កីឡាជាតិ
កម្ពុជា បញ្ជូន​អត្ត​ព​លិ​ក ១៧៦ នាក់​ក្នុងចំណោម២២ ប្រភេទ​កីឡា​ទៅ​ស៊ី​ហ្គេម
04, May 2015 , 11:38 am        
រូបភាព
ដោយ:
នៅសល់​ប្រហែល​មួយខែ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី​នឹង​ចាប់ផ្ដើម​បើក​ការប្រកួត​ជា​ផ្លូវការ​ហើយ ខណៈ​កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ចំនួន ១៧៦ នាក់​លើ​ប្រភេទ ២២ កីឡា​ទៅ​ដណ្ដើម​មេដាយ។



បើ​បូកសរុប​ទាំង កីឡាករ គ្រូបង្វឹក និង ប្រតិភូ ភាគី​កម្ពុ​ជាមាន​ចំនួន​សរុប ២២៩ នាក់ ដោយ​ក្នុងនោះ​មាន កីឡា​តេ​ក្វាន់​ដូ ១៣ នាក់, ប៉េតង់ ២១ នាក់, សី​ឈិន​ឡូ​ន និង សី​ប៉ា​ក់តា​ក្រ ១៩ នាក់, ទូក​កា​ណូ​និង​ទូក​ប្រពៃណី ១៧ នាក់, វ៉ូ​សូ ៧ នាក់, យូ​ដូ ៨ នាក់, បាល់ទះ​លើ​ក្ដា ១៥ នាក់, បាល់ទាត់​បុរស ២៥ នាក់, អត្តពលកម្ម ៧ នាក់, កាយសម្ព័ន្ធ ២ នាក់, ហែល​ទឹក ៩ នាក់, ទ្រី​យ៉ា​ត្លុង ៣ នាក់, បាល់បោះ ១៥ នាក់, វាយ​កូនឃ្លី​លើ​តុ ៧ នាក់, វាយ​សី ៨ នាក់, ទោច​ក្រ​យាន្ត ៨ នាក់, គុន​ដាវ ៦ នាក់, ប្រណាំងសេះ ៦ នាក់, វាយកូនគោល ៥ នាក់ និង បាល់អោប ១២ នាក់។

ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ប្រមូលផ្ដុំ​កីឡា​ចំនួន ២២ ប្រភេទ ចាប់តាំងពី​ថ្ងៃទី ៦ មករា រហូតដល់ ៥ មិថុនា ឆ្នាំ ២០១៥ ដោយមាន​កីឡាករ​កីឡាការិនី​សរុប​ចំនួន ៣៩២ នាក់ មុន​សម្រេចយក​ជា​ផ្លូវការ ក្នុងការ​ត្រៀម​ចេញ​ស៊ី​ហ្គេម​ឆ្នាំនេះ។

ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នេះ​បានសម្រេច​ដាក់​កីឡា​ចំនួន ៣៦ ប្រភេទ ក្នុងនោះ ៤០២ វិញ្ញាសា (ស្មើនឹង ៤០២ មេដាយមាស) ឱ្យ​អត្ត​ពលិកម​ក​ពី​ប្រទេស​ចំនួន ១១ ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ធ្វើការ​ប្រកួតប្រជែង​គ្នា​ចាប់ពី​ថ្ងៃទី ៥ ដល់ ១៦ ខែ មិថុនា ឆ្នាំ ២០១៥។

កីឡា​ស៊ី​ហ្គេម គឺជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ដោយ​បង្កើតឡើង​រាល់ ២ ឆ្នាំ​ម្ដង ហើយ​ប្រទេស​ជា​សមាជិកនីមួយៗមាន​សិទ្ធិ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ។ ប្រទេស​ចំនួន ១១ ក្នុង​តំបន់​បូក​ទាំង​ទី​ម័​រ​ខាងកើត តែងតែ​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ចូល​ដណ្ដើម​មេដាយ។

កាលពី​ស៊ី​ហ្គេម​ឆ្នាំ ២០១៣ នៅ​ទីក្រុង Naypyidaw ប្រទេស​មី​យ៉ាន់​ម៉ា ភាគី​កម្ពុជា​បាន​បញ្ជូន​កីឡាករ គ្រូបង្វឹក និង ប្រតិភូ សរុប​ចំនួន ២៦៧ នាក់ លើក​វិញ្ញាសា​កីឡា​ចំនួន ២១ ប្រភេទខុសៗ គ្នា ហើយ​ដណ្ដើមបាន​មេដាយ​ចំនួន ៤៧ គ្រឿងក្នុង​នោះ​មាស ៨ ប្រាក់ ១១ និង សំរឹទ្ធិ ២៨ គ្រឿង៕


© រក្សាសិទ្ធិដោយ thmeythmey.com