កីឡាជាតិ
ជាតិ
ឈុត​ស៊ី​ហ្គេម​កម្ពុជា​ចាញ់ U-22 កូរ៉េខា​ង​ត្បូង ១-០ នាជំនួបកម្តៅ​សាច់​ដុំនៅ​ហូ​ជីមិញ
13, May 2015 , 5:00 pm        
រូបភាព
ដោយ: រួបរួម
ឈុតស៊ីហ្គេម​កម្ពុជា​បាន​ចាញ់ក្រុម​ជម្រើស​ជាតិអាយុ​ក្រោម​២២​ឆ្នាំកូរ៉េខាង​ត្បូង​ ១-០ នា​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​កីឡដ្ឋាន Thong Nhat Stadium ក្នុង​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម នៅ​រសៀល​ថ្ងៃ​ទ១៣ ខែឧសភា។ គ្រាប់​បាល់​ជ័យជម្នះ​របស់​យុវជន​កូរ៉េខាងត្បូង បាន​កើតឡើង​នៅក្នុង​នាទី ទី៥២ ។



នេះ​ជា​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា លើក​ទី៣ ហើយ​ចំពោះ​ក្រុម U-23 កម្ពុជា ក្រោយ​ប្រកួត ២ លើក​មុន​ធ្វើឡើង​នៅ​ទឹកដី​ម៉ាឡេស៊ី ដោយ​ចាញ់​ក្រុម U-22 ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល ២ ទល់ ៣ និង ស្មើគ្នា៣ ទល់ ៣ កាលពី​ចុងខែ​មេសា កន្លងទៅ។

ក្រុម​កម្ពុជា ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon កំពុងតែ​ត្រៀមខ្លួន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី ដែល​នឹង​ចាប់ផ្ដើម​នៅ​ដើមខែ មិថុនា ដោយ​ស្ថិតក្នុង​ពូ​ល ជាមួយ ឥណ្ឌូណេស៊ី, មី​យ៉ាន់​ម៉ា, ហ្វីលីពីន និង ម្ចាស់ផ្ទះ​សិង្ហ​បុរី។

ដោយឡែក​ក្រុម​កូរ៉េខាងត្បូង​ក្រោម​ការដឹកនាំ​របស់លោក Shin Taeyong  ធ្វើដំណើរ​មកកាន់​ទឹកដី​អាស៊ីអាគ្នេយ៍​នេះ​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជម្រុះ កីឡា​អូឡាំពិក​រដូវក្ដៅ​ឆ្នាំ២០១៦ នៅ​ប្រទេស​ប្រេ​ស៊ី​ល និង ត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់​ទ្វីបអាស៊ី​ជុំ​ផ្ដាច់ព្រ័ត្រ 2016 AFC U-23 Championship នៅ​ប្រទេស​កាតា ផងដែរ បន្ទាប់ពី​បញ្ចប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងការ​ប្រកួត​ជម្រុះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ចុងខែ​មិនា ដោយបាន​យកឈ្នះ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ៤-០ ឈ្នះ​ប្រ៊ុយណេ ៥-០ និង​ទី​ម័​រ​ខាងកើត ៣-០ ។

មុន​ប៉ះ​កម្ពុជា ក្រុម​នេះ​បាន​ប្រកួត​ស្មើគ្នា ០ ទល់ ០ ជាមួយ​ក្រុម U-23 វៀតណាម កាលពី​ថ្ងៃទី ៩ ឧសភា កន្លងទៅ​នៅ​ទីក្រុង​ហាណូយ។

ជម្រើស១១នាក់​ដំបូង៖ អ៊ុំ សេរី​រ័ត្ន, សឿ​យ វិសាល, ណុប តុលា, នេន សុធា​រ័ត្ន, រស់ សំអឿន, ឈិន ឈឿន, សុះ ស៊ូ​ហា​ណា, ភួង សុខ​សា​ណា, ហូ​យ ផល្លី​ន, ប្រាក់ មុន្នី​ឧ​ត្ត​ម (ប្រធាន​ក្រុម), សុខ ចាន់​រស្មី។

រូបថតទាំងអស់ផ្តល់ដោយ លោក ឆាំង ពិសិដ្ឋ



© រក្សាសិទ្ធិដោយ thmeythmey.com