កីឡាជាតិ
ជាតិ
ប្រធាន​ក្រុម U-23 ចង់បាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី FFC និង​ការលើក​ទឹក​ពី​អ្នកគាំទ្រ​
07, May 2015 , 11:26 pm        
រូបភាព
ដោយ: រួបរួម
តាមរយៈ​លិខិត​ចំហរ​មួយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ថ្ងៃទី៧ ខែឧសភា កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ប្រធាន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ២៣ឆ្នាំ បានបង្ហាញ​អារម្មណ៍ និង​សំណូមពរ​មួយចំនួន​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) និង​ក្រុម​អ្នកគាំទ្រ។



ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon ក្រុម U-23 កម្ពុជា​កំពុង​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃទី៣១ ខែឧសភា ខាងមុខ។ ក្នុងនាម​ជា​ប្រធាន​ក្រុម កីឡាករ​ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​ទើប​ឈានចូល​វ័យ២១ឆ្នាំ បានស្នើ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ឲ្យ​ជួយ​ផ្គត់ផ្គង់​ឲ្យ​បាន​ពេញលេញ​ទាំង​ប្រាក់ឧបត្ថម្ភ អាហារ​បំប៉ន សម្ភារៈ និង​ការលើកទឹកចិត្តផ្សេងៗ មិន​ថា​ជាការ​ប្រកួត​សាកល្បង​បច្ចេកទេស ឬ​ការប្រកួត​ក​ផ្លូវការ​នោះឡើយ។

ស្របពេល​ជាមួយគ្នា ប្រាក់ មុន្នី​ឧ​ត្ត​ម​ដែល​ទទួលបាន​ស្បែ​កមាស ខណៈ​ក្លិប​ស្វាយរៀង​របស់គេ​ឈ្នះ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ បាន​សំណូមពរ​ដល់​ក្រុម​អ្នកគាំទ្រ​មួយចំនួន​ឲ្យ​បង្វែរ​ពី​ការ​តិះ​ទៀន បន្តុះបង្អាប់ មកជា​ការលើកទឹកចិត្ត​គាំទ្រ​វិញ។

យុវជន​ដែល​កើតចេញពី​គ្រួសារ​កីឡា​រូបនេះ បានសរសេរថា៖ «ការប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​ប៉ុន្មាន​ប្រកួត​មកនេះ​ពួកយើង​បាន​ខិតខំ​ខ្លាំងណាស់ បើទោះជា​ពួកយើង​បាន​លេង​ទៅហើយ​មិនបាន​ការសរសើរ លើកទឹកចិត្ត​ប៉ុណ្ណោះ​ទេ តែ​បែរជា​ចោទ​ពួកយើងខ្ញុំ​ថា​មានគំនិត​មិនល្អ​ក្នុងការ​ប្រកួត​ជាដើម»។

ឧ​ត្ត​ម បាន​អះអាងថា ការលេង​ក្នុង​ឈុត​ជម្រើស​មាន​សម្ពាធ​យ៉ាងខ្លាំង​បើ​ប្រៀបធៀប​នឹង​ការលេង​ឲ្យ​ក្លិប។ «បើ​ការលេង​ឲ្យ​ជម្រើសជាតិ បាន​លទ្ធផល​ល្អ​នោះ គឺ​មិនមាន​អ្វី​ជា​សម្ពាធ​ទេ តែបើ​ចាញ់​គឺ ច្បាស់​ជា​លឺសូរ​តែ​ពាក្យ​មិនគួរ​គប្បី​ពី​សំណាក់​បងប្អូន​អ្នកគាំទ្រ​មួយចំនួន​មិន​ខាន។ ដោយហេតុនេះ ពួកយើង​សឹងតែ​នឹង​អស់​ទឹកចិត្ត​ក្នុង​ការលេង​ឱ្យ​ជម្រើសជាតិ​ណាស់»។ នេះ​ជាការ​បរិយាយ​បន្ថែម​របស់​ប្រធាន​ក្រុម។

នៅក្នុង​លិខិត​ចំហរ​ដ៏​វែង​ដែល​មិន​ធ្លាប់មាន​ពីមុន ឧ​ត្ត​ម បង្ហាញ​នូវ​ការ​អន់ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ក្រុម​អ្នកគាំទ្រ​មួយចំនួន​ដែល​តែងតែ​តិះដៀល​ក្រុម​កីឡាករ​នៅពេល​ពួកគេ​ប្រកួត​ចាញ់។ ខ្សែបម្រើ​រូបនេះ​ដែលជា​ក្មួយប្រុស​បង្កើត​របស់​អតីត​គ្រូបង្វឹក​ជម្រើសជាតិ លោក ប្រាក់ សុវណ្ណារ៉ា បាន​ត្អូញត្អែ​ថា ការហ្វឹកហាត់​នៅ​ក្រុម​ជម្រើសជាតិ បាន​បង្ខំ​ឲ្យ​ពួកគេ​ឃ្លាត​ពី​ផ្ទះ ចាក​ឆ្ងាយ​គ្រួសារ និង​ខកខាន​ការរៀនសូត្រ។

ឧ​ត្ត​ម បាន​តាំងចិត្ត​ជំនួស​ក្រុម​ទាំងមូល​ថា៖ «ពួកយើង​ជិត​ទៅ​ប្រកួត​តំណាង​ឲ្យ​ជាតិ​យើង​ហើយ ដូច្នេះ​ពួកយើង​គ្មានអ្វី​ក្រៅ​តែ​អំពី​ខិតខំ​ហ្វឹកហាត់​ដើម្បី​ទទួល​នូវ​លទ្ធផល​ល្អ​យក​ត្រលប់មក​ជូន​ជាតិ​មាតុភូមិ​យើង​វិញ ។ ពួកយើង​សូម​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ធ្វើការ​នៅលើ​ទីលាន​ឱ្យ​អស់ពី​សមត្ថភាព»។

សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នាពេលខាងមុខ U-23 កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានកំណត់​គោលដៅ​ឲ្យ​ក្រុម​ឆ្លង​ចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក បើតាម​លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ៕



© រក្សាសិទ្ធិដោយ thmeythmey.com