កីឡាអន្តរជាតិ
អន្តរជាតិ
ប្រដាល់ប្រចាំសតវត្ស Floyd Mayweather-Manny Pacquiao នាព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីជំនួបរវាងស្តេចប្រដាល់ Muhammad Ali និង Joe Frazier នៅលើសង្វៀនក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៧៥ ព្រឹត្តិការណ៍ប្រដាល់ដែលមានឈ្មោះថា «Battle for Greatness» ឬ «The Fight of the Century» វិលមកសារជាថ្មីម្តងទៀតនៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា រវាង Floyd Mayweather និង Manny Pacquiao នៅសង្វៀន MGM Gtand Garden Arena ក្នុងក្រុងឡាសវេហ្កាស សហរដ្ឋអាមេរិក។
ជំនួបដណ្តើមខ្សែក្រវាត់ពិភពលោក (Welterweight) ទម្ងន់ជាង៦៦គីឡូក្រាម រវាងស្តេចប្រដាល់អាមេ រិក Floyd “Money” Mayweather និងស្តេចប្រដាល់ហ្វីលីពីន Manny “Pac-Man” Pacquiao ទាក់ទាញអ្នកនិយមទស្សនាកីឡាប្រដាល់លើពិភពលោកយ៉ាងខ្លាំង។
Floyd អាយុ៣៨ឆ្នាំ កំពុងគ្រប់គ្រងតំណែងជើងឯកពិភពលោកចំនួន៥ (5-division World champion) ដោយមានប្រវត្តិប្រកួតចំនួន៤៧លើក ឈ្នះទាំង៤៧លើក និងផ្តួលដៃគូឲ្យសន្លប់ចំនួន២៦លើក។ ចំណែក Pacquiao អាយុ៣៦ឆ្នាំ គ្រប់តំណែងជើងឯកពិភពលោករហូតដល់ទៅ៨ (8-division world champion) ដោយប្រកួតបាន៦៤លើក ឈ្នះ៥៧លើក (ធ្វើឲ្យប្រកួតសន្លប់៣៨លើក) ចាញ់៥លើក និងស្មើ២លើក។
កីឡាករទាំងពីរសុទ្ធតែមានប្រវត្តិបំបាក់កីឡាករឆ្នើមៗចំនួន៥ (Famous Five) លើពិភពលោក ដែលក្នុងនោះមាន Juan Manuel Marquez, Ricky Hatton, Oscar De La Hoya, Shane Mosley និង Miguel Cotto។
បើតាម CNN ការផ្គូផ្គងកីឡាករទាំងពីរនេះ បានចំណាយពេលអស់រយៈពេលប្រមាណ៥ឆ្នាំ។ ចំណូលដែលទទួលបានពីការរៀបចំឲ្យមានជំនួបនៅថ្ងៃអាទិត្យនេះ ត្រូវបានគេរំពឹងថា នឹងចាប់ពី៣០០លាន ទៅ៤០០លានដុល្លារអាមេរិក។ សំបុត្រដែលថោកបំផុតមានតម្លៃ១៥០០ដុល្លារអាមេរិក ហើយឡើងដល់៨០០០ដុល្លារ ៤០០ ០០០ដុល្លារ និង៥០០ ០០០ដុល្លារអាមេរិក។
ទូរទស្សន៍នៃបណ្តាប្រទេសជាង៥០ធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ប្រកួតនេះ ដែលក្នុងនោះមានទូរទស្សន៍ CTN/CNC របស់កម្ពុជាផងដែរ។ ក្រៅពីជំនួបដ៏ធំនេះ មានជំនួបចំនួន៦ប្រកួតផ្សេងទៀតនៅលើសង្វៀន MGM Grand Garden Arena ដោយចាប់ផ្តើមពីម៉ោង៨ព្រឹក (ម៉ោងនៅកម្ពុជា)៕
© រក្សាសិទ្ធិដោយ thmeythmey.com