ពិភពតារា៖ តាត ​លក្ខិណា ​យក​ស្វាមីមិន​ប្រកាន់​វ័យ​នោះទេ
21, May 2015 , 9:57 am        
រូបភាព
ដោយ:

ភ្នំពេញ៖ តារាចម្រៀង និង​សម្តែង​កញ្ញា​តាត​លក្ខិណា​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ជីវិត​គូស្រករ​ថាបើ​ទៅ​ថ្ងៃ​អនាគត​នាង​យក​ស្វាមី គឺ​មិន​ប្រកាន់​លើ​វ័យ​នោះទេ​សំខាន់​ឲ្យ​តែ​គេ​មានចិត្ត​ស្មោះ និង​ចេះ​ស្រលាញ់​នាង និង​ក្រុមគ្រួសារ​របស់​នាង​ទៅ​គឺ​គ្រប់គ្រាន់​ហើយ។



អ្នកចម្រៀង​វ័យ២៣ឆ្នាំ​កញ្ញា​តាត​លក្ខិណា​បើទោះបីជា​មិនទាន់មាន​ទ្រនំ​ច្រៀង​នៅឡើយ​ប៉ុន្តែ​នាង​បានធ្វើ​ឲ្យ​មហាជន​ស្គាល់​វត្តមាន​របស់​នាង​តាមរយៈ​ការសម្តែង​ភាពយន្ត​ចំនួន៣រឿង​ក្រោយពី​បន្សាត់​ខ្លួន​ចូលប្រឡូក​សិល្បៈ​នា​ឆ្នាំ២០០៨។

ទាក់ទិន​នឹង​ជីវិត​ឯកជន​អ្នកចម្រៀង​មកពី​ក្រុង​តាខ្មៅ​រូបនេះ​បាន​បង្ហើប​ឲ្យ​ដឹងថា សព្វថ្ងៃ បេះដូង​នាង​នៅ​ទំនេរ​ស្អាត ប៉ុន្តែ​ក៏មាន​អ្នក​ស្រលាញ់​ខ្លះ​ដែរ តែ​នៅ​មិនទាន់​យកចិត្តទុកដាក់​រឿង​ស្នេហា​នៅឡើយ​ទេ រង់ចាំ​មាន​ទ្រនំ​ច្រៀង​សិន និង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ក្នុង​អាជីព​សិល្បៈ​នេះ។

ទោះយ៉ាងណា តាត លក្ខិណា និយាយថា បើ​ទៅ​ថ្ងៃ​អនាគត​នាង​យក​ស្វាមី​នោះ​មិន​ប្រកាន់​ថា បុរស​វ័យ​ចំណាស់​ឬ​ប្តី​ពោះម៉ាយ​នោះទេ។នាង​អះអាងថា​រឿង​គូស្រករ​គឺ​វា​អាស្រ័យ​លើ​វាសនា​ជា​កំណត់​មក។ តាត លក្ខិណា បញ្ជាក់​ឲ្យ​ដឹងថា​កាលពី​នៅ​វ័យ​ជំទង់​នាង​តែង​ហាត់​ច្រៀង​ជា​ញឹកញយ​នៅ​ចង្ក្រាន​បាយ​ដូច្នេះ​នាង​គិតថា​ប្រសិន​ទៅ​ថ្ងៃ​អនាគត​បាន​ប្តី​ពោះម៉ាយ​នោះ​នាង​មិនតូច​ចិត្ត​ដែរ ។

តាត​លក្ខិណា​បាន​រំលឹក​ពី​ដើមចម​មុន​ចូល​សិល្បៈ​ថា​នាង​បាន​ចូលរួម​ប្រលង​កញ្ញាឯក​នៅ​ស្ថា​នី​ទូរទស្សន៍​ក្នុងស្រុក​មួយ​និង​បាន​ជាប់​ចំណាត់ថ្នាក់​ប្រចាំខែ​ប៉ុន្តែ​ដោយសារ​ចិត្ត​ចង់​ថត​ភាពយន្ត​ពេក​នាង​បាន​បោះបង់​ការប្រលង​ស្រី​ស្អាត​នៅ​ពាក់កណ្តាល​ទី​ទៅ​សម្តែង​ខ្សែ​វីដេអូ​ភាគ​តាម​ការហៅ​របស់​ម្ចាស់​ផលិតកម្ម។

ការបង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់​នោះ ពិសេស​ក្នុង​រឿង “ចម្រៀង​ស្នេហ៍​រលក​ជីវិត”របស់​ទូរទស្សន៍ប៉ុស្តិ៍​លេខ៥ថ្វីបើ​នាង​មិនបាន​គ្រង​តំណែង​តួអង្គ​សំខាន់​ក៏ដោយ ប៉ុន្តែ​មហាជន​បាន​ស្គាល់​នាង​យ៉ាងច្បាស់ តាមរយៈ​តួអង្គ​ជា​អ្នកគ្រូ​បង្រៀន​ម្នាក់ ដែលមាន​ច​រិ​ក​សុភាពរាបសារ ពោរពេញ​ដោយ​ការអប់រំ។ បន្តបន្ទាប់​មកទៀត នាង​បាន​សម្តែង​ក្នុង​រឿង “ជីវិត​យុវវ័យ”របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍,រឿង “ជើងមេឃ​សម្បថ”របស់​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ១១និង​ចូលរួម​ថត​MTV ឲ្យ​ផលិតកម្ម​ក្រៅ​ស្រុក​ផងដែរ​ដូចជា​ផលិតកម្ម​ពន្លឺ​នាគ​ហោះ​និង​ផលិតកម្ម​បុប្ផា​ជាដើម..។

ក្រៅពី​សម្តែង​និង​ធ្វើ​ពិធី​ការិនី​នៅតាម​កម្មវិធី​មួយចំនួន​ដូចជា​ផ្សព្វផ្សាយ​ផលិតផលផ្សេងៗនោះ​តាត​លក្ខិណា​ក៏បាន​ការអញ្ជើញ​ឲ្យ​ឡើង​ច្រៀង​ជា​តារា​កិត្តិយស​នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍​ផងដែរ។

ទោះជា​យ៉ាងណា តាត លក្ខិណា អះអាងថា កាលពីដើម​ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ នាង​បាន​បដិសេធ​ការហៅ​ថត​ខ្សែ​វីដេអូ​ភាគ​មួយ ដោយសារ​ស្របគ្នា​ជាមួយនឹង​ការអញ្ជើញ​ឲ្យ​នាង​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ឆ្នាំ ២០១៤ ដែល​តាម​គម្រោង នាង​ត្រូវ​ស្នាក់នៅ​ច្រៀង​រយៈពេល​ពីរ​ខែ៕



© រក្សាសិទ្ធិដោយ thmeythmey.com