ជាតិ
ខ្មែរ​កំពុង​បាត់បង់​ពូជឈើ​ហូប​ផ្លែ​មួយចំនួន
22, Apr 2018 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេលដែល​ពលរដ្ឋ​ខ្មែរ​បានដាក់​ទុន​ដាំ​ពូជ​ស្វាយកែវ​ល្មៀត តា​ង៉ែ​ន ឬ​ស្រកានាគ​ដែលជា​ដំណាំ​ប្រភេទ​ពា​ណិ​ជ្ចក​ម្ម ឬ​ជា​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​បរទេស​ផង​នោះ កសិករ​ខ្មែរ​កំពុង​បំភ្លេចចោល​នូវ​ពូជឈើ​ហូប​ខ្មែរ​របស់​ខ្មែរ​មួយចំនួន។ ពូជឈើ​ហូប​ផ្លែ​ទាំងនោះ​កំពុង​វិ​វត្ត​ពី​ការថយចុះ ដោយសារតែ​គ្មាន​ការដាំដុះ​បន្ត ទៅរក​ការបាត់បង់​ដោយសារ​ការកាប់​ចោល​ដើមឈើ​ហូប​ផ្លែ​ទាំងនោះ។



ស្វាយកែវ​ល្មៀត ជា​តម្រូវការ​ទីផ្សារ ហើយ​ជា​ប្រភេទ​ដើម​តូច ទាប ឆាប់​មាន​ផ្លែ។ ដូច្នេះ កសិករ​ខ្មែរ​មិន​ដាំ​ស្វាយល្ហួត ដែលជា​ដើម​ធំ មិន​ងាយ​ហុច​ផ្លែ​នោះឡើយ។ គ្មាន​ការដាំដុះ​បន្ថែម ពេលខ្លះ​ត្រូវ​កាប់​ចោល​ទៀត នេះ​ជា​បាតុភូត​ដែល​ធ្វើ​ឲ្យ​គេ​មិនសូវ​ឃើញ​មាន​ផ្លែស្វាយ​ល្ហួត​នៅតាម​ទីផ្សារ ឬ​សម្បូរហូរហៀ​ឡើយ។

កន្លងមក អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ បានទទួល​ស្គាល់​អំពី​ការធ្លាក់​ថយចុះ​នៃ​វត្ត​មានពូជ​ស្វាយល្ហួត ដែល​ធ្លាប់តែ​ជា​ពូជ​ស្វាយ​ដ៏​ពេញនិយម​មួយ​ដែរ​របស់​កម្ពុជា។ អ្នកជំនាញ​រូបនេះ ក៏បាន​យល់​អំពី​បាតុភូត​នៃ​ការធ្វើ​អាជីវ​កមម្ម​ផលិតផល​កសិកម្ម ប៉ុន្តែ​លោក​ក៏​បន្ទោស​អំពី​ការខ្វះខាត​សួន​ជីវចម្រុះ​ថ្នាក់ជាតិ ដែល​ត្រូវ​អភិរក្ស​ពូជឈើ​ហូប​ផ្លែ ឬ​ពូជ​ដំណាំ​កសិកម្ម​របស់​កម្ពុជា។

លោក យ៉ង សាំង​កុមារ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«វា​គួរតែមាន​ស្ថាប័ន​មួយ​ដែល​ធ្វើ​ការងារ​ទាំងនេះ ដូចជា​ការធ្វើ​បញ្ជីសារពើភ័ណ្ឌ​នៃ​ដំណាំ​ខ្មែរ និង​បង្កើត​ឲ្យ​មាន​កន្លែង​ស្រាវជ្រាវ​សម្រាប់​និស្សិត​ជាដើម។ នៅ​បរទេស​ក៏មាន​ការអភិរក្ស​ដំណាំ​យ៉ាង​ដូច្នេះ​ដែរ»។

អតីតប្រធាន​អង្គការ​សេ​ដាក​រូបនេះ​បានកត់សម្គាល់​អំពី​អវត្តមាន​នៃ​នយោបាយ​ថ្នាក់ជាតិ​មួយ​ក្នុងការ​អភិរក្ស​ដំណាំ​ខ្មែរ។ «ខ្ញុំ​ព្រួយបារម្ភ​អំពី​ការថយចុះ និង​ការបាត់បង់​ពូជ​ដំណាំ​មួយចំនួន​មែន។ វា​គួរតែមាន​ផែនការ​ថ្នាក់ជាតិ​មួយ​ដើម្បី​ជំរុញ​ឲ្យ​គ្រួសារ​កសិករ​ថែរក្សា​ដំណាំ​ប្រពៃណី ដែលជា​ផ្នែក​មួយ​នៃ​ការអភិរក្ស»។ នេះ​ជាការ​អំពាវនាវ​របស់​លោក យ៉ង សាំង​កុមារ។

មិនថាតែ​ដំណាំ​ស្វាយ​ទេ មាន​ឈើ​ហូប​ផ្លែ​មួយចំនួនទៀត​ដែល​ស្ទើរតែ​បាត់បង់ ឬ​ថយចុះ​ពី​ទីផ្សារ​ក្នុង​រយៈពេល​ជិត២០ឆ្នាំ​ចុង​ក្រោយនេះ​ដូចជា ស្វាយល្ហួត ស្វាយល្ហុង ព្នៅ អំពិល​ទឹក សេ​ដា ស្ពឺ ។ល។



Tag:
 ផ្លែឈើ
© រក្សាសិទ្ធិដោយ thmeythmey.com