ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​បំភ្លឺការដោះស្រាយ​ជម្លោះដីធ្លីនៅកោះកុង​​ក្នុង​​គណៈកម្មការ​ទី១រដ្ឋសភា​នៅ​ថ្ងៃ៥ឧសភា
04, May 2015 , 10:03 am        
រូបភាព
លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន
លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន
ភ្នំពេញ៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​នឹង​ចូលទៅ​បំភ្លឺ​ករណី​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្តកោះកុង​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន Union development Group នៅ​ចំពោះមុខ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា​នៅ​រសៀល​ម៉ោង២ថ្ងៃទី៥ឧសភា។


ការបំភ្លឺ​ត្រូវធ្វើឡើង​តាម​ការកោះអញ្ជើញ​របស់​ប្រធាន​គណៈកម្មការ​ទីមួយ​នៃ​រដ្ឋសភា​នេះ គឺ​លោក អេង ឆៃអ៊ាង។ លោក អេង ឆៃអ៊ាង បាន​ប្រាប់​សារព័ត៌មានថ្មីៗនៅ​ព្រឹក​ថ្ងៃទី៤ឧសភា លោក​ចង់ដឹង​អំពី​ការវិវត្ត​នៃ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុងករណីនេះ ខណៈ​លោក​សង្កេតឃើញថា វា​ហាក់​មាន​ភាពស្ងាត់ស្ងៀម។

ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ដែល​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ធ្លាប់បាន​ជួបពិភាក្សា​ជាមួយ​លោក​អភិបាលខេត្ត និង​លោក​រដ្ឋមន្ត្រី​រួចហើយ លើ​ករណីនេះ ប៉ុន្តែ​ហាក់ដូចជា​គ្មានអ្វី​ទៅមុខ។ ផ្ទុយទៅវិញ ខ្ញុំ​មានតែ​ទទួល​ព័ត៌មាន​ដែលថា ក្រុមហ៊ុន​នៅតែ​បន្ត​ឈូសឆាយដី​ប្រជាជន បើទោះជា​មាន​អនុ​ក្រឹ​តរបស់​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ផ្អាក​ការ​ឈូសឆាយ​ក៏ដោយ»។

ក្រុមហ៊ុន Union Development Group បានទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ជាង៤ម៉ឺន​ហិច​តា ដែល​លោក អេង ឆៃអ៊ាង អះអាង​វា​បាន​ចូលក្នុង​ផ្ទៃដី​នៃ​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ទៀតផង។ ហើយ​ថា បើតាម​អ្នកតំណាងរាស្ត្រ​ដដែល រហូតដល់​ពេលនេះ ក្រុមហ៊ុន​បាន​កសាង​ផ្លូវ​មួយ សណ្ឋាគារ និង​កន្លែង​លេង Golf ។

«មាន​សៀវភៅ​បន្ទុក​របស់​រដ្ឋាភិបាល​ដែល​ក្រុមហ៊ុន​ចិន​នេះ​ត្រូវ​អនុវត្តតាម។ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​ធ្វើ ហើយ​ការដោះស្រាយ​ក៏​គ្មាន​ភាពយុត្តិធម៌​ដែរ។ ប្រជាជន​ជាង៣០០គ្រួសារ​ដែល​មិន​ព្រម​ទទួល​សំណង និង​ចង់​ឲ្យ​ក្រុមហ៊ុន​ឆ្វៀល​ដី​ឲ្យ​ពួកគេ ក៏​ក្រុមហ៊ុន​មិនបាន​ធ្វើ»។ នេះ​ជាការ​បញ្ជាក់​របស់លោក អេង ឆៃអ៊ាង ដោយ​បន្ថែមថា លោក​បានទទួល​ព័ត៌មាន​នានា​ដែលថា មាន​ភាពអយុត្តិធម៌​ខ្លាំង​នៅក្នុង​ការដោះស្រាយ​សំណង​ដល់​ពលរដ្ឋ​ម្ចាស់​ដី​ដែល​ព្រម​ទទួល​សំណង។ លោក អេង ឆៃអ៊ាង អះអាងថា៖«ម្ចាស់​ដី​ខ្លះ​ជា​មន្ត្រីរាជការ ដែល​ទទួលបាន​សំណង​ពេញលេញ តែ​ម្ចាស់​ដី​ខ្លះទៀត​មិនបាន​សំណង​ឡើយ។ ទាំងអស់នេះ​គឺជា​សំណួរ​ដែល​គណៈកម្មការ​ទីមួយ​នៃ​រដ្ឋសភា​នឹង​ចោទសួរ​ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់៕



© រក្សាសិទ្ធិដោយ thmeythmey.com