កីឡាជាតិ
ជាតិ
លោក ឆាំង ពិសិដ្ឋ៖ សំណូមពរ​អ្នក​គាំទ្រ​គួរ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ជា​ជាង​មើល​បំណាំ
05, May 2015 , 6:30 pm        
រូបភាព
លោក ឆាំង ពិសិដ្ឋ អង្គុយក្បែរលោកគ្រូបង្វឹក Lee Tae Hoon នាព្រឹត្តិការណ៍ AFF Suzuki Cup កន្លងមក
លោក ឆាំង ពិសិដ្ឋ អង្គុយក្បែរលោកគ្រូបង្វឹក Lee Tae Hoon នាព្រឹត្តិការណ៍ AFF Suzuki Cup កន្លងមក
ដោយ:
លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​ស្នើ​សុំ​ឱ្យ​អ្នក​និយម​កីឡា​បាល់ទាត់​ជាតិ​ទាំង​អស់​មេត្តា​រិះគន់​ក្នុង​ន័យ​ស្ថាបនា ជាជាង​រិះ​គន់​​ក្នុង​ន័យ​មើល​បំណាំ។



ក្នុង​អត្ថន័យ​ទាំង​ស្រុងលោក​បាន​សរសេរ​ថា៖ «ជូន​អ្នក​គាំទ្រ និង ស្រឡាញ់​បាល់ទាត់​ជាតិ​ទាំង​អស់​ជាទី​រាប់​អាន​ ! តាំង​នាម​ឱ្យ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) និង ក្រុម​ជម្រើស​ជាតិ​យុវជន​កម្ពុជា​ ត្រៀម​ចូលរួម​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​២៨ នៅ​សិង្ហបុរី​ឆ្នាំ​២០១៥​ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ទាំង​អស់​គ្នា​ មេត្តា​ជួយ​លើក​ទឹក​ចិត្ត​ដល់​សមាជិក​ក្រុម​កីឡា​បាល់ទាត់​ជាតិ​យើង​ផង»។

«យើង​ទាំង​អស់​គ្នា​បាន​ខិតខំ​ធ្វើការ​ហាត់​ហ្វឹកហ្វឺន​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក​នៅ​ជួបជុំ​ក្រុម​គ្រួសារ​ ទាំង​បេសកកម្ម​ក្នុង និង ក្រៅ​ប្រទេស។ ការ​ប្រកួត​ផ្លូវការ​ជិត​ឈាន​ចូល​មក​ដល់​​ហើយ ហើយ​ការ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​គឺ​ជា​កត្តា​សំខាន់​ណាស់​សម្រាប់​ពួក​យើង​ខ្ញុំ​។ ដូច្នេះ​សូម​បងប្អូន​ទាំង​អស់​មេត្តា​ផ្ដល់​ជា​កម្លាំង​ចិត្ត (ស្ថាបនា) ជា​ជាង​ការ​មើល​បំណាំ (រិះគន់)។ យើង​ខ្ញុំ​ដឹង​ហើយ​ថា​ បង​ប្អូន​រិះគន់​ដើម្បី​ស្ថាបនា​(មាន​ន័យ​ដោយ​ងាយ​ថា​បងប្អូន​បញ្ចេញ​មតិ​តាម​អ្វី​ដែល​ចង់​ហើយ​នោះ​ សូម​មេត្តា​លើក​ទឹកចិត្ត​វិញ​ផង)»។ លោក ពិសិដ្ឋ បន្ថែម។

ប្រភព​ខាង​លើ​សង្កត់​ធ្ងន់​ថា៖ «យើង​ខ្ញុំ​ដឹង​ថា​បង​ប្អូន​ស្រឡាញ់​បាល់ទាត់​ជាតិ​ណាស់​ហើយ​យើង​ខ្ញុំ​ ក៏​មិន​ខុស​ពី​បងប្អូន​ឡើយ។ បង​ប្អូន​គឺ​យើង​ខ្ញុំ​ហើយ​យើង​ខ្ញុំ​ក៏​ជា​បងប្អូន​ដែរ។ដូច្នេះ​សូម​បងប្អូន​នៅ​ជាមួយ​យើង​ខ្ញុំ​ទាំង​យើង​ខ្ញុំ​ទទួល​ជ័យជំនះ​ក៏​ដូចជា​បរាជ័យ​ ដើម្បី​អភិវឌ្ឍ​បាល់ទាត់​ជាតិ​យើង​ទាំង​អស់​គ្នា»។

ក្រុម U-23 កម្ពុជា​បាន​​ត្រឡប់​មក​​ប្រកួត​មិត្តភាព​​អន្តរជាតិ​កម្ដៅ​សាច់ដុំ​​ជាមួយ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ចំនួន ២ ប្រកួត​កាល​ពី​​ថ្ងៃ​ទី ២ ខែ ឧសភា ខណៈ​ប្រកួត​បន្ទាប់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី​​ជួប​ក្រុម U-23 កូរ៉េខាងត្បូង នៅ​ទីក្រុង​ហូជីមិញថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៥ និង​ប្រកួត​​ទី២ ​ត្រូវ​ជួប​ឈុត U-23 របស់​ក្រុម​ខេត្ត Đồng Tâm Long An នៅ​ថ្ងៃទី ១៥ ខែ ឧសភា។

ងាក​ទៅ​កីឡា​ស៊ីហ្គេម​វិញ ក្រុម U-23 កម្ពុជា ស្ថិត​ក្នុង​ពូល A ជាមួយ​ម្ចាស់​ផ្ទះ​សិង្ហបុរី, មីយ៉ាន់ម៉ា, ហ្វីលីពីន និង ឥណ្ឌូណេស៊ី ហើយ​ពូល B មាន ថៃ, ម៉ាឡេស៊ី, វៀតណាម, ឡាវ,​ប្រ៊ុយណេ និង ទីម័រខាងកើត។ ប្រកួត​បើក​ឆាក​កម្ពុជា ជួប ហ្វីលីពីន នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០១៥ វេលា​ម៉ោង​ ៨:៣០ នាទី​យប់ (ម៉ោង ៧:៣០នាទី នៅ​កម្ពុជា) នៅ​កីឡដ្ឋាន​Jalan Besar Stadium៕



© រក្សាសិទ្ធិដោយ thmeythmey.com