ពិភពតារា៖ ចរិយា ពេជ្រ កំពុង​ចាញ់​អំណាច​ទឹកប្រាក់​និង​ទ្រព្យសម្បត្តិ?
07, May 2015 , 9:43 am        
រូបភាព
ដោយ:


ភ្នំពេញ៖ តារា​សម្តែង​និង​ចម្រៀង​រលក​ក្រោយ​វ័យ២០ឆ្នាំ កញ្ញា ចរិយា ពេជ្រថ្មីៗនេះ​បែកធ្លាយ​ដំណឹង​យ៉ាង​រសើប​ថា​ត្រូវបាន​ចុះចាញ់​អំណាច​ទឹក​លុយ និង​ទ្រព្យសម្បត្តិ​របស់​សេដ្ឋី​វ័យ​ជាង៤០ឆ្នាំ​ម្នាក់ ហើយ​រូបនាង​ក៏​យល់ព្រម ប្រគល់​បេះដូង​ឱ្យគេ​រួចទៅហើយ​ដែរ។



បើតាម​ប្រភពពី​អ្នក​រួម​អាជីព​របស់​កញ្ញា ចរិយា ពេជ្រ បាន​លួច​បង្ហើប​ឱ្យដឹងថា ចំណង​ស្នេហ៍​រវាង​ចរិយា ពេជ្រ ជាមួយ​សេដ្ឋី​ម្នាក់​នោះ ទើបតែ​ចាប់ផ្តើម​ទេ ដោយសារតែ​បុរស​អ្នក មាន​លុយ​ច្រើន​រូបនោះ ព្យាយាម​តាម​សុំ​សេចក្តីស្នេហា​ពី​ចរិយា ពេជ្រ រហូត​ធ្វើឱ្យ​នាង​បាក់ចិត្ត​ចំពោះ​រូបគេ​តែម្តង ។

អ្វីដែល​គេ​បានឃើញ បានដឹង​នោះ គឺ​បុរស​មានទ្រព្យ​លំដាប់​សេដ្ឋី​ជា ប្រុស​ស្នេហ៍​គ្រា​ដំបូង​របស់​កញ្ញា ចរិយា ពេជ្រ តែង​បង្ហាញខ្លួន​មកជួប​នាង​ជាប្រចាំ និង​ធានា ចិញ្ចឹម​ស្រី​ស្អាត​ចរិយា ពេជ្រ ឱ្យ​រស់នៅក្នុង​លំដាប់​ខ្ពស់​មួយ ដែល​រូបនាង​មិន​ធ្លាប់បាន​ជួប​កន្លងមក ។ ជាងនេះទៅទៀត គេ​ថែមទាំង​ធានា​ធ្វើជា​ខ្នងបង្អែក​សម្រាប់​ជួយ​វែកផ្លូវ​ឱ្យ ចរិយា ពេជ្រ ល្បីឈ្មោះ​បាន​លឿន នៅក្នុង​អាជីព​សិល្បៈ​ទៀតផង។ ហើយ​សង្សារ​បណ្តូលចិត្ត​គ្រា​ដំបូង​របស់​ចរិយា​ពេជ្រ រូបនេះ គេ​ក៏ មិន​មានបំណង​ហាមឃាត់ ឬក៏​យក​ស្រី​ស្នេហ៍ វ័យក្មេង​របស់ខ្លួន ទៅ​លាក់​ទុកឱ្យ​សោយសុខ នៅក្នុង​ភូមិគ្រឹះ​នោះដែរ ។

តែ​គួរឱ្យ​ស្តាយ បើ តាម​ដំណឹង​ថា សេដ្ឋី​រូបនោះ មាន​ប្រពន្ធ​កូន និង​ជា​បុរស​ម្នាក់​ដែល​សម្បូរ​ស្រី​ស្នេហ៍​ច្រើន ណាស់ ។ គេ​មិនដឹងថា កញ្ញា​ចរិយា ពេជ្រ បាន ដឹង​ហើយ ឬ​នៅទេ ហើយ​គេ​ក៏​នាំគ្នា​ជួយ​ព្រួយ បារម្ភ​ពី​ស្នេហា​គ្រា​ដំបូង​របស់​ស្រី​ស្រស់​ចរិយា ពេជ្រ ផងដែរ ខ្លាច​ត្រូវ កន្លង់​រូបនេះ​ក្រេប​អស់ រសជាតិ​លម្អង​ឆ្អែតឆ្អន់​រួច​ក៏​បោះបង់​នាង​ចោល ។

ពាក់ព័ន្ធ​ទៅនឹង​ព័ត៌មាន​ថា កញ្ញា​ចរិយា ពេជ្រ មាន​សេដ្ឋី​ចិញ្ចឹម​នោះ​នៅ​មិនទាន់​សុំ​ការបំភ្លឺ រឿង​ពិត​ពី​ចរិយា ពេជ្រ នៅឡើយ​ទេ ពីព្រោះ ទូរស័ព្ទ​របស់​នាង មិនអាច​ទំនាក់ទំនង​បាន។ យើង​មិនទាន់​ហ៊ាន​សន្និដ្ឋានថា នោះ​វា​ជា​រឿង​ពិត ឬក៏​យ៉ាងណាដែរ ពីព្រោះ​អ្វីដែល​យើង​ទើប​ទទួលបាន​ពេលនេះ វា​ស្ថិតនៅក្នុង​លក្ខណៈ​មាត់ចាបមាត់ព្រាប​តែប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com