ជាតិ
សង្គមជាតិ
សំរាម​ក្បែរ​ស្ទឹងសែន​ក្នុង​សង្កាត់​កំពង់​ក្របៅ ត្រូវបាន​សម្អាត
06, May 2015 , 3:27 pm        
រូបភាព
ដោយ:
កំពង់ធំ៖ បន្ទាប់ពី​ពិធី​ចូលឆ្នាំ​ខ្មែរ សំរាម​បាន​ក្លាយជា​បញ្ហា​ចោទ ដែល​ត្រូវ​ដោះស្រាយ សម្រាប់​ថ្នាក់ដឹកនាំ​សង្កាត់​កំពង់​ក្របៅ។ គំនរ​សំរាម​មាន​ទីតាំង​ប្រប​មាត់​ស្ទឹងសែន ជាប់​នឹង​ផ្សារ​ចាស់ ក្នុង​សង្កាត់​នេះ។



អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង​ស្ទឹងសែន​ត្រូវ​ជួបគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​គំនរ​សំរាម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត។ សំរាម​បាន​ក្លាយជា​គំនរ​ភ្នំ ចាប់តាំងពី​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ដោយ​មិនមាន​ការដោះស្រាយ។ គំនរ​សំរាម​នៅក្បែរ​មាត់​ស្ទឹងសែន បាន​បង្ក​ក្លិន​អ​សោធ​ដល់​ពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ។

«ឥឡូវនេះ បញ្ហា​សំរាម ត្រូវបាន​ដោះស្រាយ​អស់ហើយ»។ នេះ​ជាការ​បញ្ជាក់​របស់​ចៅសង្កាត់​កំពង់​ក្របៅ លោក ចាន់ ប៊ុន ដែល​ទទួលស្គាល់ថា សំរាម​នេះ​ជា​បញ្ហា​តូច​ទេ តែ​វា​បានធ្វើឱ្យ​ឈឺក្បាល។ ការយឺតយ៉ាវ​របស់​ក​ម្មករ​ប្រមូល​សំរាម តែងតែ​បង្ក​ឲ្យ​អ​សណ្តាប់ធ្នាប់ ហើយ​ថា​ប្រសិនបើ​មាន​ភ្លៀង​ទៀត​នោះ សំរាម​នឹង​រឹតតែ​រាយប៉ាយ។

ទាក់ទង​នឹង​បញ្ហា​សំរាម​ដែល​ត្រូវបាន​ទុកចោល​តាំងពី​ក្រោយ​ចូលឆ្នាំ​ខ្មែរ​មក​នោះ​លោក​ចៅសង្កាត់​កំពង់​ក្របៅ​បាន​បញ្ជាក់ថា «ដោយសារ​មានការ​កកស្ទះ​សំរាម​នេះ ថ្នាក់ដឹកនាំ​ដូចជា​លោក​អភិបាលក្រុង លោក​អធិការ​ក្រុង រួមទាំង​ខ្ញុំ​ជា​ចៅសង្កាត់ ប៉ុស្តិ៍​រដ្ឋបាល​ផង បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​ឃើញថា ពិត​ជាមាន​បញ្ហា​កកស្ទះ​សំរាម​មែន។ អ៊ីចឹង​ហើយ​យើង​បាន​ពិភាក្សា​សម្រេច​ឱ្យ​គ្រឿងចក្រ​មក​កើប​កកាយ​យកចេញ»។

បើតាម​ការបញ្ជា​ក់រប​ស់បង​ស្រី សម្ផស្ស​ដែល អាជីវករ​លក់ដូរ​នៅក្បែរ ទីតាំង​គរ​សំរាម​នោះ គាត់​ពិតជា​មាន​អារម្មណ៍​រីករាយ​ណាស់ ពេលដែល​បញ្ហា​សំរាម ត្រូវបាន​ថ្នាក់ដឹកនាំ​សង្កាត់ ដោះស្រាយ​បាន​ទាន់ពេលវេលា ហើយ​មិន​បង្ក​ផលប៉ះពាល​ដល់​អា​ជីករ​ក៏ដូចជា​ពលរដ្ឋ​ដែល​រស់​ក្បែរ​តំបន់នោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com