កីឡាជាតិ
ម៉ោង ៣ រសៀល​នេះ​ក្រុម U-23 កម្ពុជា ប៉ះ U-23 កូរ៉េខាងត្បូង
13, May 2015 , 9:53 am        
រូបភាព
ដោយ:


ក្រុមបាល់ទាត់​ជម្រើស​យុវជន​ក្រោម​អាយុ២៣ ឆ្នាំ (U-23) របស់​កម្ពុជា នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ខ្លាំង​នៅ​តំបន់​អាស៊ី គឺ U-23 កូរ៉េខាងត្បូង នៅវេលា​ម៉ោង ៣ រសៀល​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៥ នេះ លើ​ទីលាន Thống Nhất Stadium ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។



នេះ​ជា​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​លើក​ទី៣ ហើយ​ចំពោះ​ក្រុម U-23 កម្ពុជា ក្រោយ​ប្រកួត ២ លើក​មុន​ធ្វើឡើង​នៅ​ទឹកដី​ម៉ាឡេស៊ី ដោយ​ចាញ់​ក្រុម U-22 ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល ២ ទល់ ៣ និង ស្មើគ្នា៣ ទល់ ៣ កាលពី​ចុងខែ​មេសា កន្លងទៅ។

ក្រុម​កម្ពុជា ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon កំពុងតែ​ត្រៀមខ្លួន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី ដែល​នឹង​ចាប់ផ្ដើម​នៅ​ដើមខែ មិថុនា ដោយ​ស្ថិតក្នុង​ពូ​ល ជាមួយ ឥណ្ឌូណេស៊ី, មី​យ៉ាន់​ម៉ា, ហ្វីលីពីន និង ម្ចាស់ផ្ទះ​សិង្ហ​បុរី។

ដោយឡែក​ក្រុម​កូរ៉េខាងត្បូង ធ្វើដំណើរ​មកកាន់​ទឹកដី​អាស៊ីអាគ្នេយ៍​នេះ​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជម្រុះ​កីឡា​អូឡាំពិក​រដូវក្ដៅ​ឆ្នាំ២០១៦ នៅ​ប្រទេស​ប្រេ​ស៊ី​ល និង ត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់​ទ្វីបអាស៊ី​ជុំ​ផ្ដាច់ព្រ័ត្រ 2016 AFC U-23 Championship នៅ​ប្រទេស​កាតារ ផងដែរ។ មុន​ប៉ះ​កម្ពុជា ក្រុម​នេះ​បាន​ប្រកួត​ស្មើគ្នា ០ ទល់ ០ ជាមួយ​ក្រុម U-23 វៀតណាម កាលពី​ថ្ងៃទី ៩ ឧសភា កន្លងទៅ​នៅ​ទីក្រុង​ហាណូយ។

តើ​កម្ពុជា អាចធ្វើ​បានល្អ​កម្រិតណា ពេល​ប៉ះ​ក្រុម​ខ្លាំង​កូរ៉េខាងត្បូង នៅថ្ងៃនេះ?


© រក្សាសិទ្ធិដោយ thmeythmey.com