ជាតិ
MyTV សុំទោសកុមារី Allen និងក្រុមគ្រួសារចំពោះកំហុសអចេតនារបស់ខ្លួន
× ក្រោយការរិះគន់កក្រើកពេញហ្វេសប៊ុក ស្ថានីយ៍ទូរទស្សន៍ MyTV បានសរសេរលិខិតសុំទោសជាសាធារណចំពោះកុមារី Autumn Allen និងក្រុមគ្រួសារ ជុំវិញកំហុសដែលខ្លួនបានបង្កើតឡើងក្នុង «កម្មវិធីពេញចិត្ត ឬអត់? ថ្ងៃអាទិត្យ» នាឱកាសអបអរទិវាគុណមាតាពិភពលោក។
កម្មវិធីដែលផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានសាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករិះគន់ថា យកក្តីសង្ឃឹមរបស់កុមារី Autumn Allen មកលេងសើច។
«ក្រុមការងារកម្មវិធី ពេញចិត្ត ឬអត់? ថ្ងៃអាទិត្យ មានការសោកស្តាយជាពន់ពេកចំពោះកំហុសដោយអចេតនាដែលកើតមានឡើងនៅក្នុងកម្មវិធីនេះ ដែលធ្វើឲ្យប្អូនស្រី Allen រន្ធត់ចិត្តរហូតដល់ស្រក់ទឹកភ្នែក និងមានការខកចិត្តចំពោះក្តីរំពឹងទុកថានឹងបានជួបម្តាយដែលបានបែកគ្នាអស់រយៈពេល១៣ឆ្នាំហើយ»។ នេះបើយោងតាមលិខិតរបស់ MyTV ចុះកាលពីល្ងាចថ្ងៃទី១១ ខែឧសភា។
ដើម្បីសម្តែងចំពោះភាពសោកស្តាយនេះ ក្រុមការងារកម្មវិធី«ពេញចិត្តឬអត់? ថ្ងៃអាទិត្យ» នឹងធ្វើដំណើរទៅ កាន់គេហដ្ឋានរបស់អេឡែន ដើម្បី សុំអភ័យទោសចំពោះអេឡែន និងក្រុមគ្រួសារក្មេងស្រីដោយផ្ទាល់ ហើយក្រុមការងារកម្មវិធី«ពេញចិត្តឬអត់? ថ្ងៃអាទិត្យ» ក៏បានធ្វើការសុំទោសទៅដល់សាធារណជនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ កុមារី Allen បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា គេមិនមានការអាក់អន់ចិត្តអ្វីឡើយ ហើយគេមានការរីករាយនៅក្នុងកម្មវិធីកាលពីថ្ងៃអាទិត្យ៕
សម្រាប់ព័ត៌មានបន្ថែម សូមអាន៖ កម្មវិធីទូរទស្សន៍មួយយកការនឹកម្តាយរបស់ក្មេងស្រីទៅលេងសើច
© រក្សាសិទ្ធិដោយ thmeythmey.com