត្រូវ​ចាក់ដី​ផ្លូវ ត្រូវធ្វើ​សាលា​បុណ្យ និង​បានផ្តល់​ទៅខាង​កាកបាតក្រហម​ផងដែរ។ នេះ​បើតាម​ការ​ឱ្យដឹងពីលោក ម៉ែន សេង​វុ​ធ ជា​គណៈកម្មការ​នៃ​ប្រាក់​សន្សំ។ លោក​ក៏​បន្តទៀតថា បន្ថែម​លើ​នេះ នៅក្នុង​ប្រាក់ទ្រទ្រង់​នេះ យើង​អាចជួយ​ដល់​សមាជិក​ក្រុម​ចំនួន៥ម៉ឺន​រៀល​ផងដែរ ក្នុងករណី​មានធុរៈ​ចាំបាច់​ដូចឈឺ​ថ្កាត់​ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com