ជាតិ
សង្គមជាតិ
ទ​ទក ត្រៀម​ផ្សាយ​ផ្ទាល់​ឡើងវិញ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ពី​ខេត្តបាត់ដំបង
03, May 2015 , 7:15 pm        
រូបភាព
ក្រុមការងារ​ទូរទស្សន៍​ជាតិ៣៥នាក់​ត្រូវ​ចេញដំណើរ​ទៅ​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី៤ឧសភា​នេះ ដើម្បី​ត្រៀម​រៀបចំ​ការផ្សាយ​ផ្ទាល់«ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល» ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​ព្រះរាជអធិបតីភាព​ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី។



ព្រះរាជ​ពិធី ច្រត់ព្រះនង្គ័ល​នៅ​ខេត្តកំពង់ចាម និង​នៅ​ក្រុង​តាខ្មៅ ២ឆ្នាំ​ជាប់​គ្នា​កន្លងទៅ មិនមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ដូច​ឆ្នាំ​នេះឡើយ។ ប៉ុន្តែ​ព្រះរាជ​ពិធី​ដែល​ត្រូវ​រៀបចំឡើង​ឆ្នាំ​ទី៣នៅតាម​ខេត្ត ពោលគឺ​ខេត្តបាត់ដំបង​សម្រាប់​ឆ្នាំនេះ ទូរទស្សន៍​ជាតិ​នឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​នេះ​ពី​ទីវាល​ព្រះ​ស្រែ ដែល​ត្រូវ​រៀបចំ​នៅលើ​ទីលាន​បាល់ទាត់​របស់​ខេត្ត។

លោក កឹម គុណ​វឌ្ឍន៍ អគ្គនាយក​នៃ​ទូរទស្សន៍​ជាតិ​ដែល​ត្រូវ​ដឹកនាំ​ក្រុមការងារ​ផ្សាយ​ផ្ទាល់​នេះ​បាន​ពន្យល់​ប្រាប់​សារព័ត៌មានថ្មីៗ អំពី​ការសម្រេច​ការផ្សាយ​ផ្ទាល់​ពី​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ពី​ខេត្ត​ឡើងវិញ​នេះ ដោយ​ភ្ជាប់​ទៅនឹង​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ។ លោក កឹម គុណ​វឌ្ឍន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«យើង​បំរើ​សំណូមពរ​ប្រជាពលរដ្ឋ និង​ដោយមាន​ការណែនាំ​អនុវត្ត​ពី​ក្រសួង និង​ពី​គណ:ក​ម្មា​ធិ​ការរៀបចំ​បុណ្យជាតិ អន្តរជាតិ។ ការផ្សាយ​ផ្ទាល់​នេះ ធ្វើតាម​បណ្តាញ​កាប​អុ​ប​ទិច​ពី​បាត់ដំបង​មក​ភ្នំពេញ»។

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ​ឡើង​រាល់​ឆ្នាំ​ដើម្បី​សម្គាល់​រដូវ​ចាប់ផ្តើម​ធ្វើស្រែ​ចម្ការ​រប​ស់​កសិករ​ខ្មែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com