កីឡាជាតិ
ខេត្តព្រះវិហារ​បង្កើតបាន «គណៈកម្មការ​ទ្រ​​ទ្រង់​កីឡា» ប្រចាំខេត្ត​របស់ខ្លួន
20, May 2015 , 11:16 am        
រូបភាព
ដោយ: រួបរួម
លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ស្តីពី «ការបង្កើត​គណៈកម្មកា​រ​ទ្រទ្រង់​កីឡា​ខេត្តព្រះវិហារ»។ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការផ្តួចផ្តើម​នេះ ដោយ​ខ្លួន​ត្រៀម​សហការ​ក្នុង​ភាពជា​ដៃគូ​ក្នុងការ​ជំរុញ​ចលនា​អូឡាំពិក​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល។



តាមរយៈ​សេចក្តីសម្រេច កាលពីដើម​ខែមេសា កន្លងមក លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ បានជ្រើសរើស​សមាសភាព​ដើម្បី​ទ្រទ្រង់​វិស័យ​កីឡា​នៅក្នុង​ខេត្ត​ទាំងមូល ដោយ​លោក​ផ្ទាល់​ទទួលបន្ទុក​ជា​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​កីឡា ខណៈ​លោក អ៊ុន ចាន់​ដា អភិបាលរង​ខេត្ត និង​លោក ហន ឆន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត មាន​តួនាទី​ជា​អនុប្រធាន។

សមាសភាព​ផ្សេងទៀត​ដែលជា​សមាជិក មានដូចជា លោក សោម បុ​ប្ឆា​រ័ត្ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ លោក កង សៅ​គុណ មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត លោក ស៊ី គិរី ស្នងការ​នគរបាល​ខេត្ត រ​យម​ទាំង​ប្រធាន​មន្ទីរ អភិបាលក្រុង-ស្រុក និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា​ក្នុង​ខេត្ត។ ក្នុងនោះ គេ​ក៏​សង្កេតឃើញ​មាន​សមាសភាព​ពី​ភាគី​ឯកជន​ផងដែរ ដូចជា លោក ផាន់ ចំរុង ប្រធាន​ធនាគារ​អេស៊ីលីដា​ខេត្ត លោក រី ធារ៉ា ប្រធាន​ក្រុម​បាល់​ទាត់​ព្រះវិហារ​ក្រុង លោក ជា គឹម​ថា​ន ប្រធាន​ប្រតិបត្តិ​អង្គការ​ទស្សន​ពិភពលោក​ខេត្ត លោក ជា សំ​អួន ប្រធាន​ក្រុមបាល់ទាត់ ស៊ី​អេស​អូ និង​លោក ជា សុ​ផា​ណា​រ៉ាត់ ប្រធាន​ក្រុមបាល់ទាត់ ស៊ី​អេស​អិន ជាដើម។

យោងតាម​ប្រការ២ គណៈកម្មការ​ទ្រទ្រង់​កីឡា​ខេត្តព្រះវិហារ មាន​តួនាទី​ក្នុងការ​ពង្រឹង និង​អភិវឌ្ឍ​សមាគម​ក្លឹប​កីឡា​មហាជន​នៅតាម​ក្រុង ស្រុក និង​មន្ទីរ​អង្គភាព​នានា ជំរុញ និង​បំផុសសកម្មភាព​ហាត់ប្រាណ​ឲ្យ​បាន​ទូលំទូលាយ ជំរុញ​សកម្មភាព​កីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់ក្រុង ស្រុក និង​ថ្នាក់​ខេត្ត និង​បំផុស​ឲ្យ​មានការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ថ្នាក់ជាតិ។

បន្ថែម​ពីលើ​នេះ លោក​អភិបាលខេត្ត​ព្រះវិហារ បាន​លើកទឹកចិត្ត​ឲ្យ​គណៈកម្មការ​នេះ ស្វែងរក​ប្រភពធនធានផ្សេងៗ ទាំង​ថវិកា សម្ភារ បច្ចេកទេស​ដើម្បី​គាំទ្រ​សកម្មភាព​របស់​ក្រុម។ បន្ថែម​ពីលើ​នេះ សេចក្តីសម្រេច ក៏បាន​ជំរុញ​ផងដែរ​ឲ្យ​ក្រុង ស្រុក រៀបចំ​បង្កើត​គណៈកម្មកា​រ​ទ្រទ្រង់​កីឡា។

គំនិត​ផ្តួចផ្តើម​នេះ ទទួលបាន​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន NOCC  បានសរសេរថា៖ «គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ខេត្តព្រះវិហារ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅក្នុង​ខេត្ត​នេះ ដោយបាន​បង្កើត​គណៈកម្មកា​រ​ទ្រទ្រង់​កីឡា​ខេត្តព្រះវិហារ ដែលមាន ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ ជា​ប្រធាន»។

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សូម​ធ្វើការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្កើត​គណៈកម្មការ​នេះ និង​ត្រៀមខ្លួន​សហការ​ក្នុង​ភាពជា​ដៃគូ ក្នុងការ​ជំរុញ​ចលនា​អូឡាំពិក​នៅ​ខេត្តព្រះវិហារ និង​បណ្តា​ខេត្ត​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា ដើម្បី​ត្រៀមខ្លួន​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ឧត្តមភាព​ជាតិ​នៃ​ការរៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមបញ្ជាក់ថា ការបង្កើត​គណៈកម្មកា​រ​ទ្រទ្រង់​កីឡា​ថ្នាក់​ខេត្ត គឺធ្វើឡើង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ៕





© រក្សាសិទ្ធិដោយ thmeythmey.com