ជាតិ
ពិភព​តារា៖ សាន សុ​ម៉ាលី ខ្ញុំ​នៅ​ទំនេរ​ចែស
24, May 2015 , 8:30 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារា​សម្តែង​ដែល​និយម​បង្ហាញ​ដើមទ្រូង​ដ៏​សិច​ស៊ី​កញ្ញា សាន សុ​ម៉ាលី បាន​ច្រានចោលភ្លាមៗចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ថា នាង​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​អណិកជន​ខ្មែរ-អូស្ត្រាលី ដោយ​នាង​អះអាងថា នោះ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ ហើយ​ពេលនេះ​នាង​នៅ​ទំនេរ​ចែស។



ភាពស្ងប់ស្ងាត់​នៅក្នុង​អាជីព​សិល្បៈ​របស់​តារា​សម្តែង​នាង សាន សុ​ម៉ាលី បាន​នាំ​ឲ្យ​លេច​ឮថា នាង​កំពុង​លាក់ខ្លួន​ពួន​សម្ងំ​សាង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម ជាមួយ​បុរស​អាណិកជន​ខ្មែរ អូស្ត្រាលី​ម្នាក់ ដែលមាន​វ័យ​ជាង៤០ឆ្នាំ យ៉ាង​ស្ងាត់កំបាំង។

ទោះយ៉ាងណា ដើម្បី​បាន​ជ្រាប​ច្បាស់​ក្នុង​រឿងនេះ “ថ្មីៗ” បាន​សុំ​ការបំភ្លឺ​ពី​កញ្ញា សាន សុ​ម៉ាលី តាម​ទូរស័ព្ទ​កាលពីពេល​កន្លងទៅ ដោយ​នាង​បានបញ្ជាក់​ឲ្យ​ដឹងថា ការចុះផ្សាយ​ពី​រឿង​ដែល​លេច​ឮថា នាង​កំពុងមាន​ស្នេហា​ជាមួយ​បុរស​អណិកជន​ខ្មែរ​នៅ​អី​ស្ត្រា​លី​នោះ មិនមែនជា​ការពិត​ទេ។ សុ​ម៉ាលី បានលើកឡើង​ទាំង​សើចតិចៗថា “មាន​ឯណា​បង! បើ​មែន សប្បាយចិត្ត​ស្លាប់​ហើយ គេ​ចេះតែ​ថា​ទេ តើ​ខ្ញុំ​លាក់​ធ្វើ​អី បើ​បាន​សង្សារ​អ្នកមាន​មែន ខ្ញុំ​ប្រាកដជា​បង្ហាញ​ឲ្យ​មហាជន​ដឹង​មិន​ខាន។

តារា​សម្តែង​ដែល​និយម​បង្ហាញ​ដើមទ្រូង​ដ៏​សិច​ស៊ី​រូបនេះ អះអាងថា ពេលនេះ នាង​គ្មាន​អ្នកណា​ស្រលាញ់​នោះទេ ហើយ​នាង​ថែមទាំង​និយាយ​បែប​លេងសើច​ថា “សព្វថ្ងៃ ពិបាកចិត្ត​ចង់បាន​ប្តី​ស្ទើរ​ស្លាប់​ទៅហើយ មិនដឹងថា​ពេលណា​មាន​នឹង​គេ ព្រោះ​អ្នកសិល្បៈ​មួយចំនួន​បាន​រៀបការ​ច្រើន​ហើយ។

ទន្ទឹមនឹង​ការច្រានចោល​ព័ត៌មាន​ថា មិនមាន​ជាប់​ពាក់ព័ន្ធ​ស្នេហា​ឆ្លង​ទ្វីប​នោះ សាន សុ​ម៉ាលី បាន​សម្តែង​ការមិនសប្បាយចិត្ត ចំពោះ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន។ នាង​បាន​លើកឡើងថា “មានពេលខ្លះ អ្នកព័ត៌មាន​មួយចំនួន​ចុះផ្សាយ​រឿង​របស់ខ្ញុំ មិន​ទាំង​បានធ្វើ​បទ​សម្ភាស​ជាមួយ​ខ្ញុំ​ផង ដោយ​គេ​អះអាងថា ទូរស័ព្ទ​មក​ខ្ញុំ​មិន​ចូល​ជាដើម ប៉ុន្តែ ខ្ញុំ​មិនដែល​ដូរ​លេខ​ទូរស័ព្ទ​នោះទេ ហើយ​ព័ត៌មាន​ខ្លះ ខ្ញុំ​ពិបាក​នឹង​ទទួលយកបាន​ណាស់។

ជាមួយនឹង​ការមិនសប្បាយចិត្ត​ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ពី​រឿង​មិន​ពិត​របស់​នាង សាន សុ​ម៉ាលី នៅបាន​ប្រាប់ថា មួយរយៈ​ដែល​នាង​មិនសូវ​បង្ហាញខ្លួន​នៅក្នុង​អាជីព​សិល្បៈ ព្រោះតែ​កាលពី៣ខែ​មុន នាង​បាន​បើកហាង​មួយកន្លែង (ហាង​ផឹកស៊ី) ដោយ​ហ៊ុន​គ្នា​ជាមួយ​មិត្តភក្តិ ប៉ុន្តែ​ដោយសារ​ការរកស៊ី​ហ៊ុន​នោះ​មិនសូវ​ដំណើរ​ការល្អ ទើប​នាង​ដកខ្លួន​ពី​ភាគហ៊ុន​នោះមក​វិញ។ តែ​យ៉ាងណាក៏ដោយ សុ​ម៉ាលី បញ្ជាក់ថា ការងារ​ក្រៅ​អាជីព​សិល្បៈ​នេះ នាង​នៅតែ​គួច​ប៉ង​ក្នុង​ចិត្ត​ដដែល ដោយ​រង់ចាំ​ពេលវេលា​មួយ​ក្រោយ​ទៀត ប្រសិនបើ​នាង​សន្សំ​លុយ​បាន​ច្រើន​ល្មម នាង​នឹង​បើកហាង​មួយ​ដាច់ដោយឡែក​ម្នាក់ឯង មិន​ចង់​រកស៊ី​ហ៊ុន​គ្នា​នោះទេ។

តារា​សម្តែង​សិច​ស៊ី​កញ្ញា សាន សុ​ម៉ាលី បាន​ចូលខ្លួន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​អំឡុង​ឆ្នាំ ២០០៣ និង​បាន​លេចមុខ​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​ជា​បន្តបន្ទាប់ រហូតដល់​ឆ្នាំ ២០០៤ តាមរយៈ​នៃ​ការសម្តែង​ក្នុង​រឿង "កាកី" ដោយសារតែ​នាង​ហ៊ាន​ដើរតួ​សម្តែង​ក្នុង​ភាព​សិច​ស៊ី​បំផុត។ ទន្ទឹមនឹង​កេរ្តិ៍ឈ្មោះ​ក្នុង​អាជីព​សិល្បៈ​កំពុងតែ​ស្ទុះ​ឡើង នៅ​អំឡុង​ឆ្នាំ ២០១១ កញ្ញា សាន សុ​ម៉ាលី ក៏បាន​ធ្លាក់​ថមថយ​ប្រជាប្រិយភាព​ទៅវិញ ខណៈដែល​នាង​ក៏បាន​បាត់​ខ្លួន​ពី​សង្គម​សិល្បៈ​អស់​មួយ​ខ្យល់​ធំ ជាមួយនឹង​ព័ត៌មាន​លេច​ឮថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​អូស្ត្រាលី​នោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com