ពិភពតារា៖ សុខា​ ឌី​ហ្សា​ណូ ​បង្ហើប​ពី​គម្រោង​ជីវិត​គូស្រករ
12, May 2015 , 9:59 am        
រូបភាព
ដោយ:


ភ្នំពេញ៖តារាចម្រៀង​វ័យក្មេង សាច់​សខ្ចី កញ្ញា​សុខា​ឌី​ហ្សា​ណូ​ដែល​មហាជន​ស្គាល់​វត្តមាន​របស់​នាង​នៅក្នុង​វិស័យ​ចម្រៀង​តាមរយៈ​បទ“ដោះចេញ​នាង”បាន​បង្ហើប​ប្រាប់​ពី​ជីវិត​ឯកជន​ឲ្យ​ដឹងថា​ប្រសិនបើ​មាន​ស្នេហា​ក្នុងពេល​ណាមួយ​នាង​មិន​រើស​មាន​ក្រស​ខ្មៅ​នោះទេ​លើសពីនេះ​រិត​តែ​មិន​ប្រកាន់​វ័យចាស់​នោះដែរ។



តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ស្ទឹងសែន​កញ្ញា​សុខា​ឌី​ហ្សា​ណូ​ឆ្នាំនេះ​នាង​មាន​វ័យ២៤ឆ្នាំ​ហើយ​នាង​និង​ក្រុមគ្រួសារ​បានមក​រស់នៅ​ភ្នំពេញ​ប្រមាណ​ជា៤ឆ្នាំមុន​ប៉ុន្តែ​មិនទាន់មាន​ផ្ទះសម្បែង​ផ្ទាល់ខ្លួន​នោះទេ​គឺ​រស់នៅ​ផ្ទះជួល​នៅឡើយ។បើទោះជា​មាន​វ័យ​ច្រើន​ទៅហើយ​ក្តី​ប៉ុន្តែ​នាង​អះអាងថា​នៅ​មិនទាន់មាន​សង្សារ​ឬ​គូ​កំណាន់ចិត្ត​នៅឡើយ​តែ​នាង​បញ្ជាក់ថា​ក៏​មិន​ខ្វះ​អ្នក​ស្រលាញ់​នោះដែរ។ការ​មិនទាន់​សម្រេចចិត្ត​យក​គូស្រករ​ដោយសារ​នាង​នៅ​គិតថា​ចង់​ជួយ​ជ្រោមជ្រែង​គ្រួសារ​សិន​ប៉ុន្តែ​ក៏​មិន​អូសបន្លាយ​យូរ​ឆ្នាំ​នោះដែរ។

កញ្ញា​សុខា​ឌី​ហ្សា​ណូ​បាន​បង្ហើប​ប្រាប់ថា​ប្រសិនបើ​នាង​ត្រូវមាន​ស្នេហា​ឬ​គូស្រករ​ក្នុងពេល​ណាមួយ​នាង​មិន​រើស​មាន​ក្រស​ខ្មៅ​នោះទេ។លើសពីនេះ​នាង​អះអាងថា​រិត​តែ​មិន​ប្រកាន់​វ័យចាស់​ឬ​ពោះម៉ាយ​នោះដែរ​សំខាន់​បើ​បុរស​នោះ​នៅ​កំលោះ​ឲ្យ​កំលោះ​ពិត​ប៉ុន្តែ​បើជា​ពោះម៉ាយ​វិញ​ក៏​ពោះម៉ាយ​លែងលះ​ភរិយា​ដាច់ស្រឡះ​ដែរ។

បើ​និយាយ​ពី​និស្ស័យ​ចម្រៀង​កញ្ញា​សុខា​ឌី​ហ្សា​ណូ​បាន​រំលឹក​ឲ្យ​ដឹងថា​នាង​ចូលចិត្ត​ច្រៀង​តាំងតែ​ពី​វ័យ៩ឆ្នាំ​ម្ល៉េះ។មិន​ថា​ពេលទំនេរ​ឬ​ពេល​កំពុង​បំពេញការងារ​ផ្ទះ​ដូចជា​លាងចាន​ឬ​ដាំបាយ​នោះទេ​នាង​តែងតែ​ច្រៀង​លេង​ជាប្រចាំ​រហូតដល់​ចូលរៀន​នៅ​សាលាបឋមសិក្សា​បាន​ក្លាយជា​អ្នកចម្រៀង​ប្រចាំ​សាលា​ទៀតផង។

ឌី​ហ្សា​ណូ​ដែល​បាន​ហែល​កាត់​ជីវិត​ជា​កូនកំព្រា​ឪពុក​ក្នុង​វ័យ​ជាង១០ឆ្នាំ​នាង​ត្រូវ​ជួប​ការលំបាកផ្សេងៗក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​ប៉ុន្តែ​ភារៈកិច្ច​ដែល​ទ្រទ្រង់​គ្រួសារ​នាពេលនោះ​ត្រូវ​ទទួលបន្ទុក​ដោយ​ម្តាយ​នាង​និង​បង។យ៉ាងណាក្តី​ជីវភាព​គ្រួសារ​ក្នុងពេលនោះ​ក៏​មិនបាន​ស្ទួយ​ឲ្យ​នាង​រៀនសូត្រ​បាន​ច្រើន​នោះដែរ​ទើប​នាង​បង្ខំចិត្ត​ឈប់រៀន​ទាំង​សោកស្តាយ​នៅត្រឹម​ថ្នាក់​ទី៩នៃ​វិទ្យាល័យ​ចំការ​សំរោង​ខេត្តបាត់ដំបង។

ឌី​ហ្សា​ណូ​មាន​ស្រុកកំណើត​នៅ​ភូមិ​វត្ត​រំដួល​ឃុំ​ចំការ​សំរោង​ស្រុក​បាត់ដំបង​ក្រុង​បាត់ដំបង។មាន​ឪពុក​ឈ្មោះ​ហែម​សុខា (ស្លាប់)ម្តាយ​ឈ្មោះ​ហ៊ុល​ចាន់ថុល​អាយុ៦៥ឆ្នាំ​ជា​មេផ្ទះ។នាង​មាន​បងប្អូន៥នាក់​ស្រី៣នាក់​នាង​ជា​កូន​ទី៤ហើយក៏​គ្មាន​បងប្អូន​មួយណា​មាន​និស្ស័យ​សិល្បៈ​ដូច​នាង​ដែរ។ទៅ​ថ្ងៃ​អនាគត​នាង​ចង់​ក្លាយជា​តារាចម្រៀង​ល្បី​មួយរូប​និង​ចង់​មាន​មុខរបរ​បើកហាង​កាត់ដេរ​សមល្មម​មួយ​សម្រាប់​ចិញ្ចឹមជីវិត៕



© រក្សាសិទ្ធិដោយ thmeythmey.com