កីឡាជាតិ
ជាង ៤ ពាន់​នាក់​ចុះឈ្មោះ​រត់​​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចុងខែ​នេះ
27, May 2015 , 9:51 am        
រូបភាព
ដោយ:
គិត​ត្រឹម​ពេលនេះ​មាន​មាន​អត្ត​ព​លិ​ក​ប្រមាណ​ជាង ៤០០០ នាក់​ហើយ​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ លើក​ទី ៥ ឆ្នាំ ២០១៥ ដែល​នឹង​រៀបចំ​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៥ នេះ។



លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​បានលើកឡើង​ថា ក្នុងចំណោម​អ្នកចូលរួម​ទាំង ៤០០០ នាក់​មាន ៣០០ នាក់​ជា​ជនជាតិ​បរទេស​មកពី ២៧ ប្រទេស​ផ្សេងគ្នា។ លោក​បញ្ជាក់ថា​អត្ថន័យ​សំខាន់​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​សម្ដេច ព្រះ មហាក្សត្រី​ព្រះវររាជ​មាតា នរោត្តម មុនិនាថ​សីហនុ រត់​ដើម្បី​មនុស្សធម៌​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​រត់​ដើម្បី​ទីក្រុង​ស្អាត ព្រមទាំង​អបអរ​ខួប​ទី ១២១ នៃ​ទិវា​អូឡាំពិក

សម្រាប់​វិញ្ញាសា ដាក់ឱ្យ​ប្រកួត​មាន​រត់​បែប​កម្សាន្ត ៣ គីឡូម៉ែត្រ រត់ ៥ គីឡូម៉ែត្រ រត់ ១០ គីឡូម៉ែត្រ និង​រត់ ២១ គីឡូម៉ែត្រ។ ចំណែក​រង្វាន់​លើកទឹកចិត្ត​មាន ២១ គីឡូម៉ែត្រ លេខ ១ បាន ៣០០ ដុល្លារ លេខ ២ បាន ២០០ ដុល្លារ និង​លេខ ៣ បាន ១០០ ដុល្លារ ឯ​រត់ ១០ គីឡូម៉ែត្រ​លេខ ១ បាន ២០០ ដុល្លារ លេខ ២ បាន ១០០ ដុល្លារ និង​លេខ ៣ បាន ៥០ ដុល្លារ ចំណែក​ការរត់ ៣ គីឡូម៉ែត្រ ទទួលបាន​វត្ថុ​អនុស្សាវរីយ៍។

ចំណែក​ផ្លូវ​ប្រកួត ត្រូវបាន​គ្រោង​យ៉ាង​ពិសេស ដើម្បី​ឲ្យ​អ្នកចូលរួម​រត់​មានការ​សប្បាយចិត្ត ព្រោះ​ផ្លូវ​រត់​ត្រូវបាន​រៀបចំ​តាម​មាត់ទន្លេ​ភាគច្រើន ដោយ​យើង​នឹង​ចេញដំណើរ​នៅមុខ​ព្រះបរមរាជវាំង ទៅ​ត្បូង​រួច​បត់​តាម​រោងដំរី​ឆ្ពោះទៅ​ផ្លូវ​ព្រះមុនីវង្ស សំដៅទៅ​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន (ជ្រោយចង្វា​ចាស់)។ ក្រោយ​ឆ្លង​ផុត​ស្ពាន​នេះហើយ ត្រូវ​រត់តាម​មាត់ទន្លេ​ត្រើយ​ខាងកើត​ទៅ​បត់​នៅ​សណ្ឋាគារ​សុខា ហើយ​រត់តាម​មាត់ទន្លេ​មេគង្គ​ធំ វង់​មក​ឡើង​តាម​ស្ពាន​មិត្តភាព​កម្ពុជា-ចិន(ជ្រោយចង្វារ​ថ្មី) វិញ រួច​បន្ត​រត់តាម​ផ្លូវ​មាត់ទន្លេ មកកាន់​ទី​ផ្តាច់ព្រ័ត្រ នៅមុខ​ព្រះបរមរាជវាំង​ដដែល៕


© រក្សាសិទ្ធិដោយ thmeythmey.com