កីឡាជាតិ
ជាតិ
Floyd-Pacquiao៖កាសែត​បរទេស​ចាប់អារម្មណ៍​រឿង​នាយករដ្ឋមន្ត្រី​ខ្មែរ​ចាញ់​ភ្នាល់៥០០០ដុល្លារ
06, May 2015 , 8:40 pm        
រូបភាព
ដោយ: រួបរួម

ការនិយាយ​ក្រៅ​សន្ទរកថា​ជិត១០នាទី​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មិន​អស់ចិត្ត​លើ​ការសម្រេច​ក្តី​ឲ្យ Floyd Mayweatherឈ្នះ Manny Pacquiaoនា​ជំនួប The Fight of the Century បាន​ទាញ​ចំណាប់អារម្មណ៍​ជាច្រើន​ពី​សំណាក់​បណ្តាញ​ព័ត៌មាន​លើ​ពិភពលោក។ ការលើកឡើង​ទាក់ទង​នឹង​ចំនួន​ប្រាក់៥០០០ [លោក ហ៊ុន សែន មិនបាន​បញ្ជាក់ថា ដុល្លារ​អាមេរិក ឬ​ប្រាក់រៀល ឡើយ] ក្លាយជា​ចំណុចក្តៅ​របស់​បណ្តាញ​ព័ត៌មាន​នានា។



«នែ!...អា​ឈ្នះ៥០០០ អញ​អត់​ទាន់​ទូទាត់ អត់​ទាន់​ឲ្យ​លុយ​ទេ […] បើ​គិត​តាម​ការ​ភ្នាល់​ពី​ម្សិល ខ្ញុំ​ជំពាក់​លោក​ឯង ប៉ុន្តែ​អញ​មិន​ឲ្យ ចាំ​ទាមទារ​សិន...សូម​ផ្តាំ​ទៅ​អា​ប៊ីត​របស់​អាមេរិក​សុំ​ធ្វើការ​ពន្យល់ថា តើ​មូល​ហេតុអ្វី​បានជា Floyd ឈ្នះ»។ នេះ​ជាការ​លើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពិធី​មួយ​នៅ​ខេត្តពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី៤ ខែឧសភា ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​ចៅក្រម៣រូប​ដាក់ពិន្ទុ​ឲ្យ Floyd ឈ្នះ Pacquiaoនា​ជំនួប​ប្រដាល់​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​លើស​ង្វៀន​ក្នុង​ក្រុង​ឡាស​វេ​ហ្គាស សហរដ្ឋអាមេរិក។

ពាក្យ៥០០០ ដែល​គេ​ប៉ាន់​ស្មានថា លោក ហ៊ុន សែន និយាយ​សម្តៅលើ​ការ​ភ្នាល់​ចាញ់៥០០០ដុល្លារ​អាមេរិក​នោះ បានផ្តល់​នូវ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ មិនមាន​ប្រភព​ណាមួយ​បកស្រាយ​ថា លោក ហ៊ុន សែន ដាក់​ការ​ភ្នាល់​ជាមួយ​អ្នកណា​នោះឡើយ។

ព័ត៌មាន​បរទេស​ជាច្រើន​ទទួលបាន​ព័ត៌មាន​នេះ ក្រោយ​ការផ្សាយ​អត្ថបទ​ជា​ភាសា​អង់គ្លេស​របស់​កាសែត The Cambodia Daily និង​អត្ថបទ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ជាដើម។ CNBC សារព័ត៌មាន​ជំនាញ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​អាមេរិក បាន​ផ្តើម​អត្ថបទ​របស់ខ្លួន​ដោយ​សរសេរថា ជ័យជម្នះ​របស់ Floyd Mayweatherលើ Manny Pacquiaoធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ខាតបង់​លុយ ក្នុងនោះ​មាន​លោក ហ៊ុន សែន ដែលជា​មេដឹកនាំ​ប្រទេស​ម្នាក់។

The Diplomat ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បានដាក់​ចំណងជើង​ថា «លោក ហ៊ុន សែន ប្រឆាំងនឹង​ការសម្រេច​ក្តី​ក្នុងជំនួប Pacquiao-Mayweather»។ កាសែត​បាន​ផ្តោតលើ​អំណះអំណាងផ្សេងៗរបស់លោក ហ៊ុន សែន ដែល​បន្ទោស​ចៅក្រម​អាមេរិក។

Today Online របស់​សឹង្ហ​បុរី បាន​ដកស្រង់​អត្ថបទ​ទាំងស្រុង​របស់ The Financial Times ដោយ​គ្រាន់តែ​ចង់​បញ្ជាក់ប្រាប់​អ្នកអាន​របស់ខ្លួន​ថា ទឹកប្រាក់៥០០០ដុល្លារ​អាមេរិក មាន​អាត្រា​ស្មើ៧៦០០ដុល្លារ​សឹង្ហ​បុរី។ ជាមួយគ្នានេះ សារព័ត៌មាន Metro News របស់​បារាំង បាន​ភ្ជាប់​រឿងនេះ​ទៅនឹង​ស្ថានភាព​ភ្នាល់​ល្បែងផ្សេងៗនៅ​កម្ពុជា រួមមាន​កាស៊ីណូ និង​ទីតាំង​ភ្នាល់​ខុសច្បាប់​ដ៏​ច្រើនសន្ធឹក​សន្ធាប់។

បន្ថែម​លើ​ព័ត៌មាន​ដែល​ទទួលបាន​ពី Cambodia Daily កាសែត The Telegraph ដែលមាន​បណ្តាញ​នៅ​ជាច្រើន​ប្រទេស​លើ​ពិភពលោក បាន​ដកស្រង់​សម្តី​លោក ផៃ ស៊ី​ផាន មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ដែល​បាន​លើកឡើងថា ប្រសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី គឺជា​ការ​លេងសើច​ប៉ុណ្ណោះ។

រីឯ Business Insider បានកត់សម្គាល់​កាលពី​ឆ្នាំ២០១១ ថា លោកនាយក​រដ្ឋមន្ត្រី​ធ្លាប់បាន​ប្រកាស ថា គាត់​មាន​ប្រាក់ខែ​ប្រមាណ៤,៦លាន​រៀល​ក្នុង​មួយខែ។ ដូច្នេះ ការ​ភ្នាល់​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ អាច​ឲ្យ​លោក​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​សំណាក់​គណបក្សប្រឆាំង ប៉ុន្តែ​បណ្តាញ​ព័ត៌មាន​សេដ្ឋកិច្ច​ដ៏​ល្បី​មួយ​នេះ ភ្លេច​គិតថា បក្សប្រឆាំង និង​បក្ស​ដឹកនាំ​រដ្ឋាភិបាល កំពុង​អនុវត្ត​វប្បធម៌​សន្ទនា​ជាមួយគ្នា។

The Inquirer របស់​អង់គ្លេស បាន​ដកស្រង់​ព័ត៌មាន​ពី​ភ្នាក់ងារ AFP ផង និង AP ផង ដើម្បី​បង្ហាញ​អ្នកអាន​របស់ខ្លួន​ថា បុរស​ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុ​ជាជាង៣០ឆ្នាំ បាន​ភ្នាល់​យក Pacquiao ប៉ុន្តែ​លោក​មិន​សង​ប្រាក់​ភ្នាល់៥០០០ដុល្លារ​អាមេរិក​ដែលមាន​អាត្រា​ស្មើ ២២៣ ០០០ពើ​សូ របស់​ហ្វីលីពីន​នោះឡើយ។

ជាមួយ ABS-CBN News របស់​ហ្វីលីពីន ចង់បង្ហាញ​សារ​ពិសេស​ថា នាយករដ្ឋមន្ត្រី​ខ្មែរ​អត់​សងលុយ​ដើម្បី​ប្រឆាំងនឹង​ការកាត់ក្តី​ដ៏​អយុត្តិធម៌ បើទោះបីជា Pacquiao ផ្ទាល់​បាន​សារភាព​សារ​ខ្លួន​មាន​បញ្ហា​របួស​ស្មា​មុន​ការប្រកួត​ក៏ដោយ។

The Straits Times របស់​ម៉ាឡេស៊ី បាន​ដកស្រង់​ព័ត៌មាន​ទាំងស្រុង​ពី AFP ដោយ​ភ្ជាប់​រឿងនេះ​ទៅនឹង​ការ​ភ្នាល់ផ្សេងៗនៅ​កម្ពុជា​ដោយ​រាប់​ចាប់តាំងពី​ការប្រកួត​បាល់ទាត់​អង់គ្លេស ដល់​ការ​ប្រជល់មាន់។  លោក ហ៊ុនសែន ជា​អ្នក​ស្រឡាញ់​កីឡា​ម្នាក់​ជាពិសេស​បាល់ទាត់ ហើយ​គាត់​ក៏​ធ្លាប់​និយាយ​ពី​លទ្ធផល​នៃ​ការប្រកួត​មួយចំនួន​ផងដែរ។

នៅមាន​កាសែត​ជា​ភាសា​អង់គ្លេស និង​បារាំង​ជាច្រើន​ទៀត​ដូចជា​GMA News Online របស់​ហ្វីលីពីន​NDTV របស់​ឥណ្ឌា United Press International (UPI), La Nouvelle Republique, 20Minutes.fr និង Le Parisienជាដើម។ កាសែត ឬ​វេ​ប​សាយ​ទាំងនោះ ដឹកនាំ​ចំណងជើង​ប្រហាក់ប្រហែល​ថា «Mayweather-Pacquiao៖ លោក ហ៊ុន សែន មិន​ទូទាត់​លុយ៥០០០ដុល្លារ​អាមេរិក​ដែល​ភ្នាល់​ប្រដាល់​ចាញ់​នោះឡើយ»៕





© រក្សាសិទ្ធិដោយ thmeythmey.com