កីឡាជាតិ
នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​ដំឡើង​ប្រាក់ឧបត្ថម្ភ និង​ប្រាក់​បំប៉ន​ទ្វេដង​ដល់​ក្រុមកីឡា​ជម្រើសជាតិ
18, May 2015 , 8:19 pm        
រូបភាព
ដោយ: រួបរួម
 លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​មានការ​កែសម្រួល​ប្រកាស​អន្តរក្រសួង​ស្តីពី​ការផ្តល់ប្រាក់​ឧបត្ថម្ភ និង​ប្រាក់​បំប៉ន​ដល់​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា ពោលគឺ​ឲ្យ​មាន​ចំនួន​កើន​ទ្វេដង​ដើម្បី​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក គ្រូបង្វឹក និង​អនុរក្ស។ ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​គឺធ្វើឡើង​នា​ជំនួប កាលពី​ព្រឹក​ថ្ងៃទី១៨ ខែឧសភា នៅ​វិមាន​សន្តិភាព ជាមួយ​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា២៥៦រូប ដែល​ត្រៀម​ចេញទៅ​ចូលរួម​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ នៅ​ប្រទេស​សិង្ហ​បុរី។



លោក អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ពន្យល់ថា ប្រាក់​បំប៉ន គឺជា​ប្រាក់​អាហារូបត្ថម្ភ​បំប៉ន​កីឡាករ-កីឡាការិនី​ឲ្យ​មាន​ថាមពល​គ្រប់គ្រាន់​ប្រចាំថ្ងៃ​សម្រាប់​ការហ្វឹកហាត់​បច្ចេកទេស​ដើម្បី​បង្កើន​សិទ្ធ​ផល ហើយ​ប្រាក់ឧបត្ថម្ភ​គឺ​ការផ្តល់​មិន​អចិន្ត្រៃយ៍​តាម​រយៈពេល​កំណត់​ធ្វើ​អ្វីមួយ។

បើតាម​ការណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី លោក អ៊ុក សិទ្ធី​ជាតិ បាន​លើកឡើងថា កីឡាករ-កីឡាការិនី​ដែល​ស្ថិតក្នុង​ការប្រមូលផ្តុំ នឹង​ត្រូវបាន​តម្លើង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ពី២៥ម៉ឺន​រៀល ទៅ៥០ម៉ឺន​រៀល គ្រូបង្វឹក​ពី៣០ម៉ឺន​រៀល​ទៅ៦០ម៉ឺន​រៀល និង​អនុរក្ស​ពី១៥ម៉ឺន​រៀល​ទៅ៣០ម៉ឺន​រៀល។ ចំពោះ​ប្រាក់​បំប៉ន​ប្រចាំថ្ងៃ​របស់​អត្ត​ព​លិ​ក​ដែល​បច្ចុប្បន្ន​មាន​ចំនួន២៨០០០រៀល​ក្នុង​មួយថ្ងៃ ឬ៨៤ម៉ឺន​រៀល​ក្នុង​មួយខែ​នោះ នឹង​កើន​ដល់១លាន៣សែន​រៀល​ក្នុង​មួយខែ។

មន្ត្រីជាន់ខ្ពស់​ផ្នែក​កីឡា​រូបនេះ បាន​អះអាងថា ក្រសួង​របស់លោក រួមជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​រៀបចំ​ប្រកាស​អន្តរក្រសួង​ឡើងវិញ ទៅតាម​ការលើកឡើងរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហើយនឹង​ត្រូវអនុវត្ត​ចាប់ពី​ឆ្នាំក្រោយ​តទៅ ខណៈ​ការប្រមូលផ្តុំ​នៅ​ឆ្នាំនេះ ត្រូវ​ចប់សព្វគ្រប់​ហើយ។

នា​ជំនួប​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ផងដែរ លោកនាយក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​ក្រុម​កីឡាករ-កីឡាការិនី​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ និង​គោរព​ឲ្យ​បាន​នូវ​ក្រមសីលធម៌ សុជីវធម៌។ ជាមួយគ្នានេះ លោក​បាន​ឧបត្ថម្ភ​ដល់​ប្រតិភូ​ទាំងអស់​ក្នុងម្នាក់ៗចំនួន៣០០ដុល្លារ​អាមេរិក។

សម្រាប់​ស៊ី​ហ្គេម​លើក​ទី២៨នៅ​ប្រទេស​សិង្ហ​បុរី​ដែល​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី៥ ខែមិថុនា កម្ពុជា​បញ្ជូន​កីឡា​ចំនួន២២ប្រភេទ​ឲ្យ​ចូលរួម ក្នុង​កីឡាករ-កីឡាការិនី​មាន​ចំនួន១៧៦នាក់៕














© រក្សាសិទ្ធិដោយ thmeythmey.com