ជាតិ
សង្គមជាតិ
កំពង់ធំ កំពុងអភិវឌ្ឍន៍ផ្លូវថ្នល់ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ
× កំពង់ធំ៖ បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ក្នុងខេត្តកំពង់ធំ មានការរីកចម្រើនគួរកត់ឱ្យសម្គាល់ ក្រោយពីការខិតខំអភិវឌ្ឍរបស់ថ្នាក់ដឹកនាំខេត្តក្រុង។ អ្វីដែលគួរកត់សម្គាល់នោះ គឺមន្ទីរសាធារណការខេត្តមានគម្រោងប្រចាំឆ្នាំ សម្រាប់អភិវឌ្ឍផ្លូវទាំងនោះ។ ពីមុនមានផ្លូវដែរ ប៉ុន្តែជាផ្លូវលំចាស់ៗ ឥឡូវបានផ្លាស់ជាផ្លូវចាក់កៅស៊ូ ឬបេតុង ដែលបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍។
«នាពេលឆាប់ៗ ខាងមុខនេះ យើងនឹងបញ្ចប់ការដ្ឋានធ្វើផ្លូវចាក់កៅស៊ូ ដែលមានបណ្តោយ នៅប្របមាត់ស្ទឹង។ ផ្លូវកំពង់ក្របៅនេះ មានបណ្តោយជិត២គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ ដែលជាចំណាយរបស់រដ្ឋ ចំនួន១ពាន់៦០លានរៀល»។ នេះបើតាមការឱ្យដឹងរបស់លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ លោក ជូ កុល្លា។ លោក កុល្លា បន្តថា ក្រៅពីនេះក៏មានគម្រោងផែនការប្រចាំឆ្នាំនោះ មានដូចជា ការជួសជុលផ្លូវកំពង់រទេះ ប្រវែង១គីឡូម៉ែត្រកន្លះ និងផ្លូវលេខ៧១ មានប្រវែងជាង៤គីឡូម៉ែត្រ ចាក់ពីផ្លូវជាតិលេខ៦ សំដៅទៅត្រើងក្នុងខេត្តកំពង់ចាម។
លោកបន្តថា៖«បន្ថែមពីនេះ យើងក៏មានផែនការបន្ទាន់ចំនួនបី ដែលធ្វើនាពេលឆាប់ខាងមុខនេះ ដូចជា ទីមួយផ្លូវ២៦៤អា ចាក់ពីរំលង សំដៅទៅផ្លូវលេខ៧១ ទី២ ផ្លូវក្នុងក្រុងស្ទឹងសែន នៅម្តុំដំរីជាន់ខ្លា និងទីបី ផ្លូវនៅក្បាលស្ពានកំពង់ឈើទាល ដែលកំពុងទទួលរងការខូចខាតស្ថិតក្នុងភូមិកំពង់ឈើទាល។ នេះជាគម្រោង អាទិភាពក្នុងឆ្នាំ២០១៥»។
មានបទពិសោធន៍ក្នុងការងារនៅមន្ទីរសាធារណការ ជាង១២ឆ្នាំមកហើយ លោកប្រធានក៏បានបន្តថា លោកក៏សង្កេតឃើញដែរថា ផ្លូវជាតិលេខ៦ កំពុងដំណើរការសាងសង់ដោយក្រុមហ៊ុនតៃវ៉ាន់ធ្វើបានឆាប់រហ័ស ហើយផ្លូវក៏មាំទាំជាងមុន ប៉ុន្តែលោកក៏មិនបានដឹងច្បាស់ទេ តើគេនឹងបញ្ចប់នាពេលណានោះដែរ។ លោកក៏បានបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពង់ធំ មានការរីកចម្រើនច្រើន ហើយប្រែប្រួលលើគ្រប់វិស័យដូចជា សោភ័ណភាពក្រុង ហេដ្ឋារចនាសម្ព័ន្ធក៏រីកចម្រើនមានផ្លូវថ្នល់។ ជាក់ស្តែង ក្រោយពីការប្រកួតប្រជែងក្រុងស្អាត ក្រុងស្ទឹងសែនក៏ទទួលបានចំណាត់ថ្នាក់ទី២(រំដួល២ទង)។ នេះសុទ្ធតែមានការអភិវឌ្ឍច្រើនដែរ ទើបគេអាចវាយតម្លៃបានជាលទ្ធផលដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com