ជាតិ
ពីនេះ ពីនោះ
គន្លឹះ​ទាំង៩ សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​រៀន​ឲ្យ​ពូកែ
03, May 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
សិស្ស​និស្សិត​ដែល​រៀន​បាន​ពួ​កែ​ទាំងអស់ មិនមែន​សុទ្ធតែ​មកពី​ពួកគេ​មាន​ទេ​ព្យ​កោសល្យ និង​ប្រាជ្ញា​ឈ្លាសវៃ​ពី​កំណើត​នោះទេ។ ភាគច្រើន​នៃ​សិស្ស​និស្សិត​ដែល​រៀន​ពួ​កែ ទទួលបាន​ពិន្ទុ​ល្អ គឺ​សុទ្ធតែ​មកពី​ការ​ខំព្យាយាម​រៀនសូត្រ​ដោយមាន​គោលការណ៍​ច្បាស់លាស់។ ពួកគេ​មិនមែន​រៀន​ដោយ​គ្មាន​របៀប ឬ​គ្មាន​បច្ចេកទេស​នោះទេ។ តើ​បច្ចេកទេស​រៀន​ឲ្យ​ពូកែ​មាន​អ្វីខ្លះ?



១. គោរព​វិន័យ​ឲ្យ​បាន​ត្រឹមត្រូវ៖ ត្រូវមាន​វិន័យ​នៅក្នុង​ខ្លួន និង​ត្រូវគោរព​វិន័យ​សាលា​ឲ្យ​បាន​ត្រឹមត្រូវ គឺ​មក​រៀន​ឲ្យ​បាន​ទៀងទាត់ អនុវត្តន៍​តាម​បទបញ្ជា​របស់​សាលា និង​អ​វុត្ត​ន៍​រាល់​កិច្ច​ការដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ។ ជាពិសេស ត្រូវគោរព​និង​ឲ្យ​តម្លៃ​លោកគ្រូ អ្នកគ្រូ​របស់​អ្នក។ 

២. រៀប​កាលវិភាគ​រៀន​ឲ្យ​បាន​ច្បាស់៖ អ្នក​ត្រូវ​រៀបចំ​កាលវិភាគ​សម្រាប់​រៀន​នៅ​សាលា និង​រៀន​នៅផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​អនុវត្តន៍​តាម​កាលវិភាគ​ដែល​អ្នក​បានកំណត់​នោះ​ឲ្យ​បានជា​ប់លាប់ ដោយ​ចៀសវាង​នូវ​យក​ហេតុផល​ឬ​យក​លេស​ថា រវល់​ធ្វើ​នេះ រវល់​ធ្វើ​នោះ នោះទេ។

៣. ស្រាវជ្រាវ​មេរៀន​បន្ថែម៖ ពឹង​ផ្អែកលើ​ឯកសារ ឬ​ខ្លឹមសារ​មេរៀន​ដែល​របស់​គ្រូ​តែមួយ​មុខ មិន​គ្រប់គ្រាន់​ឡើយ គឺត្រូវធ្វើ​ការស្រាវជ្រាវ​តាម​បណ្ណាល័យ តាម​អ៊ី​ន​ធើ​ណេ​ត និង​អាន​សៀ​ភៅ​ទាក់ទិន​នឹង​មេរៀន​ដែល​អ្នក​កំពុង​សិក្សា​ឲ្យ​បាន​ច្រើន​កាន់តែ​ល្អ។

៤. បង្កើត​ក្លឹប​ស្វ័យ​សិក្សា៖ អ្នក​ត្រូវបង្កើត​ក្លឹប​ស្វ័យ​សិក្សា​ជាមួយ​មិត្តភក្តិ​ឲ្យ​បាន​ច្រើន គឺ​ក្នុងចំណោម​មិត្តភក្តិ​របស់​អ្នក​មិន​ប្រាកដថា ពួ​គេ​រៀន​ពូកែ​គ្រប់មុខ​វិជ្ជា​ដូចគ្នា​នោះទេ។ ដូច្នេះ អ្នកណា​ពូកែ​គណិត​ឲ្យ​គេ​ជួយ​បង្រៀន​គណិត អ្នក​ពូកែ​អក្សរសាស្ត្រ​ឲ្យ​គេ​ជួយ​បង្រៀន​អក្សរសាស្ត្រ​ដល់​មិត្តភក្តិ​ដទៃ​ដែល​មិន​ពូកែ។ លើសពីនេះទៅទៀត ត្រូវ​ចេះ​បង្កើត​ចំណោទ បង្កើត​សំណួរ រួច​នាំគ្នា​ជួយ​ស្វែងរក​ចម្លើយ នោះ​ប្រាកដជា​ចេះ​ទាំងអស់គ្នា​ជាមិនខាន។ 

៥. ខំរៀន​មុខវិជ្ជា​ខ្សោយ​ឲ្យ​បាន​ច្រើនជាងគេ៖ ជាទូទៅ​សិស្ស​ណា​រៀន​ពូកែ​មុខវិជ្ជា​ណា គឺ​ពួកគេ​ចូលចិត្ត​រៀន​តែ​មុខ​វិ​ជ្ជ​នោះ។ ផ្ទុយ​មកវិញ អ្នក​មិន​ត្រូវធ្វើ​ដូច​ពួកគេ​ឡើយ គឺ​ត្រូវ​គិតថា​មុខវិជ្ជា​ណា​ដែល​ខ្លួន​រៀន​ខ្សោយ​ជាងគេ គឺ​ត្រូវ​ខំរៀន​មុខវិជ្ជា​នោះ​ឲ្យ​បាន​ច្រើនជាង​មុខវិជ្ជាផ្សេងៗទើប​អាចធ្វើ​ឲ្យ​អ្នក​ក្លាយជា​សិស្ស​ពូកែ​បាន។

៦. យកចិត្តទុកដាក់​ស្តាប់​គ្រូ​ពន្យល់៖ អ្នក​ត្រូវ​យកចិត្តទុកដាក់ តាមដាន​ការពន្យល់​របស់​គ្រូ​ឲ្យ​បាន​ច្បាស់ ត្រូវ​កត់ត្រា ឬ គូស​ចំណាំ​នូវ​ចំណុចសំខាន់ៗឲ្យ​បាន​ច្បាស់។ ជាពិសេស ត្រូវ​ហ៊ាន​បង្កើត​សំណួរ​សួរ​គ្រូ​នូវ​ចំណុច​ណា​ដែល​មិនសូវ​ច្បាស់ ឬ​មិន​យល់។

៧. រាប់អាន​មិត្តភក្តិ​ដែល​ល្អ​និង​រៀន​ពូកែ៖ កាលណា​មាន​មិត្ត​ភក្តីល្អៗនិង មាន​មិត្តភក្តិ​ដែល​រៀន​ពូកែ​កាន់តែច្រើន នោះ​អ្នកនឹង​ខំរៀន ខំ​ធ្វើខ្លួន​ឲ្យ​ល្អ ឲ្យ​ត្រឹមត្រូវ​ដូច​មិត្ត​របស់​អ្នកជា​ពុំខាន ព្រោះ​ប្រសិនជា​អ្នក​មិនអាច​ធ្វើខ្លួន​ឲ្យ​ត្រូ​ម​ត្រូវ​ដូច​គេ ឬ​រៀន​មិន​ពូកែ​ដូច​គេ នោះ​អ្នក​ប្រាក់​ជាមាន​អារម្មណ៍​ខ្មាស​ខ្លួនឯង និង​ខ្មាស​មិត្តភក្តិ​របស់​អ្នក។ ហើយ​អ្នក​ក៏​មិនអាច​ដើរ​ក្នុងចំណោម​ពួកគេ​បានដែរ ព្រោះ​ពួកគេ​ជា​ក្រុម​អ្នករៀន​ពួ​កែ។

៨. សម្រាកលំហែ​ខួរក្បាល​ឲ្យ​បានល្អ៖ មិនត្រូវ​បង្ខំ​ខ្លួនឯង​ឲ្យ​រៀន​រហូត​នោះទេ គឺ​ត្រូវយក​ពេល​សម្រាក និង​ដើរ​កម្សាន្ត​នៅ​កន្លែង​ដែលមាន​បរិ​យា​កាល​ល្អ ខ្យល់​បរិសុទ្ធ ដើម្បី​លំហែ​ខួរក្បាល​ឲ្យ​មាន​អារម្មណ៍​ស្រស់ថ្លា នោះ​ខួរក្បាល​របស់​អ្នកនឹង​ឆាប់​ទទួល​និង ចាប់យក​មេរៀន​បាន​យ៉ាង​ឆាប់រហ័ស ហើយ​ចងចាំ​បានយូរ​ទៀតផង។

៩. ញ៉ាំ​អាហារ​ដែលមាន​ប្រយោជន៍​ដល់​សុខភាព៖ អ្នក​ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​អាចជួយ​បំប៉ន​ខួរក្បាល​ឲ្យ​មាន​ប្រាជ្ញា​ឈ្លាសវៃ និង​រាងកាយ​មាំមួន​បានល្អ នោះ​អ្នក​នឹងមាន​កម្លាំង និង​មាន​អារម្មណ៍ល្អ​ក្នុង​ការខិតខំ​រៀនសូត្រ​បន្តទៀត​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com