កីឡាជាតិ
ជាតិ
ក្លិប​ស៊ុយអែត AIK ដែលមាន​កៅអី​នៅ Europa League ធ្លាប់​ចាញ់​កម្ពុជា ២-១ កាលពី​ឆ្នាំ១៩៥៤
21, May 2015 , 11:59 am        
រូបភាព
កំណត់ត្រា​ដ៏​កម្រ​មួយ បានបង្ហាញ​ឲ្យ​ដឹងថា កម្ពុជា ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​ក្លិប AIK Fotboll នៃ​ក្របខណ្ឌ​កំពូល​ស៊ុយអែត Allsvenskan ក្នុង​លទ្ធផល ២-១ នា​ជំនួប​មិត្តភាព​មួយ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៥៤ ។



មិនមាន​ឯកសារ​លំអិត​ណាមួយ​បញ្ជាក់ថា គូប្រជែង​របស់​ក្លិប​ស៊ុត​អែ​ត​នាពេលនោះ គឺជា​ឈុត​ជម្រើសជាតិ​ឬ​យ៉ាងណា​នោះឡើយ ដោយ ​តារាង​កំណត់ត្រា​របស់​ក្លិប AIK ដែល​សារព័ត៌មានថ្មីៗបកប្រែ​ក្រៅផ្លូវការ បាន​បញ្ជាក់ថា គឺជា​ក្រុម​កីឡាករ​ចម្រុះ​របស់​កម្ពុជា​ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ។

ឆ្នាំ១៩៥៤ គឺជា​ឆ្នាំ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ប​ញ្ជូ​ល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជា​សមាជិក។ បើតាម FIFA ការផ្តួចផ្តើម​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​នៅ​កម្ពុជា គឺ​ចាប់​ផ្តើមឡើង​តាំងពី​ឆ្នាំ១៩៣៣ មកម្ល៉េះ ពោលគឺ​ក្នុង​រជ្ជកាល​ព្រះបាទ ស៊ីសុវត្ថិ មុន្នី​វង្ស ប៉ុន្តែ​មិនមាន​ឯកសារ​ណាមួយ​បញ្ជាក់​ឲ្យ​បានច្បាស់លាស់​នោះឡើយ។

កាលពី​ចុងឆ្នាំ១៩៥៤ ពោលគឺ​បន្ទាប់ពី​បញ្ចប់​ចំណាត់ថ្នាក់​លេខ៤ក្នុង​ក្របខណ្ឌ Allsvenskan  ក្លិប AIK Fotboll ក្រោម​ការដឹកនាំ​របស់​លោក Per Kaufeldt បានធ្វើ​ដំណើរ​មក​ប្រកួត​មិត្តភាព​នៅ​ទ្វីបអាស៊ី ដោយបាន​លេង៣ប្រកួត​នៅ​ហុងកុង ៤ប្រកួត​នៅ​ហ្វីលីពីន ៣ប្រកួត​នៅ​វៀតណាម ១ប្រកួត​នៅ​កម្ពុជា និង៣ប្រកួត​នៅ​ឥណ្ឌា។ ក្នុងចំណោម​ការប្រកួត​រយៈពេល២ខែ​នៅ​អាស៊ី ក្លិប AIK ចាញ់​តែ​ពីរលើក​គត់ គឺ​ក្នុងជំនួប​ជាមួយ​ក្លិប Hong Kong FC, និង​ក្រុម​កម្ពុជា។ បី​ថ្ងៃមុន​ប៉ះ​ក្រុម​កម្ពុជា ពួកគេ​បាន​បំបាក់​ជម្រើសជាតិ​វៀតណាម ៧-២ ។

ក្រោយ​ការចាកចេញ​ពី​កម្ពុជា ក្លិប AIK បាន​យកឈ្នះ​ការប្រកួត​មិត្តភាព​ទាំងបី​លើក​នៅ​ឥណ្ឌា មុនពេល​ពួកគេ​ទៅ​បំបាក់​ក្លិប​យក្ស FC Barcelona នា​ការប្រកួត​មិត្តភាព​មួយទៀត​កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៥៥ ។

AIK Fotboll (ឈ្មោះ​ពេញ Allmanna Idrottsklubben) ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ១៨៩១ ដោយ​បច្ចុប្បន្ន​មាន​កីឡដ្ឋាន​ឈ្មោះ Friends Arena ដោយមាន​មូលដ្ឋាន​នៅ​ក្រុង Solna រាជធានី Stockholm ប្រទេស​ស៊ុយអែត។
 
AIK មាន​ប្រវត្តិ​ឈ្នះ​ពាន Swedish Champions ១១លើក ជើងឯក​លី​ក​កំពូល Allsvenskan ៥លើក និង​ពានរង្វាន់​ជាច្រើន​ទៀត។ ក្លិប​មួយ​នេះ ក៏​ធ្លាប់​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ​អឺរ៉ុប​ផងដែរ ពោលគឺ Champions League និង Europa League។

ក្រោម​ការដឹកនាំ​របស់​លោក Andreas Alm គ្រូបង្វឹក​ស៊ុយអែត​អាយុ៤១ឆ្នាំ ក្លិប AIK មានឈ្មោះ​លេង​ក្នុង​វគ្គ​ជម្រុះ​ជុំទីមួយ​នៃ​ក្របខណ្ឌ Europa League រដូវ​កាល២០១៥-១៦ បន្ទាប់ពី​បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​បី​នៃ​ក្របខណ្ឌ Allsvenskan កាលពី​រដូវ​កាល​ឆ្នាំ២០១៤ -១៥ ៕

រូបថត៖ លោក Per Kaufeldt អតីតកីឡាករជម្រើស​ជាតិស៊ុយអែត (១៩២១-១៩៣១) និងជាគ្រូបង្វឹក​របស់​ក្លិប AIK Fotboll (១៩៣៤-១៩៤០ និង១៩៥១-១៩៥៦)។ លោក​បានទទួល​មរណភាពក្នុងអាយុ៥៣​ឆ្នាំ
 


© រក្សាសិទ្ធិដោយ thmeythmey.com