ពីនេះ ពីនោះ
អ្វី​ជា​ទ្រឹស្តី និង​មាគ៌ា «នយោបាយ​ប្រជាភិថុតិ» ?
14, May 2015 , 8:59 pm        
រូបភាព
 នៅក្នុង​លោក! តាំងពី​បុរាណកាល រហូតដល់​សម័យ​ស៊ី​វិ​ល័យ មាន​នយោបាយ​វិទូ​ច្រើន​ស្ទើរ​រាប់មិនអស់ ដែល​បាន​បង្កើត​មេរៀន​នយោបាយ សម្រាប់​អ្នកនយោបាយ​យក​ជា​មាគ៌ា​ដឹកនាំ​ប្រទេស ។ ទស្សនវិទូ​នយោបាយ​ទាំងនោះ បាន​បង្កើត​ទ្រឹស្តី និង​មាគ៌ា​នយោបាយ​ទៅតាម​មនោគតិ​ក៏ដូចជា​អារម្មណ៍ និង​ទៅតាម​ការយល់ដឹង​ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា​យ៉ាង​ជ្រាលជ្រៅ​របស់ខ្លួន​ពី​ទិដ្ឋភាព​សង្គម​ដែល​ខ្លួន​រស់នៅ​ផ្ទាល់ ។ ក្នុងចំណោម​អ្នកប្រាជ្ញ​នយោបាយ​ទាំងអស់ មាន​អ្នកប្រាជ្ញ​នយោបាយ​មួយចំនួន ត្រូវបាន​មនុស្ស​ក្នុង​លោក យក​ធ្វើជា​វីរបុរស និង​ចងចាំ​មិន​ភ្លេច ដូចជា៖ សូ​ក្រា​ត, ផ្លា​តុង, អា​រី​ស្តូ​ត, ឡៅ​ជឺ, ខុង​ជឺ,នី​កូ​ឡូ ម៉ា​ឃី​យ៉ា​វ៉េ​លី, ហ្ស​ង់​ហ្សា​ក់ រូ​ស្សូ, ច​ន ឡុ​ក, ថូ​ម៉ាស ហ៊ប់, កាល់ ម៉ាក់, វ្ល៉ា​ឌី​មៀរ លេនីន ។ល។



បណ្តា​មនោ​គម​វិទ្យា​នយោបាយ​នៃ​អ្នកប្រាជ្ញ​ទាំងនោះ​នី​កូ​ឡូ ម៉ា​ឃី​យ៉ា​វ៉េ​លី គឺជា​អ្នក​ទ្រឹស្តី​នយោបាយ​មួយរូប​ដ៏​ល្បីល្បាញ ដែល​គំនិត​របស់លោក ត្រូវបាន​អ្នកនយោបាយ​មិនតិច​ទេ យកមក​អនុវត្តតាម ដើម្បី​ក្តោប​ក្តាប់​អំណាច។

គំនិត​លោក​មួយ​បាន​បង្រៀន​ថា «អ្នកនយោបាយ ត្រូវ​ចេះ​ប្រែខ្លួន​ជាស​ត្វ​ពីរ​ប្រភេទ គឺ​សត្វ​សិង្ហ និង​សត្វ​កញ្ជ្រោង» ។ ពេលខ្លះ​អ្នកនយោបាយ ត្រូវ​ធ្វើជា​សិង្ហ ដើម្បី​បង្ហាញ​ឫ​ទ្វិ​អំណាច​បង្ក្រាប​អ្នក​ដែល​ប្រឆាំងនឹង​ខ្លួន ហើយ​ពេលខ្លះ​ត្រូវ​ធ្វើជា​កញ្ជ្រោង ដើម្បី​ស្គាល់​អន្ទាក់ និង​ប្រើល្បិច​ស្វែងរក​អ្នក​ដែល​ចង់​ដាក់​អន្ទាក់​ខ្លួន ព្រោះ​សត្វ​សិង្ហ​មានតែ​ឥទ្ធិពល តែ​មិន​ស្គាល់​អន្ទាក់ ហើយ​សត្វ​កញ្ជ្រោង​ឆ្លាត​មាន​ល្បិច ស្គាល់​អន្ទាក់ តែ​គ្មាន​អំណាច។ ក្នុងន័យនេះ​លោក​ចង់​បង្ហាញផ្លូវ​ថា នៅ​ពីក្រោយ​មហាជន អ្នកនយោបាយ ត្រូវ​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​ក្នុងការ​បង្ក្រាប និង​កម្ទេច​សត្រូវ និង​គូបដិបក្ខ ដែល​ប្រឆាំងនឹង​ខ្លួន ដើម្បី​ក្តាប់​អំណាច (ចរិត​ជាស​ត្វ​សិង្ហ) តែ​នៅ​ពីមុខ​មហាជន អ្នកនយោបាយ ត្រូវ​ចេះ​សម្តែង​ភាពទន់ភ្លន់ សុភាពរាបសា ចេះ​ចែក​អំណោយ ធ្វើ​ដូចជា​អ្នកដឹកនាំ​ប្រកបដោយ​សប្បុរសធម៌ យកចិត្ត​អ្នក​រាល់គ្នា ធ្វើ​ដូចជា​ខ្លួនឯង​ស្មោះ ហើយ​ពេលខ្លះ​អ្នកនយោបាយ ចូលទៅ​កៀក​កិត​អ្នកណាម្នាក់ ធ្វើ​ដូចជា​ស្រឡាញ់​ចូលចិត្ត​អ្នកនោះ តែ​តាម​ការពិត​ដើម្បី​ស៊ើបអង្កេត​ក្រែងលោ​អ្នកនោះ​រៀបចំ​អន្ទាក់​ដាក់ខ្លួន (ចរិត​ជាស​ត្វ​កញ្ជ្រោង)។ ឥទ្ធិពល​នៃ​គំនិត​មួយ​នេះ ម៉ា​ឃី​យ៉ា​វ៉េ​លី ហាក់ដូចជា​ចង់​បង្ហាត់​អ្នកនយោបាយ ឲ្យ​ចេះ​ប្រើល្បិច​នយោបាយ​ប្រជាភិថុតិ ដើម្បី​គ្រប់គ្រង​អំណាច​យូរអង្វែង ដោយ​មិន​ខ្វល់​ពី​ទុក្ខសោក​ប្រជាពលរដ្ឋ។ ទីបំផុត មាគ៌ា​នយោបាយ​ប្រជាភិថុតិ​នេះ​បានទទួល​ជោគជ័យ​មែន ដោយ​អ្នកដឹកនាំ និង​អ្នកនយោបាយ​ជាច្រើន តាំងពី​ជំនាន់​លោក រហូតមកដល់​សម័យ​បច្ចុប្បន្ន យកមក​ដឹកនាំ​ប្រទេស ។ អ្នកនយោបាយ​ខ្លះ កាន់កាប់​អំណាច​រាប់​អាណត្តិ ដោយ​ជោគជ័យ គ្មាន​អ្នកណា​អាច​ផ្តួលរំលំ​បាន ដោយសារតែ​យុទ្ធសាស្ត្រ «នយោបាយ​ប្រជាភិថុតិ» នេះ​តែម្តង ។

ថ្ងៃនេះថ្មីៗសូម​លើកយក​ល្បិច «នយោបាយ​ប្រជាភិថុតិ» មក​វែកញែក បង្ហាញ​ប្រិយមិត្ត​ជនរួមជាតិ ឲ្យ​ឃើញច្បាស់​ថា​តើ​អ្វី​ជា «នយោបាយ​ប្រជាភិថុតិ»? តើ សកម្មភាព «នយោបាយ​ប្រជាភិថុតិ» មាន​លក្ខណៈ​ដូចម្តេច? តើ​អ្នកនយោបាយ​ប្រភេទ​ណា​ចូលចិត្ត​ប្រើ «នយោបាយ​ប្រជាភិថុតិ» ? ហើយ «នយោបាយ​ប្រជាភិថុតិ» ច្រើន​កើត​មាននៅ​ប្រទេស​មាន​ស្ថានភាព​ដូចម្តេច? ដើម្បី​ជា​ប្រយោជន៍​ដល់​បញ្ញាញាណ ក្នុងការ​ពិចារណា និង​មើល​ឲ្យ​បាន​ស៊ីជម្រៅ ទៅលើ​របៀប​នៃ​ការដឹកនាំ​នយោបាយ របស់​អ្នកនយោបាយ​អេ​លី​ត​គ្រប់រូប ជៀសវាង​ការ​ផុងខ្លួន​ក្នុង​អន្ទាក់ «នយោបាយ​ប្រជាភិថុតិ» ហើយ​យល់ច្រឡំ​ថា​ជា «នយោបាយ​ជួយសង្គ្រោះ»។

នៅពេលណា​អ្នក​ឮ​ពាក្យ «នយោបាយ​ប្រជាភិថុតិ»អ្នក​ត្រូវ​យល់​ពី​សកម្មភាព និង​គិតដល់​រឿង​មូ​យ​ភ្លាម នោះ​គឺ «ការប្រើ​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ ដើម្បី​អំណាច និង​ផលប្រយោជន៍» របស់ខ្លួន គ្រួសារ​ខ្លួន និង​បក្ស​ពួកខ្លួន​ដោយ​មិន​ខ្វល់​ពី​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ និង​ការវិនាស​អន្តរាយ​ប្រទេសជាតិ។

នយោបាយ​ប្រជាភិថុតិ គឺជា​អ្វីដែល​គ្មាន តែ​អ្នកនយោបាយ​និយាយថា​មាន អ្វីដែល​មិន​ពិត តែ​អ្នកនយោបាយ​និយាយថា​ពិត អ្វី​ដែលជា​ការពិត តែ​ត្រូវ​អ្នកនយោបាយ​បំ​ភ​ន្ត និង​បិទបាំង​ភ្នែក​មហាជន អ្វី​ដែលជា​ប្រយោជន៍​ជាតិ តែ​ត្រូវ​អ្នកនយោបាយ ទាញយក​ជា​ប្រយោជន៍​បក្ស​ខ្លួន អ្វីដែល​មិនអាច​ធ្វើបាន តែ​អ្នកនយោបាយ​សន្យាថា​អាច​ធ្វើបាន​ដើម្បី​ទាញយក​ប្រជាប្រិយភាព អ្វីដែល​ជាការ​ឈឺចាប់រ​បស់​ប្រជាជន ត្រូវ​អ្នកនយោបាយ​ឆ្លៀតឱកាស​ប្រើការ​ឈឺចាប់​នោះ ដើម្បី​ចាប់យក​ការគាំទ្រ​ពី​ជនរងគ្រោះ​ទាំងនោះ​ថែមទៀត ។
ពេលខ្លះ​អ្នកនយោបាយ ហ៊ាន​ប្រើ​យុទ្ធសាស្ត្រ​បង្កើត​ព្រឹត្តិការណ៍​ដែល​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​ដើម្បី​ប្រយោជន៍​អ្វីមួយ​ដែល​ខ្លួន​ចង់បាន (យក​សព​រាស្ត្រ ធ្វើស្រែ) ហើយក៏​ធ្វើ​ពើ​ជា​ស្រែកយំ​សោកស្តាយ​និង​អះអាងថា​នឹង​រក​យុត្តិធម៌​ជូន​ប្រជាជន។ នេះ​គេ​ហៅថា សម្លាប់​គេ​ហើយ បាន​ផលប្រយោជន៍​ពី​គេ​ទៀត ហើយ​ថែមទាំង​ទទួល​បានការ​អរគុណ ពី​មហាជន និជ​ន​រងគ្រោះ​ផងដែរ ។ អ្វីដែល​ឈឺចាប់​លើសពីនេះទៅទៀត​នោះ គឺថា​ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ បែរជា​យល់ថា​នេះ​ជា «នយោបាយ​ជួយសង្គ្រោះ» ទៅវិញ។ នេះហើយ​គេ​ហៅថា «នយោបាយ​ប្រជាភិថុតិ»។

នយោបាយ​ប្រជាភិថុតិ គឺ​ប្រៀបដូចជា​ផ្ទាំង​ក្រណាត់«ស» សិប្បនិមិត​មួយ​ផ្ទាំង ។ យើង​មើលទៅ គឺ​ច្បាស់​ណាស់ ប្រាកដជា​ឃើញ​ពណ៌​ស តែ​តាម​ការពិត​ផ្ទាំង​ខាងក្នុង​គឺជា​ពណ៌​ខ្មៅ។ ផ្ទាំង​ក្រណាត់​នោះ ត្រូវបាន​គេ​ប្រាប់​យើង​រាល់គ្នា​ថា ជា​ផ្ទាំង​ក្រណាត់​ពណ៌​ស​សុទ្ធ តែ​សច្ចភាព​រូបធាតុ​ពិត​នៃ​ផ្ទាំង​ក្រណាត់​នោះ​គឺ​ពណ៌​ខ្មៅ​ទេ គ្រាន់តែ​គេ​លាប​ពណ៌​វា​ឲ្យ​ស​តែប៉ុណ្ណោះ ។ស្ថានភាព​បែបនេះ មានតែ​អ្នកមាន​បញ្ញា​ខ្ពស់ និង​អ្នក​រៀនសូត្រ​ជ្រៅជ្រះ​មួយចំនួន​តូច​ទេ​ទើប​អាច​មើល​ដឹង តែ​មហាជន​រាប់លាន​នាក់​ត្រូវបាន​គេ​ភូ​ក​កុហក។

ចំពោះ វរជន​នយោបាយ​ថ្លៃថ្នូរ ប្រកបដោយ​សប្បុរសធម៌ ពោរពេញ​ដោយ​មនោសញ្ចេតនា​ចំពោះ​ជាតិ​មាតុភូមិ ស្រឡាញ់​ប្រជាជន​ខ្លួន​ស្មើ​ជីវិត សុខចិត្ត​ស្លាប់ និង​បរាជ័យ​ជា​ដរាប ក៏​មិន​ប្រើ​នយោបាយ​ប្រជាភិថុតិ​ដែរ ។ នយោបាយ​ប្រជាភិថុតិ មានតែ​ពួក​អ្នកនយោបាយ មាន​អត្តចរិត​ផ្តាច់ការ ឃោរឃៅ គ្មាន​ទសពិធរាជធម៌ ស្រឡាញ់​អំណាច អាត្មានិយម​ពី​កំណើត គិត​គ្រួសារ និង​បក្ស​ពួកខ្លួន ជាង​ជាតិ​មាតុភូមិ​តែប៉ុណ្ណោះ ទើ​ច​អាច​ប្រើ​ទ្រឹស្តី និង​ដើរ​តាម​គន្លង​នយោបាយ​ប្រជាភិថុតិ​នេះ​បាន។

ជាទូទៅ លើ​ពិភពលោក «នយោបាយ​ប្រជាភិថុតិ» ច្រើន​កើតមាន​ក្នុងប្រទេស​តតិយលោក ឬ​ប្រទេស​ដែល ប្រជាជនមាន​ការអប់រំ​ទាប ខ្វះការពិចារណា មាន​បញ្ញា​ទាប​ក្នុង​ការគិត​រឿង​នយោបាយ និង​មិនចេះ​មើល​សកម្មភាព​ស្មោះ ឬ​ក្បត់​របស់​អ្នកនយោបាយ។ ម្យ៉ាងទៀត ប្រទេសជាតិ​ដែល​ប្រជាជន​មិន​ចូលចិត្ត​ខ្វល់ខ្វាយ​រឿង​នយោបាយ ព្រងើយកន្តើយ​នឹង​នយោបាយ គិតតែ​ក្រពះ​ផ្ទាល់ខ្លួន ក៏​ជា​មូលហេតុ​ចម្បង​មួយ ដែល​ផ្តល់ឱកាស​ដល់​អ្នកនយោបាយ​អមនុស្សធម៌ ប្រើប្រាស់​នយោបាយ​ប្រជាភិថុតិ​នេះដែរ។

ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជៀសផុត​ពី​អន្លង់ «នយោបាយ​ប្រជាភិថុតិ» ដែលជា​ហេតុ​ផ្តល់​មក​នូវ​ការឈឺចាប់​គ្រប់យ៉ាង និង​ការបាត់បង់​ទឹកដី ប្រជាពលរដ្ឋ​ខ្លួនឯង​ត្រូវតែ​ចេះ​ឈឺឆ្អាល និង​ចូលរួម​គិតគូរ​យ៉ាងសកម្ម​ក្នុង​រឿង​នយោបាយ និង​សង្គម​ទាំងអស់គ្នា ។

កុំ​បន្ទោស​អ្នកនយោបាយ​ឲ្យ​សោះ ពេល​អ្នកនយោបាយ​បោកប្រាស់ ប្រសិនបើ​អ្នក​គិតថា​រឿង​នយោបាយ គឺជា​រឿង​របស់​អ្នកនយោបាយ!




© រក្សាសិទ្ធិដោយ thmeythmey.com