កីឡាជាតិ
ជាតិ
ឈុត World Cup កម្ពុជា ចេញ​ប្រកួត​មិត្តភាព​លើកដំបូង នៅ​ម៉ោង ៤ រសៀល​ថ្ងៃនេះ
10, May 2015 , 8:30 am        
រូបភាព
ដោយ:

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែលជា​ឈុត​ត្រៀម​ប្រកួត​ជម្រុះ​ពានរង្វាន់ FIFA World Cup 2018 វគ្គ​ជម្រុះ​ជុំ​ទី២ ប្រចាំ​ទ្វីបអាស៊ី បានចេញ​យុទ្ធនា​ការប្រកួត​សាកល្បង​សមត្ថភាព​របស់ខ្លួន​ជា​លើកដំបូង ក្រោយពេល​ប្រមូលផ្ដុំ​អស់​មួយរយៈ​ពេល​មក នៅ​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី។



ក្រុម​កម្ពុជា ត្រូវ​ជួប​ប្រកួត​មិត្តភាព​ជាតិ​ជាមួយ​ក្រុម Cambodia Tiger (អតីត ត្រាយ​អាស៊ី​ភ្នំពេញ) នៅវេលា​ម៉ោង ៤ ល្ងាច​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៥ នេះ នៅ​ទីលាន​បាល់ទាត់​ស្មៅ​សិប្ប​និមិត្ត​វេ​ស្ទើ​ន លើ​ទឹកដី​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

លោកគ្រូ​បង្គោល​បណ្ដោះអាសន្ន​ជនជាតិ​ជប៉ុន Ohara Kazunori បាន​ប្រមូលផ្ដុំ​កីឡាករ ៤០ នាក់​កាលពី​ចុងខែ​មេសា កន្លង​ទៅដោយ​ប្រើពេល ៥ ថ្ងៃ​ជម្រុះ​យកតែ ២៥ នាក់​ហ្វឹកហាត់​រួមគ្នា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ប្រកួត​ដំបូង​នៅ​វគ្គ​ជម្រុះ FIFA World Cup ជាមួយ​សិង្ហ​បុរី និង អា​ហ្វ​ហ្គា​នី​ស្ថាន។

តាម​គម្រោង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បញ្ជូន​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ថៃ និង ហ្វីលីពីន មក​ការប្រកួត​ជម្រុះ​ពានរង្វាន់​លំដាប់​ពិភពលោក មកដល់។

បើ​និយាយ​ពី​ជម្រុះ FIFA World Cup 2018 ក្រុម​កម្ពុជា ត្រូវ​ជួប សិង្ហ​បុរី នៅ​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ម៉ោង ៤ រសៀល និង​បន្តធ្វើ​ម្ចាស់​ផ្ទះមួយ​ប្រកួត​ដោយ​ប៉ះ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន នៅវេលា​ម៉ោង ៦:៣០ នាទី​យប់​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៥ ៕




© រក្សាសិទ្ធិដោយ thmeythmey.com