ជាតិ
ពិភពតារា៖ ហេង ស្រីពេជ្រ ការងារសិល្បៈកាន់តែរត់រក
× ភ្នំពេញ៖ តារាសម្តែងដែលកាក់កបខាងតួជំទាវ កញ្ញា ហេង ស្រីពេជ្រ ចាប់តាំងពីចូលដល់ឆ្នាំ ២០១៥មកនេះ នាងកាន់តែមមាញឹកនឹងការងារសម្តែងស្ទើរតែរកពេលសម្រាកមិនបាន ទាំងសម្តែងភាពយន្ត និងថតសម្តែងចម្រៀងខារ៉ាអូខេ។
តារាសម្តែងសាច់សខ្ចី កញ្ញា ហេង ស្រីពេជ្រ ដែលមហាជនភាគច្រើនឃើញនាងសម្តែងក្នុងតួម្តាយ តួបងស្រី ពិសេសតួជំទាវនោះ ត្រូវបានគេមើលឃើញថា ចាប់តាំងពីចូលដល់ឆ្នាំថ្មី ២០១៥នេះ នាងហាក់កំពុងតែឡើងកូដយ៉ាងខ្លាំង ក្នុងអាជីពសម្តែងភាពយន្ត និងថតសម្តែងខារ៉ាអូខេ ដែលស្ទើរតែគ្រប់ផលិតកម្មធំៗក្នុងស្រុក មិនមានរំលងរូបនាងឡើយ។
ជួបសម្ភាសជាមួយ “ថ្មីៗ” តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ ម្សិលមិញនេះ នាងបានរៀបរាប់ឲ្យដឹងពីការងារសម្តែងរបស់នាងថា ចាប់តាំងពីឆ្នាំ២០១៥មក នាងបានបង្ហាញវត្តមានក្នុងខ្សែវីដេអូភាគដែលបានចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍បាយ័ន ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ក្នុងរឿង “កំលោះខ្ញុំអ្នកណាសង?” ដែលនាងដើរតួជំទាវ និងរឿងបន្តបន្ទាប់មកទៀត ដូចជារឿង “សង្សារខ្មោច” និងរឿង “បងប្អូនពីរនាក់” ជាប្រភេទរឿងដុំ, រឿង “ស្នេហ៍ពនេចរ” ជាខ្សែវីដេអូភាគបញ្ចាំងនៅស្ថានីយទូរទស្សន៍CTN នាងដើរតួជាអ្នកគ្រូពេទ្យ, រឿង “កំលោះក្តាមប្រៃ កញ្ញាស្ពៃជ្រក់” សម្រាប់ចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩ និងរឿង “ស្ទឹងស្នេហា” របស់ផលិតកម្មចក្រក្រវាឡ។
ក្រៅពីសម្តែងភាពយន្ត និងវីដេអូភាគ កញ្ញា ហេង ស្រីពេជ្រ ក៏បានចូលរួមសម្តែងចម្រៀងខារ៉ាអូខេឲ្យផលិតកម្មធំៗមានដូចជា សាន់ដេ, ថោន, ហង្សមាស និងផលិតកម្មមួយចំនួនទៀត ដែលមានរហូតដល់ទៅ៦ផលិតកម្ម និងថតស្ពតបានចំនួន៣ផងដែរ មានដូចជា ស្ពតធនាគារ ស្ពតទឹកផ្លែឈើ ហ្វ្រេសស៊ី និងស្ពតនាំកូនទៅសាលារៀន។
ស្រីពេជ្រ ក៏បានបង្ហើបឲ្យដឹងថា នាងគ្រោងនឹងថតភាពយន្តដុំពីររឿង និងខ្សែវីដេអូភាគ១រឿងផងដែរ ក្នុងរវាងពាក់កណ្តាលខែឧសភាខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com