កីឡាជាតិ
ជាតិ
ទោះបី​ចាញ់​នៅ​រុស្ស៊ី សៀវ​ម៉ី នៅតែ​សម្លឹង​ឆ្ពោះទៅមុខ​សម្រាប់​កីឡា​អូឡាំពិក​នៅ​ប្រេ​ស៊ី​ល
15, May 2015 , 11:51 am        
រូបភាព
ដោយ: រួបរួម
កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​តេ​ក្វាន់​ដូ​ពិភពលោក​លើក​ទី២២ នៅ​ទីក្រុង Chelyabinsk ប្រទេស​រុស្ស៊ី ក្រោយ​ចាញ់​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​នៅ​វគ្គ៣២នាក់​ដំបូង​កាលពី​ថ្ងៃទី១៤ ខែឧសភា។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ បរាជ័យ​នេះ មិនអាច​រារាំង​ការតាំង​ចិត្ត​របស់​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​លើកដំបូង​របស់​កម្ពុជា ក្នុងការ​ដណ្តើមយក​មេ​ដាយ​ជូន​ជាតិ​ពី​កីឡា​អូឡាំពិក​នៅក្នុង​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល នា​ឆ្នាំ២០១៦នោះឡើយ។ នេះ​បើតាម​ការអះអាង​តាមរយៈ​ឃ្លី​ប​វីដេអូ​មួយ​ពី​ប្រទេស​រុស្ស៊ី។



«ទោះបីជា​នាង​ខ្ញុំ​ចាញ់​នៅពេលនេះ​ក្តី តែ​គោលដៅ​របស់​នាង​ខ្ញុំ​នៅតែមាន ព្រោះថា​ការប្រកួត​នេះ​មិនមែនជា​គោលដៅ​ពិតប្រាកដ​របស់​នាង​ខ្ញុំ​ទេ។ គោលដៅ​ពិតប្រាកដ​របស់​នាង​ខ្ញុំ គឺ​យក​មេដាយ​អូឡាំពិក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នា​ឆ្នាំ២០១៦ »។ នេះ​ជាការ​តាំងចិត្ត​របស់​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី តាមរយៈ​ឃ្លី​ប​វីដេអូ​មួយ​ពី​ប្រទេស​រុស្ស៊ី។

សៀវ​ម៉ី ដែល​ត្រូវបាន​ចាត់ទុកជា​វីរនារី​ក្រោយ​ការ​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​លើកដំបូង​សម្រាប់​កម្ពុជា បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៥៤មក​នោះ បាន​ប្រកួត​ចាញ់​កីឡាការិនី Feruza Yergeshova របស់​កា​ហ្សា​ក់​ស្ថាន ក្នុង​លទ្ធផល ៦ ទល់នឹង៩ នា​វគ្គ​ដំបូង​នៃ​ការប្រកួត​ដណ្តើមពាន​រង្វាន់​តេ​ក្វាន់​ដូ ពិភពលោក​លើក​ទី២២ (The 2015 World Taekwondo Championships)នៅ​សង្វៀន Traktor Arena ក្រុង Chelyabinsk ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ ។

 ស៊ន សៀវ​ម៉ី បកស្រាយ​ថា ការប្រកួត​ក្រោម​ទម្ងន់៦៧គីឡូក្រាម មិនមែនជា​ទម្ងន់​ដែល​ខ្លួន​ធ្លាប់​ប្រកួត​កន្លងមក​នោះឡើយ ដូច្នេះ កីឡាការិនី​វ័យ១៩ឆ្នាំ​រូបនេះ​ត្រូវ​សម្រក​អស់៤គីឡូក្រាម ហើយ​ការ​សម្រក​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្លាំង​របស់​ខ្លួន។

ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​តេ​ក្វាន់​ពិភពលោក​ឆ្នាំ២០១៥ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី១២ ដល់​ថ្ងៃទី១៨ ខែឧសភា ដោយមាន​អត្ត​ព​លិ​ក៨៧៣នាក់ (ស្រី៣៤៨នាក់) មកពី១៣៩ប្រទេស ប្រកួត​ដណ្តើម​មេដាយ​លើ១៦ប្រភេទ​ទម្ងន់ផ្សេងៗគ្នា (ប្រុស៨ និង​ស្រី៨ )។ ព្រឹត្តិការណ៍​នេះ ក៏​ជាការ​ធ្វើ​តេ​ស្តិ៍​សមត្ថភាព​ដ៏​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​កីឡា អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ឆ្នាំ២០១៦ ផងដែរ។

ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ស៊ន សៀវ​ម៉ី និង ស៊ន ដា​វីន ដែលជា​បងស្រី​ស្ថិតក្នុង​ចំណោម​អត្ត​ព​លិ​ក៥នាក់​ដែល​ទទួលបាន​អាហារូបករណ៍​សម្រាប់​ការហ្វឹកហាត់​ត្រៀម​ប្រកួត​ជម្រុះ​ក្នុង​ដំណើរ​ទៅកាន់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល នា​អំឡុង​ខែសីហា ឆ្នាំ២០១៦ ។ ក្រៅពី​កីឡាការិនី​តេ​ក្វាន់​ដូ​ឆ្នើម​ទាំង៣រូបនេះ មាន​អត្ត​ព​លិ​ក​ចំបាប់​ពីររូប​គឺ កីឡាការិនី ចូ​វ សុធា​រ៉ា និង​កីឡាករ ងួន មករា រួមជាមួយ​កីឡាការិនី​ហែល​ទឹក ហែម​ថុ​ន វិ​ទិ​នី។

កាលពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ឡុង​ដ៍​នា​ឆ្នាំ២០១២ កម្ពុ​ជាមាន​អត្ត​ព​លិ​ក​ចំនួន៦នាក់​ចូលរួម​ដែល​ក្នុងនោះ​មាន គៀង សាម៉ន (រត់​ចម្ងាយ៨០០ម៉ែត្រ) ចាន់ សីហា (រត់​ចម្ងាយ២០០ម៉ែត្រ) ហែម ថុ​ន​ពន្លឺ (ហែល​សេរី៥០ម៉ែត្រ) ហែម ថុ​ន​វិ​ទិ​នី (ហែល​សេរី៥០ម៉ែត្រ) ខុម រតនៈ​មុន្នី (យូ​ដូ​ក្រោម​ទម្ងន់៦០គីឡូក្រាម) និង ស៊ន ដា​វីន (តេ​ក្វាន់​ដូ​ទម្ងន់​លើស៦៧គីឡូក្រាម)។ នាពេលនោះ កម្ពុជា​សុទ្ធតែ​បាន​ធ្លា​ក់នៅ​វគ្គ​ជម្រុះ​ដំបូង។ កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន ដា​វីន ដែល​ទទួលបាន Wild Card (ចូលរួម​ប្រកួត​ដោយ​មិនចាំបាច់​ឆ្លងកាត់​ការ​ជម្រុះ) បាន​ចាញ់​កីឡាការិនី​ម៉ិចស៊ិក María Espinoza នៅ​វគ្គ១៦នាក់​ដំបូង។

ដោយឡែក សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​សិង្ហ​បុរី​នាពេលខាងមុខ ស៊ន សៀវ​ម៉ី មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​នោះឡើយ ដោយសារ​ក្រុម​ម្ចាស់ផ្ទះ​រៀបចំ​ឲ្យ​ការប្រកួត​ដណ្តើមយក​មេដាយ​តែ​សម្រាប់​ទម្ងន់​ក្រោម៦២គីឡូក្រាម​ប៉ុណ្ណោះ។  សៀវ​ម៉ី ដែល​បានឈ្នះ​មេដាយមាស​ផងដែរ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នេះ កាលពី​ឆ្នាំ២០១៣ ក្នុង​ទម្ងន់​ក្រោម៧៣គីឡូក្រាម បាន​សម្តែង​ការសោកស្តាយ ប៉ុន្តែ​កីឡាការិនី​រូបនេះ បាន​សន្យា​ព្យាយាម​ហ្វឹកហាត់​ដើម្បី​ដណ្តើម​ឲ្យ​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក៕








© រក្សាសិទ្ធិដោយ thmeythmey.com