ពីនេះ ពីនោះ
ការស្រាវជ្រាវ៖ រួមភេទ​កាន់តែ​ច្រើនដង​មិនអាច​ធ្វើ​ឲ្យ​អ្នកមាន​សុភមង្គល​នោះទេ
16, May 2015 , 6:59 pm        
រូបភាព
ដោយ:

កាលពីមុន​អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា ការ​រួមភេទ​កាន់តែច្រើន​នោះ​នឹង​ធ្វើឱ្យ​យើង​សប្បាយចិត្ត​ព្រោះថា​ការរួម​ភេទ​និង​សុភមង្គល​គឺមាន​ទំនាក់ទំនង​វិជ្ជមាន។ ប៉ុន្តែ​ការសិក្សា​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ Carnegie Mellon បាន​បង្ហាញថា​ការបង្កើន​សកម្មភាព​ផ្លូវភេទ​ច្រើនដង​ពេក នឹងមិន​អាចធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល​បានឡើយ។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ ដែល​ចុះផ្សាយ​នៅក្នុង​កាសែត New York Daily News ។


អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា កាលពីពេល​មុនគេ​បាន​រកឃើញ​ពី​ទំនាក់​ទំនងជា​វិជ្ជមាន​រវាង​ការរួម​ភេទ​និង​សុភមង្គល ព្រោះថា​ភាពសប្បាយ​រីករាយ​ឬ​ការ​មាន​សុខភាព​ល្អ នឹង​អាច​ជំរុញ​ឲ្យ​ដៃគូ​មានការ​រួមភេទ​កាន់តែច្រើន នឹង​អាចធ្វើឱ្យ​អ្នក​រីករាយ។ ប៉ុន្តែ​ការបង្កើន​ចំនួន​ដង​នៃ​ការ​រួមភេទ​ជាមួយ​ដៃគូ គឺ​មិនមែន​រូបមន្ត​សម្រាប់ធ្វើ​ឲ្យ​មាន​សុភមង្គល​នោះទេ។

សាកលវិទ្យាល័យ Carnegie Mellon បាន​សម្ភាសន៍​និង​សាកសួរ​មនុស្ស​ដែលមាន​អាយុ​ចន្លោះ​ពី៣៥ទៅ ៦៥ ឆ្នាំ​ដែល​អ្នក​ទាំងនោះ​គឺជា​មនុស្ស​ស្រលាញ់​ភេទ​ផ្ទុយគ្នា​និង​បាន​រៀបការ​រួម​ហើយ។អ្នកស្រាវជ្រាវ​បាន​សម្ភាសន៍​ពួកគេ​ដើម្បី​បង្កើត​ស្ថិតិ​ជា​មូលដ្ឋាន​មួយ​ស្តីពី​ការ​រួមភេទ​ញឹកញាប់​ប្រចាំ​សប្តាហ៍​របស់​ប្តី​ប្រពន្ធ។ អ្នកស្រាវជ្រាវ​ក៏បាន​ស្នើ​ឲ្យ​គូ​ស្វាមីភរិយា​មួយចំនួន បង្កើន​ចំនួន​នៃ​ការ​រួមភេទ​ទ្វេដង លើសពី​អ្វីដែល​ពួកគេ​ជា​ធ្វើជា​ធម្មតា​ក្នុង​សប្តាហ៍​ផងដែរ។

ការពិសោធន៍​នេះ​បាន​បន្ត​អស់​រយៈពេល​បី​ខែ ក្រោយមក​ក្រុម​អ្នកស្រាវជ្រាវ ក៏បាន​សាកសួរ​ដៃគូ​ទាំងនោះ​ពី​ស្ថានភាព​នៃ​ការរួម​ភេទ​របស់​ពួកគេ។ ជា​លទ្ធផល ប្ដី​ប្រពន្ធ​ដែល​បង្កើន​ការរួម​ភេទ​កាន់តែ​ច្រើនដង គឺ​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​កាត់បន្ថយ​ចំណង់​ផ្លូវភេទ ព្រមទាំង​មានការ​ថយចុះ​នូវ​ក្ដី​សុខ​ស្រួល​ក្នុង​ជីវិត​ផ្លូវភេទ​របស់​គូ​ស្វាមីភរិយា​ទាំងនេះ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com