ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អគ្គនាយក​អាជ្ញាធរ​អប្សរា៖ ការកំណត់​ចំនួន​ភ្ញៀវ​ឡើង​បា​កា​ន្ត​គឺ​ដើម្បី​សង្គ្រោះ​ប្រាសាទ
05, May 2015 , 8:49 pm        
រូបភាព
រួតបាកាន្តនៃប្រាសាទអង្គរវត្ត
រួតបាកាន្តនៃប្រាសាទអង្គរវត្ត
សៀមរាប៖ ប្រតិកម្ម​របស់​មគ្គុទ្ទេសក៍​ទេសចរណ៍​បាន​ផ្ទុះឡើង​សាជាថ្មី ទៅលើ​ការកំណត់​ចំនួន​ភ្ញៀវ​ឡើង​ទស្សនា​រួត​បា​កា​ន្ត​នៃ​ប្រាសាទអង្គរវត្ត។ មានការ​ឈ្លោះប្រកែក​គ្នាខ្លាំងៗកាលពី​ថ្ងៃទី៤ ឧសភា ដោយ​ក្រុម​មគ្គុទ្ទេសក៍ និង​បុគ្គលិក​នៃ​អាជ្ញាធរ​អប្សរា ដែល​តម្រូវ​ឲ្យ​ភ្ញៀវ​តម្រង់​ជួរ​យក​លេខ​រៀង​ឡើង​បា​កា​ន្ត។ ជុំវិញ​បញ្ហា​នេះ អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា បាន​ពន្យល់ថា ការកំណត់​នេះ​មាន​រយៈពេល​យូរ​មកហើយ ដែល​លោក​មិន​យល់​ចំពោះ​ការបញ្ចេញ​ប្រតិ​កម្មនេះ។ មិន​យល់​ព្រោះថា ចាប់ពី​អនុវត្ត​គោលការណ៍​តាំងពី​ឆ្នាំ២០១០មក មិន​ធ្លាប់​មានមតិ​រិះគន់​នោះ ហេតុអ្វី​ទើប​ពេលនេះ​មាន​បញ្ហា។ តាម​ការបញ្ជាក់​របស់​លោក ប៊ុន ណា​រិ​ទ្ធ ការអនុវត្ត​គោលការណ៍​ខាងលើ គឺ​ដើម្បី​សង្គ្រោះ​បា​កា​ន្ត ដែលមាន​សភាព​ទ្រុឌទ្រោម​ហើយ​នោះ។




យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា​ស្តីពី​ការកំណត់​ភ្ញៀវ​ឡើង​បា​កា​ន្ត គឺ​ចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ខែមករា ឆ្នាំ២០១០មក​ម្លេះ។ ក្នុង​សេចក្តី​ជូន​នោះបាន​បញ្ជាក់ថា ភ្ញៀវ​ដែល​ឡើង​ត្រូវមាន​សុខភាព​ល្អ សំលៀកបំពាក់​សមរម្យ និង​មាន​អាយុ​ចាប់ពី១២ឆ្នាំ​ឡើង។ ត្រូវ​ចុះឈ្មោះ​យក​លេខ​រៀង ហើយ​ពេល​ទស្សនា​មិនត្រូវ​លើសពី១០០នាក់ និង​មាន​រយៈពេល​មិន​លើសពី៣០នាទី​ឡើយ។ ដោយឡែក​សម្រាប់​ថ្ងៃសីល ត្រូវ​បិទ​ការ​ទស្សនា។

សម្រាប់​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​វិញ​យល់ថា អាជ្ញាធរ​អប្សរា​មិនបាន​អនុវត្ត​គោលការណ៍​ឡើង​បា​កា​ន្ត​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ។ ការកំណត់​ម៉ោង​ដល់​ភ្ញៀវ មិន​ត្រឹមត្រូវ ដោយសារ​មាន​ភ្ញៀវ​ខ្លះ​ដើរ​លើស​ពេលវេលា ហើយ​លើ​បា​កា​ន្ត​នោះ​សោត ពុំមាន​បុគ្គលិក​អប្សរា​មើល​ការខុសត្រូវ​ជុំវិញ​បញ្ហា​នេះដែរ ដែល​បណ្តាល​ឲ្យ​ភ្ញៀវ​ដែល​រង់ចាំ​ឡើង​បន្ត មានការ​ត្អូញត្អែរ​ជាខ្លាំង។ តាម​ការបញ្ជាក់​ពី​ក្រុម​មគ្គុទ្ទេសក៍ ការកំណត់​ចំនួន​ឡើង​បា​កា​ន្ត​ធ្លាប់​អនុវត្ត​មួយរយៈ ហើយ​ក៏បាន​ផ្អាក​ទៅវិញ​ក្រោយ​មានប្រតិកម្ម។ យ៉ាងណា ការអនុវត្ត​នេះ​បាន​លេច​ជា​រូបរាង​វិញ ដែល​បណ្តាល​ឲ្យ​មានការ​ខឹងសម្បារ​ជាខ្លាំង​ពី​ក្រុម​មគ្គុទ្ទេសក៍។

ជុំវិញ​បញ្ហា​នេះ សូម​ស្តាប់​ការបកស្រាយ​របស់លោក ប៊ុន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា និង​អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មានថ្មីៗ ដែល​បាន​ជួប​សម្ភាសន៍​ផ្ទាល់​នៅ​ព្រឹក​ថ្ងៃទី៥ ឧសភា ឆ្នាំ២០១៥ ។




© រក្សាសិទ្ធិដោយ thmeythmey.com