អន្តរជាតិ
នយោបាយអន្តរជាតិ
យោធាប៊ូរុនឌីប្រកាសទម្លាក់ប្រធានាធិបតីដែលចង់បន្តកាន់អំណាចអាណត្តិទី៣
×
ប្រជាជនប៊ូរុនឌី(Burundi) បាននាំគ្នាស្រែកហ៊ោកញ្ជៀវដើម្បីអបអរសាទររដ្ឋប្រហារប្រឆាំងប្រធានាធិបតីបច្ចុប្បន្នថ្ងៃពុធម្សិលមិញនេះ។រដ្ឋប្រហារបានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលដែលប្រធានាធិបតីកំពុងកាន់តំណែង Pierre Nkurunzizaចាកចេញទៅប្រជុំនៅប្រទេសតាន់ហ្សានី។រឿងរ៉ាវជំរុញអោយមានរដ្ឋប្រហារក៏ដោយសារប្រធានាធិបតីខាងលើចង់ឈរឈ្មោះសម្រាប់អាណត្តិទី៣ដែលប្រឆាំងនឹងរដ្ឋធម្មនុញ្ញ។
លោក មុំ ពិទូរ្យលម្អតិព័ត៌មាននេះ
ក្រុមយោធាបានសម្រេចចេញមុខធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី Pierre Nkurunzizaកាលពីម្សិលមិញក្រោយពេលដែលវិបត្តិនយោបាយនៅក្នុងប្រទេសនេះដោះស្រាយមិនចេញ។រដ្ឋប្រហារនេះកើតមានឡើងប៉ុន្មានម៉ោងក្រោយពេលដែលប្រធានាធិបតីខាងលើចាកចេញពីប្រទេសទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់នៅក្នុងប្រទេសតាន់ហ្សានី។ប្រជាជនប៊ូរុនឌីបានប្រមូលផ្តុំគ្នាអបអរសាទរក្រោយពេលមានការប្រកាសទម្លាក់ប្រធានាធិបតីបច្ចុប្បន្នពីតំណែងដោយរដ្ឋប្រហារ។
ឧត្តមសេនីយ៍យោធាGodefroidNiyombareបានប្រកាសម្សិលមិញថាយោធាបានសម្រេចជោគជ័យទម្លាក់ប្រធានាធិបតីពីតំណែងប៉ុន្តែរដ្ឋាភិបាលខាងលើបានប្រកាសថារដ្ឋប្រហារនេះគឺបរាជ័យ។មន្ត្រីនិងកងកម្លាំងស្ម័គ្រស្មោះលោកNkurunzizaបានថ្លែងតាមវិទ្យុរបស់រដ្ឋម្សិលមិញថារដ្ឋប្រហារមិនបានសម្រេចឡើយហើយបច្ចុប្បន្ននេះរដ្ឋាភិបាលនៅបន្តកាន់កាប់ស្ថាប័ននយោបាយរដ្ឋទាំងអស់។យ៉ាងណាក៏ដោយប្រធានាធិបតីដែលចាកចេញពីប្រទេសទៅចូលរួមក្នុងកិច្ចប្រជុំនៅតាន់ហ្សានីបានប្រញាប់ប្រញាល់ត្រលប់មកមាតុភូមិវិញបន្ទាប់ពីទទួលបានព័ត៌មានថាក្រុមយោធារៀបចំធ្វើរដ្ឋប្រហារ។ប៉ុន្តែបើតាមសារព័ត៌មានBBC ប្រធានាធិបតីNkurunzizaបានបង្ខំចិត្តត្រលប់ទៅតាន់ហ្សានីវិញភ្លាមៗក្រោយពេលដែលយន្តហោះរបស់លោកមិនអាចចុះចតដោយសុវត្ថិភាពនៅក្នុងប្រទេសបាន។
ប៊ូរុនឌីធ្លាក់ក្នុងភាពចលាចលក្នុងរយៈពេលប៉ុន្មានខែនេះក្រោយពេលដែលប្រធានាធិបតីបច្ចុប្បន្នដែលកាន់តំណែង១០ឆ្នាំហើយនោះចង់ឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិទីបីទៀត។បើតាមរដ្ឋធម្មនុញ្ញប្រធានាធិបតីកាន់តំណែងបានត្រឹមពីរអាណត្តិប៉ុណ្ណោះ។ដូច្នេះបំណងរបស់ប្រធានាធិបតីខាងលើបានរំលោភរដ្ឋធម្មនុញ្ញហើយប្រជាជនប៊ូរុនឌីបានចេញមុខប្រឆាំងតវ៉ាប្រធានាធិបតីរហូតមានការប៉ះទង្គិចគ្នាស្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់កាលពីកន្លងមក។ខណៈដែលប្រជាជនប៊ូរុនឌីចាត់ទុកទង្វើប្រធានាធិបតីជាការរំលោភរដ្ឋធម្មនុញ្ញក្រុមប្រឹក្សាធម្មនុញ្ញប្រទេសនេះបានបកស្រាយថាការស្វះស្វែងរកការឈរឈ្មោះអាណត្តិទី៣មិនបំពានច្បាប់កំពូលរបស់រដ្ឋឡើយ។
គេមើលឃើញយ៉ាងច្បាស់ការសម្រេចរបស់តុលាការធម្មនុញ្ញប៊ូរុនឌីធ្វើឡើងដោយមានសម្ពាធពីប្រធានាធិបតី។បើយោងតាមការសាកសួរចម្លើយអនុប្រធានតុលាការធម្មនុញ្ញដែលបានរត់ភៀសខ្លួនទៅប្រទេសរវ៉ាន់ដានៅសប្តាហ៍មុនចៅក្រមទាំងឡាយរបស់តុលាការកាត់ក្តីលំអៀងបែបនេះដោយសាររងសម្ពាធខ្លាំងហើយរួមមានទាំងការគំរាមសម្លាប់ពីប្រធានាធិបតីថែមទៀតផង។
យ៉ាងណាមិញជុំវិញការធ្វើរដ្ឋប្រហារនេះដែរគេមិនទាន់អាចវាយតម្លៃបាននោះទេ ថាតើយោធាកំពុងកាន់កាប់អំណាចឬប្រធានាធិបតីចាស់នៅបន្តកាន់តំណែងទៀត។បើរដ្ឋប្រហារនេះជោគជ័យមែនប្រហែលជាការបោះឆ្នោតខែក្រោយនឹងត្រូវពន្យារពេលសិន។បច្ចុប្បន្នមេដឹកនាំអាហ្វ្រិកកំពុងមរមាញឹកពិភាក្សាគ្នាដើម្បីជួយដោះស្រាយវិបត្តិនយោបាយប៊ូនរុនឌីប៉ុន្តែមិនទាន់ឃើញមានចំណាត់ការណាមួយជាដុំកំភួនត្រូវបានដាក់អនុវត្តនោះឡើយ។
© រក្សាសិទ្ធិដោយ thmeythmey.com