កីឡាជាតិ
សីប៉ាក់តាក្រ ជាកីឡាមួយប្រភេទដែលមិនគួរមើលរំលងនៅកម្ពុជា
×
សីប៉ាក់តាក្រជាប្រភេទកីឡាមួយប្រភេទដែលកម្ពុជា តែងតែបញ្ជូនទៅប្រកួតនៅលើឆាកអន្តរជាតិជាតិ ហើយកីឡាករនេះក៏ធ្លាប់នាំមេដាយត្រឡប់មកវិញមិនដែលខាននោះដែរ។ មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៥ នៅប្រទេសសិង្ហបុរី មកដល់ គេហទំព័រថ្មីៗ យើងសូមណែនាំត្រួសៗ ពីការមួួយនេះ។
តើអ្នកដឹងអ្វីខ្លះពីសីប៉ាក់តាក្រ?
យោងតាមឯកសាររបស់សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាឱ្យដឹងថា សព្វថ្ងៃនេះវិញ្ញាសាសីប៉ាក់ តាក្រ មាន Double (លេងម្ខាង២នាក់), Rege (លេងម្ខាង៣នាក់) ,Team (លេងម្ខាង១២នាក់) និងវិញ្ញាសា Hoop (ទាត់សីដាក់កន្ត្រក)។
ចំណែកបច្ចេកទេសនៃការការទាត់សីដាក់កន្ត្រកនេះមាន៨របៀប (8-Style) គឺទាត់ពែនក្នុង ទាត់ពែនក្រៅ ការប្រើស្មា ,ក្បាល , ជង្គង់ បញ្ជាសី ទាត់ដោយខ្នងជើង លោតខ្វែង និងទាត់ពែនក្រោយ ។ចំណែកសីដាក់ប្រកួតជាផ្លូវការជាប្រភេទសីដែលត្បាញដោយបន្ទះផ្តៅ ចាក់ជាក្រឡា៤ជ្រុងតូចៗដោយរក្សាទម្រង់សីនេះឱ្យមូលសម្រាប់ទាត់ នឹងខ្នងជើង។
របៀបវាយសេវារបស់សីប៉ាក់តាក្រមិនមែនអ្នកវាយសេវានោះចាប់សី ទាត់សំដៅទៅទីម្ខាងទៀតដោយខ្លួនឯងនោះទេ គឺមានកីឡាករម្នាក់ក្នុងចំណោម៣នាក់ជាអ្នកឈរបោះនៅកន្លែងបោះ សេវា ។ កីឡានេះលេង៣ប៉ះដូចបាល់ទះដែរ ហើយគេអាចប្រើក្បាលលេងផងដែរ ។ ការលេង៣ប៉ះនេះខុសពីបាល់ទះដោយកីឡាករតែម្នាក់ឯងអាចលេងបាន ទាំង៣ប៉ះដោយគ្មានបញ្ហា ហើយសីសម្រាប់បុរសលេងមានទម្ងន់៤២០ទៅ៤៤០ក្រាម ឯសីសម្រាប់នារីលេងមានទម្ងន់ពី១៥០ទៅ១៦០ក្រាម។
ចំណែកលក្ខខណ្ឌនៃការប្រកួតបើមានក្រុមណាមួយឈ្នះ២សិតជាប់គ្នា នោះគឺចាត់ទុកថាឈ្នះជាស្ថាពរហើយ ។ តាមធម្មតាមួយសិតមាន១៥ពិន្ទុតែក្នុងករណីការប្រកួតឈ្នះ-ចាញ់ មួយសិតម្នាក់នោះគឺត្រូវលេងសិតទី៣ទៀតដើម្បីរកអ្នកឈ្នះ-ចាញ់ ដែលសិតទី៣នេះលេងដោយកំណត់ពិន្ទុតែ៦ប៉ុណ្ណោះហើយលេងបាន៣ពិន្ទុ នឹងធ្វើការផ្លាស់ប្តូរតារាងគ្នា។
ទីលានសម្រាប់លេងសីប៉ាក់តាក្រ មានទំហំទទឹង៦,២០ម៉ែត្រ បណ្ដោយ១៣ម៉ែត្រ ។ ទីលានសម្រាប់បុរស និងសម្រាប់នារីមានទំហំប៉ុនគ្នា តែកម្ពស់សំណាញ់ខុសគ្នាដោយសំណាញ់បុរសកម្ពស់១,៥៥ម៉ែត្រ ឯនារីកម្ពស់ ១,៤៥ម៉ែត្រ ។ ទីលានទាំងសងខាងសុទ្ធតែមានផ្ចិតមួយដែលមានកាំ០,៣០ម៉ែត្រ ហើយស្ថិតនៅចម្ងាយពីខ្សែបន្ទាត់ទទឹងខាងក្រោយ២,៤៥ម៉ែត្រ និងចម្ងាយ៣,០៥ម៉ែត្រពីខ្សែបន្ទាត់បណ្តោយដែលគេហៅថា រង្វង់វាយសេវា ។ នៅក្បែរបង្គោលសំណាញ់ជាកន្លែងបោះសេវាមានរាង១ភាគ៤នៃរង្វង់ដែ លមានកាំ០,៩០ម៉ែត្រ ។
ការវិវត្តន៍របស់សីប៉ាក់តាក្រ
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ សីប៉ាក់តាក្រនេះមានការវិវត្តយ៉ាងស្មុគស្មាញហើយប្រទេសមួយ ចំនួនបានប្រកាសជាចំហថា សីនេះមានកំណើតនៅក្នុងប្រទេសរបស់គេ ។ ឆ្នាំ១៩៣០ប្រទេសថៃនិងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់បានប្រជែង គ្នាដោយអះអាងថាសីនេះជារបស់ខ្លួន ។ ការប្រជែងដោយគ្មានឈ្នះ គ្មានចាញ់បែបនេះទើបប្រទេសទាំងនោះឯកភាពគ្នាដាក់ឈ្មោះឱ្យសីនេះ ដោយមិនឱ្យនរណាចំណេញលើនរណាឡើយ។ ឈ្មោះដែលគេដាក់កាលនោះគឺសីប៉ាក់ រ៉ាហ្គា ហ្សារីង (Sepak Raga Jaring) តែក្រោយមកពួកគេបានឯកភាពប្តូរឈ្មោះទៅជាសីប៉ាក់តាក្រវិញ រហូតមកដល់សព្វថ្ងៃ ។
ជាមួយនឹងការដាក់ឈ្មោះថ្មីនោះ សីប៉ាក់តាក្រ ត្រូវបានគេច្នៃវាឱ្យទៅជាប្រភេទកីឡាដែលលេងដោយមានទីលាន ត្រឹមត្រូវ ហើយគេក៏បានចងក្រងជាច្បាប់-ក្បួនសម្រាប់ប្រកួតផងដែរ ។ ទោះបីវាមិនទាន់ក្លាយជាប្រភេទកីឡាអូឡាំពិក តែសីនេះមានការប្រកួតរហូតដល់ថ្នាក់ជើងឯកតាមតំបន់-ទ្វីប និងពិភពលោកទៀតផង ។
ដំណើរសីប៉ាក់តាក្រនៅកម្ពុជា៖
នៅឆ្នាំ ១៩៩៣ សហព័ន្ធសីប៉ាក់តាក្រកម្ពុជា បានបង្កើតឡើង ហើយសហព័ន្ធនេះតែងតែបញ្ជូនកីឡាកររបស់ខ្លួនទៅហាត់នៅក្រៅប្រទេសជាប្រចាំមុនចេញទៅប្រកួតលើឆាកអន្តរជាតិជាតិ។ ពានរង្វាន់អន្តរជាតិដែលកម្ពុជា ធ្លាប់បញ្ជូនកីឡាកររបស់ខ្លួន ទៅប្រកួតមាន King Cup World Championships នៅប្រទេសថៃ, Asian Games 1998, ស៊ីហ្គេម ជាដើម ហើយធ្លាប់នាំមេដាយ មាស ប្រាក់ សំរឹទ្ធ ត្រឡប់មកវិញជាប្រចាំផងដែរ។
មេដាយដែលកម្ពុជា ដណ្ដើមបានឈ្នះចុងក្រោយគឺ ក្នុងស៊ីហ្គេមឆ្នាំ ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ដោយឈ្នះមេដាយសំរឹទ្ធ ២ គ្រឿង ខណៈពានរង្វាន់ King Cup World Championships 2015 ថ្មីៗនេះនៅប្រទេសថៃ ក្រុមជម្រើសជាតិនារីរបស់កម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ១ គ្រឿងផងដែរ។
សីឈិនឡូន កីឡាចំណូលថ្មីស្រដៀងនឹងសីប៉ាក់តាក្រ៖
នៅស៊ីហ្គេមឆ្នាំ ២០១៣ ក្នុងប្រទេសមីយ៉ាន់ម៉ា កីឡាចំណូលថ្មីមួយដែលជាកីឡាប្រពៃណីរបស់ប្រទេសម្ចាស់ផ្ទះនេះមានសណ្ដានស្រដៀងនឹងសីប៉ាក់តាក្រ បានលេចមុខជាវិញ្ញាសាប្រកួត ដណ្ដើមមេដាយដែរ នោះគឺ សីឈិនឡូន។ អ្នកដែលចេះលេងសីប៉ាក់តាក្រ អាចប្ដូរទៅលេងសីឈិនឡូន បានយ៉ាងងាយ។ សីប៉ាក់តាក្រ តម្រូវឱ្យមានកីឡាករប្រកួតម្ខាងម្នាក់ដើម្បីគិតពិន្ទុយក ឈ្នះចាញ់ ប៉ុន្ដែសីឈិនឡូន តម្រូវឱ្យក្រុមនីមួយៗ សម្ដែងរៀងៗខ្លួនលើ ៦ ក្បាច់ ខណៈកីឡាករមួយក្រុមមាន ៦ នាក់ និង ២ ទៀតបម្រុង។ កាលនោះកីឡាករជម្រើសជាតិកម្ពុជា ចាប់ផ្ដើមហ្វឹកហាត់កីឡាករថ្មីនេះចូលរួមដណ្ដើមមេដាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com