ជាតិ
សារព័ត៌មាន​បរទេស​ចុះផ្សាយ​រឿងរ៉ាវ MyTV និង Allen ជាមួយ​នឹងការរិះគន់ធ្ងន់ៗ​
12, May 2015 , 11:21 pm        
រូបភាព
ដោយ: រួបរួម
មិន​ត្រឹមតែ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​នោះឡើយ ករណី​ដែល​កម្មវិធី «ពេញចិត្ត ឬ​អត់?» របស់​ទូរទស្សន៍ MyTV យក​ការ​នឹករលឹក​ម្តាយ​របស់​កុមារី Autumn Allen ទៅ​លេងសើច​នាឱកាស​នៃ​ទិវា Mother’s Day កាលពី​ថ្ងៃអាទិត្យ ក៏​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ពី​សារព័ត៌មាន​បរទេស​ផងដែរ។



Sky News បាន​ដកស្រង់​ប្រភពពី​កាសែត The Phnom Penh Post និង​ដាក់​ចំណងជើង​ថា៖ «កម្មវិធី​លេងសើច​របស់​ទូរទស្សន៍​ទាក់ទង​នឹង​ការរៀបចំ​ឲ្យ​ក្មេងស្រី​ម្នាក់​ជួប​ម្តាយ​របស់ខ្លួន ទទួលរង​នូវ​ការរិះគន់»។ សារព័ត៌មាន​ដែលមាន​មូលដ្ឋាន​នៅ​អង់គ្លេស​មួយ​នេះ បានសរសេរថា ក្មេងស្រី​អាយុ១៣ឆ្នាំ​ម្នាក់​គិតថា​ខ្លួន​នឹង​បាន​ជួប​ម្តាយ​ដែល​ខ្លួន​បាន​បែក​កាលពី​អាយុ៦ឆ្នាំ ប៉ុន្តែ​ទូរទស្សន៍​បែរជា​បាន​យក​តួកំប្លែង​ម្នាក់​ដែលមាន​ការតុបតែង​ខ្លួន​ជា​ស្រី​ទៅ​ជំនួស​វិញ។

Sky News ក៏បាន​បង្ហាញ​ឃ្លី​ប​វីដេអូ​របស់​កុមារី Allen នា​អំឡុង​នៃ​កម្មវិធី «ពេញចិត្ត ឬ​អត់?» ផងដែរ។ តាម​ប្រភពពី The Phnom Penh Post សារព័ត៌មាន Sky News ក៏បាន​ដកស្រង់​សម្តី​ផ្ទាល់​របស់ Allen ដែលថា ក្រោយ​ការ​លែងលះ​រវាង​ឪពុក និង​ម្តាយ នាង​ក៏​ព្យាយាម​ចង់​ជួប​ម្តាយ​ដែរ ប៉ុន្តែ​នាង​មិនដឹងថា គាត់​រស់នៅ​ទីណា​ឡើយ ដោយ​គ្រាន់តែ​ដឹង​តាម​ឪពុក​ថា ម្តាយ​ខ្លួន​ប្រហែលជា​រស់នៅ Scottsdale, Arizona សហរដ្ឋអាមេរិក។

ដូចគ្នា​ផងដែរ Daily Mail ដែលជា​សារព័ត៌មាន​លក់ដាច់​ជាងគេ​លំដាប់​ទី​ពីរ​នៅ​ចក្រភព​អង់គ្លេស បាន​ចាត់ទុកថា «ពេញចិត្ត ឬ​អត់?» គឺជា​កម្មវិធី​ដ៏​អាក្រក់​មួយ (Cruel Cambodian TV Show)។ ជាមួយនឹង​ប្រភពព័ត៌មាន​ដែល​ទទួលបាន​ពី The Phnom Penh Post សារព័ត៌មាន Daily Mail បាន​ចុះផ្សាយ​រូបថត​ជាច្រើន​របស់​កុមារី Allen និង​ការផ្សាយ​នៃ​កម្មវិធី «ពេញចិត្ត ឬ​អត់?» នា​ទិវា Mother’s Day។

ដោយឡែក គេហទំព័រ​ព័ត៌មាន Asian Correspondent ដែលជា​ដៃគូ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ប្រចាំ​តំបន់​អាស៊ី បានលើកឡើង​ពី​ការសុំ​ទោស​របស់​ទូរទស្សន៍ MyTV  ចំពោះ​កុមារី Autumn Allen ក្រោយ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម។ Asian Correspondent បានផ្តល់​ព័ត៌មាន​បន្ថែ​ម​ថា Allen ដែល​ចេះ​ច្រៀង​ជា​ភាសា​ខ្មែរ អង់គ្លេស ចិន និង​បារាំង​នោះ បានកើត​នៅ​ទឹកដី​អាមេរិក ហើយ​បានមក​រស់នៅ​កម្ពុជា​កាលពី​អាយុ៦ឆ្នាំ។

ទូរទស្សន៍ ITV News របស់​អង់គ្លេស ក៏​ចាប់អារម្មណ៍​ផងដែរ​ចំពោះ​ករណីនេះ។ ITV News បាន​ភ្ជាប់​មតិ​របស់​អ្នកវិភាគ​សង្គម លោក អ៊ូ វិ​រៈ ដែល​បាន​រិះគន់​កម្មវិធី និង​អ្នករៀបចំ​កម្មវិធី «ពេញចិត្ត ឬ​អត់?» ដោយ​ភ្ជាប់​ជាមួយនឹង​ការចុះផ្សាយ​របស់​សារព័ត៌មានថ្មីៗ ។

បណ្តា​ព័ត៌មាន​ផ្សេងទៀត​ដែល​បាន​ចុះផ្សាយ​រឿងរ៉ាវ​នេះ​មានដូចជា Le Journal de Montréal របស់​កាណាដា, The Daily Mirror, The Thai Visa News, Fox News, Channel4, Metro, Headlines & Global News, Her.ie , IJ Review, UPI, Het Laatste Nieuws , Opposing Views  ជាដើម៕


សម្រាប់ព័ត៌មានដែល​ទាក់ទង សូមអាន៖


-ក្រុមការងារ​កម្មវិធី «ពេញចិត្ត ឬ​អត់?» ជប់លៀង​សុំទោស​កុមារី Allen និង​ក្រុមគ្រួសារ
- កម្មវិធី​ទូរទស្សន៍​មួយ​យក​ការ​នឹក​ម្តាយ​របស់​ក្មេងស្រី​ទៅលេង​សើច
- MyTV សុំទោសកុមារី Allen និង​ក្រុមគ្រួសារ​ចំពោះ​កំហុស​អ​ចេតនា​របស់ខ្លួន






© រក្សាសិទ្ធិដោយ thmeythmey.com