កីឡាជាតិ
Singapore Cup៖ ស្វាយរៀង​ព្យាយាម​សងសឹក Albirex Niigata Singapore នៅ​ល្ងាច​នេះ
22, May 2015 , 10:38 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ខេត្តស្វាយរៀង​របស់​កម្ពុជា នឹង​ប្រកួត​ជាមួយ​ក្រុម​Albirex Niigata Singapore ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់​Singapore Cup 2015 វេលា​ម៉ោង ៥:៣០នាទី (ម៉ោង៦:៣០នាទី​នៅ​សិង្ហ​បុរី) ថ្ងៃទី ២២ ខែ ឧសភា​ឆ្នាំ ២០១៥ នេះ​នៅ​កីឡដ្ឋាន Jurong East Stadium។



លោក សំ វ៉ាន់​ដេ​ត​គ្រូបង្វឹក​របស់​ក្រុម​ខេត្តស្វាយរៀង​បាន​ដឹកនាំ​កីឡាករ ១៨នាក់​ចេញដំណើរ​ទៅ​ប្រកួត​តាំងពី​ថ្ងៃទី២០ ខែ ឧសភា ម្ល៉េះ ដោយមាន​កីឡាករ​ខ្មែរ១៤ នាក់ និង កីឡាករ​បរទេស ៤នាក់។

នេះ​ជា​លើក​ទី២ហើយ​ដែល​ក្រុម​ស្វាយរៀង​ចូល​លេង​ក្នុង​ពានរង្វាន់​នេះហើយ​ក៏​ជា​លើក​ទី២ ដែរ​ក្រុម​ជើងឯក​Hun Sen Cup 2015 នេះ​ត្រូវ​ប៉ះ​ក្រុម​Albirex Niigata Singapore ខណៈ​ជំនួប​លើក​ទី១កាលពី​ឆ្នាំមុន​ស្វាយរៀង​ចាញ់ ៣ ទល់ ។

ស្វាយរៀង​បាន​ប្រកួត​បាន​ប្រកួត​កម្ដៅ​សាច់ដុំ​ឈ្នះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ ដោយ​លទ្ធផល ៣ ទល់ ០នៅ​ទន្លេបាទី ប៉ុន្ដែ​ប្រកួត​ចាញ់​ក្រុម​African Selection Team នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដោយ​លទ្ធផល ២ – ០មុន​ធ្វើដំណើរ​ទៅ​សិង្ហ​បុរី។កីឡាករ​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​ទាំង​ឈុត​ស៊ី​ហ្គេម និង​ឈុត​ជម្រុះ​World Cup ភាគច្រើន​នឹងត្រូវ​បង្ហាញខ្លួន​លើ​ទីលាន​នៅ​ល្ងាច​នេះ។

ចំណែក​ក្រុម​Albirex Niigata Singapore វិញ​កំពុង​ឈរ​លេខ​រៀង​ទី២កំពូល​តារាង​លី​ក​បាល់ទាត់​អាជីព​សិង្ហ​បុរី​ក្រោយ​ប្រកួត​បាន ១២ លើក​ឈ្នះ៧ ស្មើ ២ និង ចាញ់ ៣ ប្រកួត​មាន២៣ ពិន្ទុ​ក្នុង​ដៃ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​Warriors ដែលមាន២៤ ពិន្ទុ។ ក្រុម​មួយ​នេះ​លេង​នៅ​សិង្ហ​បុរី​តែ​កីឡាករ​ភាគច្រើន​លើសលប់​ជា​កីឡាករ​ជប៉ុន​ព្រោះ​ម្ចាស់​ក្លិប​មាន​ប្រភព​មកពី​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ

សម្រាប់​វគ្គ​ជម្រុះ​បឋម​មាន៖

ថ្ងៃទី២២ ឧសភា Albirex Niigata Singapore (សិង្ហ​បុរី) vs ស្វាយរៀង (កម្ពុជា)
ថ្ងៃទី ២៦ឧសភា Geylang International FC (សិង្ហ​បុរី) vs Lao Police FC (ឡាវ)
ថ្ងៃទី ២៧ឧសភា Hougang United FC (សិង្ហ​បុរី) vs Global FC (ហ្វីលីពីន)

Singapore Cup ជា​ពាន​លំដាប់​ទី៣នៅ​សិង្ហ​បុរី បន្ទាប់ពី​ពាន​លី​ក​កំពូល S-League និង​ពាន League Cup ដែល​រៀបចំឡើង​ដំបូង​តាំងពី​ឆ្នាំ១៩៩៨ រហូតដល់​ឆ្នាំ ២០១៥នេះ ហើយ​ក្រុម Home United ជា​អ្នក​លើក​ពាន​បាន​ច្រើនជាងគេ​ពោលគឺ​ចំនួន ៦ លើក (២០០០,២០០១,២០០៣,២០០៥,២០១១និង ២០១៣) ស្របពេល​ក្រុម Balestier Khalsa ជា​ជើងឯក​ឆ្នាំ​ចាស់៕



© រក្សាសិទ្ធិដោយ thmeythmey.com