ជាតិ
សង្គមជាតិ
កាកបាទក្រហម​សៀមរាប​ទទួល​ថវិកា​ពី​សប្បុរស​ជាង៥០ម៉ឺន​ដុល្លារ​ថ្ងៃ​ខួប​ទី១៥២
07, May 2015 , 10:01 am        
រូបភាព
សៀមរាប៖ កាកបាទក្រហម​ខេត្តសៀមរាប បានទទួល​ទឹកប្រាក់​សរុប​ជាង៥០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ពី​សប្បុរសជន​នានា ក្នុង​ខួប​ទី១៥២ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា។



តាមពិតទៅ​ថ្ងៃ​ខួប​លើក​ទី១៥២ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា ឆ្នាំ២០១៥ ត្រូវ​នឹង​ថ្ងៃទី៨ ឧសភា​ស្អែក​នោះទេ តែ​សម្រាប់​បណ្តា​ខេត្ត ពិធី​នេះ​ត្រូវ​រៀបចំ​មុន ដែល​ពិធី​ធំ​នឹង​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ។ ប្រធានបទ​សម្រាប់​ឆ្នាំ២០១៥ ក្នុងការ​ប្រារព្ធ​ទិវា​កាកបាទក្រហម គឺ​កម្លាំង​មនុស្សធម៌ៈ គោលការណ៍​គ្រឹះ​ក្នុង​សកម្មភាព។

ការ​ប្រារព្ធ​ខួប​លើក​ទី១៥២ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍ​ក្រហម​នៅ​ខេត្តសៀមរាប រៀបចំឡើង​នៅ​ថ្ងៃទី៥ ឧសភា នៅ​សាល​មហា​ស្រព រ៉ូ​សា​ណា ប្រ៊​ត​វ៉េ ដែលមាន​លោក ទៀ បាញ់ ជា​តំណាង​ប្រធាន​កាកបាទក្រហមកម្ពុជា ជា​អ្នកអាន​សារលិខិត​របស់លោក​ស្រី ប៊ុន រ៉ានី នៅក្នុង​ពិធី​នៅពេលនោះ។ ក្នុង​លិខិត​នោះបាន​បញ្ជាក់ថា «ថ្វី​ត្បិត​នៅក្នុង​ឆ្នាំ២០១៤ កម្ពុជា​ពុំមាន​គ្រោះ​ជំនន់ និង​ភ្លៀង​ធ្ងន់ធ្ងរ​ដូច​ឆ្នាំ២០១៣ ក៏ដោយ ក៏​កាកបាទក្រហមកម្ពុជា នៅតែ​បាននិងកំពុង​បន្ត​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក និង​ការខ្វះខាត​នៅតាម​មូលដ្ឋាន​សហ​គគ​មន៍ ជាពិសេស យើង​បានផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនរងគ្រោះ​ដោយ​ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះ​អ​គិ្គ​ភ័យ និង​គ្រោះមហន្តរាយ​ដោយ​ប្រការផ្សេង...»។

នៅក្នុង​ពិធី​រម្លឹក​ខួប​លើក​ទី១៥២នោះដែរ សប្បុរជន​ខ្មែរ និង​បរទេស នៅក្នុង​ខេត្តសៀមរាប បាន​ឈរ​តម្រៀបជួរ​គ្នា ទម្លាក់​ស្រោមសំបុត្រ​ចូលទៅក្នុង​ហិប​កាកបាទក្រហម ដែលមាន​លោក ទៀ បាញ់ និង​ភរិយា លោក ឃឹម ប៊ុន​សុង ចាំ​ទទួល និង​ថតរូប​ជា​អនុស្សាវរីយ៍​ផង។ ក្រោយ​បញ្ចប់ អ្នករៀបចំ​ពិធី​ប្រកាសថា កាកបាទក្រហម​ខេត្តសៀមរាប បានទទួល​ថវិកា​ពី​សប្បុរសជន​ចំនួន ៥០០,៧០៧ ដុល្លារ​សហរដ្ឋអាមេរិក គិត​ទាំង​លុយ​រៀល។

យោងតាម​របាយការណ៍ ដែល​អាន​ដោយ​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ២០១៤-២០១៥ សាខា​កាកបាទក្រហម​សៀមរាប បាន​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ ដោយសារ​គ្រោះមហន្តរាយ​បាន​ចំនួន ៦៥៦ករណី ដោយមាន​អ្នកស្លាប់​ចំនួន ៤៥នាក់ និង​រងរបួស ១៨នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com