បទវិភាគ
អន្តរជាតិ
តើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ពិតជា​ជន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​មី​យ៉ាន់​ម៉ា​ឬ?
07, Sep 2017 , 3:39 pm        
រូបភាព
រូបភាព៖The Hindu
រូបភាព៖The Hindu
 
ដោយយោង​តាមច្បាប់​ពល​រដ្ឋ​មី​យ៉ាន់​ម៉ា​ឆ្នាំ ១៩៨២ ប្រទេស​នេះ​មាន ១៣៥ ជាតិពន្ធុ ប៉ុន្តែ​ច្បាប់​នេះមិនបាន​ទទួលស្គាល់ ​និង​រាប់​ប​ញ្ជូ​ល​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​បានរស់នៅ​លើទឹក​ដី​មី​យ៉ាន់​ម៉ា​អស់​ជាច្រើន​សតវត្ស​មកហើយ​នោះ​ថា​ជា​ពលរដ្ឋ​ និង​ជា​ជនជាតិភាគតិច​របស់​ខ្លួន​នោះទេ។ មិនតែប៉ុណ្ណោះ​នៅក្រោម​ច្បាប់​នៃ​រដ្ឋ​មី​យ៉ាន់​ម៉ា ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា មិន​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋានផ្សេងៗដូចជា​ជនជាតិភាគតិច​ដទៃ​ឡើយ។ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នោះ​ទៀត​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​បន្ត​រង​ការគាបសង្កត់​ រើសអើង និងការធ្វើទុក្ខបុកម្នេញ ពី​ការបញ្ជូន​ចេញពី​ទឹកដី​មី​យ៉ាន់​ម៉ា ក៏ដូចជា​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ជនជាតិ​ភាគច្រើន​ដែលជា​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​កាន់​ព្រះពុទ្ធសាសនា និង​មិនត្រូវ​បានទទួល​ការការពារ​ពី​សំណាក់​អាជ្ញាធរ​ឡើយ។ ​ពួកគេ​ថែមទាំង​ត្រូវបាន​រដ្ឋ​ចាត់ទុកថា​ជា​ប្រភព​នៃ​ភាពចលាចល​ក្នុងប្រទេស​ និង​ជា​ជនជាតិ​ដែល​គ្មាន​រដ្ឋ​ថែម​ទៀតផង។ យោង​ទៅតាម​របាយ​ការណ៍ អង្គការសហប្រជាជាតិ ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​គឺជា​ក្រុម​ជនជាតិ​ដែល​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​ខ្លាំងជាងគេ​នៅលើ​ពិភពលោក។


សូម​ស្តាប់​ការបកស្រាយ​របស់លោក​សៅ ផល​និស្ស័យ៖





រ៉ូ​ហ៊ីង​យ៉ា​ជា​ជនជាតិភាគតិច​គោរព​សាសនា​ឥស្លាម​ហើយ​ដែល​កំពុង​រស់នៅ​ប៉ែក​ខាងជើង​នៃ​រដ្ឋ ​Rakhine។ មុន​ឆ្នាំ១៩៨៩រដ្ឋ​នេះ​មាន​ឈ្មោះថា​រដ្ឋ​ Arakan ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​បង់​ក្លា​ដែ​ស។ ចំណែកប្រជាជនរ៉ូ​ហ៊ីង​យ៉ា​មាន​ចំនួន​ប្រមាណ​ជាង​មួយ​លាន​នាក់​ក្នុងចំណោម​ប្រជាជន​មី​យ៉ាន់​ម៉ា​សរុប​ចំនួន​ជិត៦០លាន​នាក់​ដែល​គោរពបូជា​សាសនាព្រះពុទ្ធ។ យោងតាម​ឯកសារ​ស្រាវជ្រាវ​ និង​ប្រវត្តិសាស្ត្រ  រ៉ូ​ហ៊ីង​យ៉ា​មិនមែនជា​ជនជាតិ​ដែល​ទើប​មាន​វត្តមាន​នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា​នោះទេ ។

បុព្វការី​ជន​នៃ​រ៉ូ​ហ៊ីង​យ៉ា​បានមក​រស់នៅ​លើទឹក​ដី​មី​យ៉ាន់​ម៉ា​នេះ​ជាច្រើន​សតវត្ស​មកហើយ។ជនជាតិ​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ចូលមក​រស់នៅ​ដំបូងបង្អស់​នៅលើ​ទឹកដី Arakan ចាប់តាំងពី​អំឡុង​មុន​ឆ្នាំ ១៤០០ នៃ​គ្រឹះសករាជ ក្នុងនាម​ជា​អ្នក​បំរើអោយ​ស្តេច​ដែល​ប្រតិបត្តិ​សាសនាព្រះពុទ្ធ​ Narameikhla (Min Saw Mun)នា​សម័យ​នោះ​ជា​អ្នកកាន់កាប់​និង​គ្រប់គ្រង​រដ្ឋ។នៅក្នុង​អំឡុង​ឆ្នាំ ១៤៣០​ ជនជាតិ​ឥស្លាម​ដែលមាន​វត្ត​មាននៅ​រដ្ឋ​ Arakan បាន​ស្វាគមន៍​ និង​បើកចំហរ​ដល់​ជនជាតិ​ឥស្លាម​ដ៏ទៃទៀត​អោយចូល​មក​តាំងទី​លំនៅ​នៅលើ​ទឹកដី Arakan។

វត្តមាន​នៃ​ជនជាតិ​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​កាន់​តែមាន​ចំនួន​ច្រើនឡើង​រហូត​ធ្វើអោយ​ស្តេច​បន្ទាប់​ដែល​កាន់កាប់​គ្រប់គ្រង​រដ្ឋ ​Arakanក៏​យក​លំនាំ​តាម​ចក្រភព​ Mughal ដែល​ដឹកនាំ​ដោយ​អ្នកប្រតិបត្តិសាសនាឥស្លាម​ហើយ​ប្រើ​ឈ្មោះ​ឥស្លាម​សំរាប់​ដាក់ឈ្មោះ​ដល់​ក្រុម​កងទ័ព​ និង​មន្ត្រីរាជការ​ថែម​ទៀតផង។ ប៉ុន្តែ​នៅ​ឆ្នាំ១៧៨៥ ជនជាតិ​មី​យ៉ាន់​ម៉ា​ដែល​កាន់សាសនា​ព្រះពុទ្ធ​មកពី​ប៉ែក​ខាងត្បូង​បាន​ចូលមក​កាន់កាប់​រដ្ឋ​ Arakan ហើយ​បាន​កម្ចាត់​ចោល​រាល់​ជនជាតិ​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ដែល​ពួកគេ​ប្រទេះ​ឃើញ។

ដូច្នេះហើយ​ ជនជាតិ​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ដែល​បានគេច​ផុតពី​ការកាប់សម្លាប់​នោះ​ប្រមាណ ៣៥០០០ នាក់​បាន​រត់​ភៀសខ្លួន​ចូលទៅ​រស់នៅក្នុង​ទឹកដី​ Bengal ដែលជា​ផ្នែក​មួយចំនួន​នៃ​អាណានិគម​អង់គ្លេស​លើទឹក​ដី​ឥណ្ឌា។ក្រោយមក​បន្ទាប់ពី​សង្គ្រាម​អង់គ្លេស-មី​យ៉ាន់​ម៉ា​លើក​ទី១ (១៨២៤-១៨២៦)បានបញ្ចប់​ទៅក្នុង​ឆ្នាំ១៨២៦ចក្រភព​អង់គ្លេស​បាន​ចូលមក​កាន់កាប់​រដ្ឋ​Arakanហើយ​ពួកគេ​ណែនាំ​ឲ្យ​កសិករ​ដែល​រស់នៅ​តំបន់​Bengalដែល​រួមមាន​ទាំង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ និង​ទាំង​ជនជាតិដើម Bengal ផង​នោះ មក​រស់នៅ​លើទឹក​ដីរ​ដ្ឋ​ Arakan។

ជនជាតិ​អង់គ្លេស​ឥណ្ឌា​ក៏បាន​នាំគ្នា​ចូលមក​រស់នៅក្នុង​តំបន់​ខាងលើ​ផងដែរ។ ចលនា​ចំណូលស្រុក​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ជនជាតិ​ Bengal និង​ជនជាតិ អង់គ្លេស-ឥណ្ឌា ដ៏​សន្ធឹកសន្ធាប់​នោះ បានធ្វើអោយ​ប្រជាជន​ដែល​កាន់សាសនា​ព្រះពុទ្ធ​កំពុង​រស់នៅ​លើទឹក​ដី ​Arakan ខឹងសម្បារ​យ៉ាងខ្លាំង។ ការខឹង​សម្បារ​បង្ករ​អោយមាន​ភាព​តានតឹង​រវាង​ក្រុម​ជនជាតិ​ច្រើន​ក្រុម​ទាំងនោះ​ហើយ​វា​ជា​ឬ​សគល់​នៃ​ជម្លោះ​រវាង​បណ្តា​ក្រុម​ជនជាតិភាគតិច​កើតឡើង​សព្វថ្ងៃ​នេះដែរ។ភាព​តានតឹង​រវាង​បណ្តា​ក្រុម​ជាតិពន្ធុ​ផ្សេងគ្នា នោះ​កាន់​តែមាន​ភាព​ធ្ងន់ធ្ងរ​ឡើង​បន្ទាប់ពី​មានការ​ដកខ្លួន​ចេញ​របស់​ចក្រភព​អង់គ្លេស​ពី ​Arakan ដោយសារ​ខ្លួន​ចាញ់​សង្គ្រាម​ជាមួយ​ជប៉ុន។

​រដ្ឋ Arakanត្រូវបាន​គ្រប់គ្រង​ដោយ​ជប៉ុន​វិញ​ម្តង។ឆ្លៀតពេល​អវត្តមាន​ទ័ព​អង់គ្លេស ក្រុម​អ្នក​កាន់សាសនា​ឥស្លាម​និង​ព្រះពុទ្ធសាសនា​បាន​បង្ករ​ជា​ជម្លោះ​ហើយ​បាន​កាប់សម្លាប់​គ្នា​យ៉ាង​សាហាវឃោរឃៅ។ការណ៍​នេះ​បាន​ជំរុញ​អោយ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា រត់​រក​ការការពារ​ពី​សំណាក់​កងទ័ព​ចក្រភព​អង់គ្លេស។មិនយូរប៉ុន្មាន​ជប៉ុន​បានដឹង​ពី​ទំនាក់ទំនង​រវាង​រ៉ូ​ហ៊ីង​យ៉ា និង​អង់គ្លេស​ហើយ​ជប៉ុន​ក៏​ចាប់ផ្តើម ដាក់ទណ្ឌកម្ម​ក្រុម​នេះ​ដោយ​ធ្វើ​ទុក្ខបុកម្នេញ និង​សម្លាប់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដែល​រស់​នៅលើ​ទឹកដី​Arakanនោះ​ផង។ ដោយសារ​មូលហេតុ​នេះហើយ​ទើប​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​នាំគ្នា​រត់​ភៀសខ្លួន​ទៅ Bengal សារជាថ្មី។

 យ៉ាងណាមិញ រយៈពេល​ប្រមាណ​មួយ​ទសវត្ស​រ៍ ក្រោយ​ទទួលបាន​ឯករាជ្យ គឺ​នៅ​ឆ្នាំ១៩៥៩ ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅរស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ​BaSwe ថា​ជា​អំបូរ​ពូជសាសន៍​មួយ​ដែលមាន​សិទ្ធិ​សេរី​ស្មើគ្នា​និង​ជាតិ​សាសន៍​ដ៏ទៃទៀត​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ស្ថិតក្រោម​ការការពារ​ដោយ​ច្បាប់។ជា​អកុសល​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ឧ​ត្ត​ម​សេនី​យ៏​ នូរ (U Nu) រៀបចំ​ដោយ​ឧ​ត្ត​ម​សេនី​យ៏ នេ​វិ​ន នា​ឆ្នាំ១៩៦២ មក​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ ​ត្រូវ​ជនជាតិ​មី​យ៉ាន់​ម៉ា​ចាត់ទុកជា​ជន​ក្បត់​ហើយ​បាន​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​ពុំ​ឈប់ឈរ​និង​ត្រូវបាន​ចាត់ទុកថា​ជា«ជនអន្តោប្រវេសន៍​ខុសច្បាប់»ដែលមាន​សម្បុរ​ខ្មៅខុសប្លែក​ពីគេ និង​មិនមែនជា​ជនជាតិ​មី​យ៉ាន់​ម៉ា​ទេ។

កំហុស​របស់​ពួក​រ៉ូ​ហ៊ីង​យ៉ា​ដែល​ធ្វើអោយ​ជនជាតិ​មី​យ៉ាន់​ម៉ា​ស្អប់ខ្ពើម ​និង​ធ្វើបាប​ពួកគេ​ខ្លាំងក្លា​បែបនេះ គឺ​ ពួក​រ៉ូ​ហ៊ីង​យ៉ា ធ្លាប់បាន​ជួយ​គាំទ្រ​ទាហាន​អង់គ្លេស​​វាយដណ្តើម​យក​ប្រទេស​មី​យ៉ាន់​ម៉ា​ធ្វើជា​ប្រទេស​ចំណុះ​នៅ​ឆ្នាំ ១៨២៤ ។ ប៉ុន្តែផ្នត់គំនិត​ផ្សេងទៀត​ដែល​ជំរុញ​ឲ្យ​ជនជាតិ​មី​យ៉ាន់​ម៉ា​ស្អប់ និង​ព្យាយាម​រឹតត្បិត​សិទ្ធិសេរីភាព​ជនជាតិភាគតិច​នេះ​ខ្លាំង គឺ​ការកើនឡើង​នៃ​ចំនួន​ប្រជា​ជននេះ​ឆាប់រហ័ស និងរួមទាំងការ​​បារម្ភពីការកើត​មាន​ចលនា​ឥស្លាម​នីយកម្ម​នៅរដ្ឋ​ Rakhine និង​មាន​ចលនា​បំបែក​រដ្ឋ​ជាដើម៕

ឯកសារពិគ្រោះ៖

១. Separating Fact from Fiction about Myanmar’s Rohingya

២. A Short History of Myanmar’s Rohingya Minority

៣. Who are the Rohingya?

© រក្សាសិទ្ធិដោយ thmeythmey.com