កីឡាជាតិ
FFC សន្យា​ឧបត្ថម្ភ​ដល់ U-23 នៅ​រាល់​ជ័យជម្នះ ការឡើង​ដល់​វគ្គ១/២ និង​ផ្តាច់ព្រ័ត្រ​ក្នុង​ស៊ី​ហ្គេម
21, May 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
១ម៉ឺន​ដុល្លារ​សម្រាប់​រៀងរាល់​ជ័យជម្នះ ៣ម៉ី​ន​ដុល្លារ​ចំពោះ​ការឈាន​ទៅដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ និង​ឡើងដល់១០ម៉ឺន​ដុល្លារ​អាមេរិក ប្រសិនបើ​កម្ពុជា​ទទួល​បាន​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ នេះ​ជាការ​សន្យា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ចំពោះ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម២៣ឆ្នាំ (U-23)ដែល​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​សឹង្ហ​បុរី។



តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន FFC បានសរសេរថា សម្រាប់​ការប្រកួត 28th SEA Games Singapore 2015 សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ឧបត្ថម្ភ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ២៣ឆ្នាំ ដូចតទៅ:

១. ការប្រកួត​ក្នុង​ពូ​ល
- រាល់​ជ័យជម្នះ​ក្នុងការ​ប្រកួត នីមួយៗ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ឧបត្ថម្ភ​ឱ្យ ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ២៣ឆ្នាំ ចំនួន ១០,០០០ ដុល្លារ​សហរដ្ឋអាមេរិក។

២. ការប្រកួត​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ
- ប្រសិនបើ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ២៣ឆ្នាំ​ឡើងទៅ​លេង​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ឧបត្ថម្ភ​ចំនួន ៣០,០០០ ដុល្លារ​សហរដ្ឋអាមេរិក ដោយ​មិន​គិតពី​លទ្ធផល

៣. ការប្រកួត​ផ្តាច់ព្រ័ត្រ

- ប្រសិនបើ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ២៣ឆ្នាំ​ឡើងទៅ​លេង​ផ្តាច់ព្រ័ត្រ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ឧបត្ថម្ភ​ចំនួន ១០០,០០០ ដុល្លារ​សហរដ្ឋអាមេរិក ដោយ​មិន​គិតពី​លទ្ធផល។

នៅក្នុងពេល​ជាមួយគ្នានេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សុំ​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំងអស់​ឱ្យមាន ការឧបត្ថម្ភ​ដល់ ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ២៣ឆ្នាំ ក្នុង ការប្រកួត 28th SEA Games Singapore 2015 ដើម្បី​លើកទឹកចិត្ត​កីឡាករ ក្រុម​ជម្រើសជាតិ​យើង​នៅពេល​ពួកគាត់ ប្រកួតប្រជែង​តំណាងឱ្យ​ជាតិ​យើងទាំងអស់គ្នា។

ក្រុម​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoonស្ថិតនៅក្នុង​ពូ​ល  Aដោយ​ត្រូវ​ប្រកួត​នៅលើ​កីឡដ្ឋាន JalanBesar Stadium។ កម្ពុជា ប៉ះ​ជាមួយ​ហ្វីលីពីន​នៅ​ថ្ងៃទី៣ ខែមិថុនា ជួប​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី៦ ខែមិថុនា តទល់​ជាមួយ​ម្ចាស់ផ្ទះ​សឹង្ហ​បុរី​នៅ​ថ្ងៃទី៨ ខែមិថុនា មុននឹង​ជួប​មី​យ៉ាន់​ម៉ារ​នៅ​ថ្ងៃទី១០ ខែមិថុនា៕



© រក្សាសិទ្ធិដោយ thmeythmey.com