កីឡាជាតិ
ឈុត World Cup ប៉ះ​ក្រុម​ជប៉ុន​នៅ​ខ្មែរ​នៅ​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ
17, May 2015 , 2:03 pm        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ជម្រើសជាតិ​ឈុត​ធំ របស់​កម្ពុជា សម្រាប់​ត្រៀម​ជម្រុះ​ពានរង្វាន់​បាល់ទាត់ 2018 FIFA World Cup ជុំ​ទី២ ប្រចាំ​ទ្វីបអាស៊ី នឹងត្រូវ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​កីឡាករ​ជប៉ុន​ដែល​ប្រកួត​អាជីព​នៅ​កម្ពុជា (Japanese All Stars) វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៥ នេះ​លើ​ទីលាន​ស្មៅ​សិប្ប​និមិត្ត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។



នេះ​ជាការ​ប្រកួត​ផ្លូវការ​ដំបូង​គេ​បង្អស់​នៅលើ​វាលស្មៅ​សិប្ប​និមិត្ត ដែល​ទើបតែ​សាងសង់​រួច​កាលពីពេលថ្មីៗ ក្រោម​ជំនួយ Goal Project របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA មុន​បើកទ្វា​ទទួលភ្ញៀវ សិង្ហ​បុរី និង អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​វគ្គ​ជម្រុះ FIFA World Cup ដើមខែ​ក្រោយ។

សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ធ្លាប់​ប្រកួត​ឈ្នះ​ក្រុម Tiger Cambodia (អតីត​ត្រាយ​អាស៊ី​ភ្នំពេញ) កាលពី​ថ្ងៃទី ៩ ខែ ឧសភា នៅ​ទីលាន​របស់​ក្រុម​វេ​ស្ទើ​ន ម្ដុំ​ទួលគោក ដោយ​លទ្ធផល ២ ទល់ ១ ហើយ​នៅ​ថ្ងៃទី ១៣ ខែ ឧសភា ក្រុម​កម្ពុជា ប្រកួត​ចាញ់​ក្រុម​ជើងឯក Hun Sen Cup 2015 ខេត្តស្វាយរៀង ៣ ទល់ ០ នៅ​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី។

ដំណឹង​ក្រៅផ្លូវការ​មួយ​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​ឡាវ បានឱ្យដឹងថា ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ នៅ​ថ្ងៃទី ២ ខែ មិថុនា លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា មុន​ប៉ះ​ក្រុម សិង្ហ​បុរី នៅ​ថ្ងៃទី ១១ ខែ មិថុនា និង អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៥ ក្នុង​វគ្គ​ជម្រុះ​ពូ​ល E ប្រចាំ​ទ្វីបអាស៊ី​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក។

លោកគ្រូ​បង្គោល​បណ្ដោះអាសន្ន​ជនជាតិ​ជប៉ុន Ohara Kazunori បាន​ប្រមូលផ្ដុំ​ក្រុម​កម្ពុជា​ចំនួន ៤០ នាក់ មុន​ជម្រុះ​យកតែ ២៥ នាក់ សំងំ​ហ្វឹកហាត់​នៅ​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​តាំងពី​ចុងខែ​មេសា មកម្ល៉េះ។

សម្រាប់​ការប្រកួត​នៅ​ល្ងាច​នេះ​បើកទូលាយ​ឱ្យ​ទស្សនិកជន​ទស្សនា​ដោយ​សេរី ចាប់ពី​ម៉ោង ៦:៣០ នាទី​ល្ងាច​តទៅ។ យោងតាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជំនួប​នេះ​មិនមាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ណាមួយ​ឡើយ។


© រក្សាសិទ្ធិដោយ thmeythmey.com