កីឡាជាតិ
FFC បណ្ដុះបណ្ដាល​វគ្គ​សំខាន់ ២ ដល់​មន្ត្រី​មកពី​តាម​ក្លិប​បាល់ទាត់​ក្នុងស្រុក
25, May 2015 , 10:23 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​សំខាន់​ចំនួន ២ គឺ​វគ្គ​គ្រូបង្វឹក​បាល់ទាត់ និង វគ្គ​គ្រប់គ្រង​ព្រឹត្តិការណ៍​បាល់ទាត់ ដល់​មន្ត្រី​មកពី​តាម​ក្លិប​ដែលជា​សមាជិក​របស់​ខ្លូន មុន​លី​ក​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៥ ដែល​នឹង​មកដល់​នៅ​ថ្ងៃទី ១ ខែ កក្ដ​ដា ខាងមុខ។



សម្រាប់​វគ្គ​គ្រូបង្វឹក​បាល់ទាត់ (FIFA MA Coaching Course 2015) រៀបចំ​ចាប់ពី​ថ្ងៃទី ១៨ ដល់ ២២ ខែ ឧសភា ឆ្នាំ ២០១៥ នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​សិក្ខាកាម​ចូលរួម​ជាច្រើន​នាក់​ដែល​សុទ្ធតែជា​គ្រូបង្វឹក គ្រូ​ជំនួយ និង មន្ត្រី​មកពី​តាម​ក្លិប​នានា ក្រោម​ការបង្ហាត់​ពី​លោក Frederick Roy Millar ជនជាតិ​អៀក​ឡង់ ដែលជា​មន្ត្រី​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA)។

វគ្គ​ដែល​សហការ​ជាមួយ FIFA នេះ​ផ្ដល់​បទពិសោធន៍​បន្ថែម​ដល់​គ្រូបង្វឹក​ដែល​ដឹកនាំ​ក្រុម​ក្នុង​លី​ក​កំពូល​នៅ​កម្ពុជា ឱ្យ​កាន់តែច្បាស់​ពី  រៀបចំ​ក្រុម ការរៀបចំ​កម្មវិធី​ហ្វឹកហាត់ ការរៀបចំ​រូបមន្ដ​នៃ​ការលេង ព្រមទាំង​សិក្សា​ពី​ទ្រឹស្ដី និង ការអនុវត្តន៍​ផងដែរ។

ចំណែក​វគ្គ​សិក្សា​មួយទៀត​គឺ បណ្ដុះបណ្ដាល​មន្ត្រី​គ្រប់គ្រង​ព្រឹត្តិការណ៍​បាល់ទាត់ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៥ នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា។ វគ្គ​នេះ​គឺជា​ការត្រៀមខ្លួន​ដល់​គ្រប់​ក្លិប​ទាំងអស់ មុន​រៀបចំ​ការប្រកួត​ដែលមាន​លក្ខណៈ ទៅវិញទៅមក (Home/Away) ក្នុង​រដូវ​កាល ២០១៥ នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com