កីឡាជាតិ
ល្ងាច​នេះ​ជម្រើសជាតិ ប៉ះ African Selection Team មុន​ជួប​ឡាវ​ដើមខែ​ក្រោយ
28, May 2015 , 10:21 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ឈុត​ជម្រុះ FIFA World Cup នឹង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​កីឡាក​រ​មកពី​ទ្វីប​អា​ហ្វ្រិ​ច​ដែល​លេង​នៅ​លី​ក​កម្ពុជា (African Selection Team) នៅវេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៥ នេះ​នៅ​ទីលាន​ស្មៅ​សប្ប​និមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ។



លោកគ្រូ​បង្គោល​បណ្ដោះអាសន្ន​ជនជាតិ​ជប៉ុន Ohara Kazunori នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ លើ​វាលស្មៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ថ្ងៃទី ២ ខែ មិថុនា ផងដែរ មុន​ចេញដំណើរ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចុងក្រោយ​នៅ​ប្រទេស​ថៃ ប៉ះ​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៥។

ក្រុម​ជម្រើសជាតិ​កម្ពុជា ធ្លាប់​ប្រកួត​ឈ្នះ​ក្រុម Tiger Cambodia (អតីត​ត្រាយ​អាស៊ី​ភ្នំពេញ) កាលពី​ថ្ងៃទី ៩ ខែ ឧសភា នៅ​ទីលាន​របស់​ក្រុម​វេ​ស្ទើ​ន ម្ដុំ​ទួលគោក ដោយ​លទ្ធផល ២ ទល់ ១ ហើយ​នៅ​ថ្ងៃទី ១៣ ខែ ឧសភា ក្រុម​កម្ពុជា ប្រកួត​ចាញ់​ក្រុម​ជើងឯក Hun Sen Cup 2015 ខេត្តស្វាយរៀង ៣ ទល់ ០ នៅ​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី។ នៅ​ថ្ងៃទី ១៧ ខែ ឧសភា ប្រកួត​ឈ្នះ​ក្រុម Japan Seletion Team ដោយ​លទ្ធផល ៤ ទល់ ១ តែ​ប្រកួត​ស្មើ​ឈុត U23 ដោយ​លទ្ធផល ២ ទល់ ២ កាលពី​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥។

សម្រាប់​ប្រកួត​ផ្លូវការ​វិញ ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​បើកទ្វា​ពហុ​កីឡដ្ឋាន​ជាតិ ទទួលភ្ញៀវ​ក្រុម​សិង្ហ​បុរី ក្នុងការ​ប្រកួត​បើកឆាក​ពានរង្វាន់ 2018 FIFA World Cup Russia ក្នុង​ពូ​ល E នៅ​ថ្ងៃទី ១១ ខែ មិថុនា និង​បន្ត​ធ្វើជា​ម្ចាស់ផ្ទះ ទទួល​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ ៤ ថ្ងៃ​បន្ទាប់​ពោលគឺ​ចំ​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៥៕


© រក្សាសិទ្ធិដោយ thmeythmey.com