ពីនេះ ពីនោះ
ខ្មែរ​យកលុយ​ឲ្យ​បរទេស​រាល់ថ្ងៃ!
28, May 2015 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
ជា​រៀងរាល់ថ្ងៃ ខ្មែរ​ចំណាយ​ប្រាក់​ជាច្រើន​លាន​ដុល្លារ​ដើម្បី​ទិញ​ទំនិញ​បរទេស​សម្រាប់​ប្រើប្រាស់ និង​បរិភោគ​ប្រចាំថ្ងៃ។ ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឱនភាព​ជា​រៀងរាល់ឆ្នាំ មានន័យថា ការនាំ​ចូល​មាន​ទំហំ​ធំ​ជាង ការនាំចេញ។


បន្ទាប់ពី​ពិសា​ទំនិញ​បរទេស​រួចហើយ ជនជាតិខ្មែរ​មួយចំនួន​ធ្លាក់ខ្លួន​ឈឺ។ ពេល​ធ្លាក់ខ្លួន​ឈឺ ពលរដ្ឋ​ខ្មែរ​រត់​ទៅ​ទទួល​ការព្យាបាល​នៅ​បរទេស ជាពិសេស ប្រទេស​វៀតណាម និង​ប្រទេស​ថៃ។ តាមរយៈ​សេវាកម្ម​សុខាភិបាល​ក្រៅប្រទេស​នេះ ប្រាក់​ដុល្លារ​ច្រើន​សែន លាន ដុល្លារ​អាមេរិក​ត្រូវបាន​ហូរ​ចេញទៅ​បរទេស។

ក្រៅពី​ការ​បរិ​ភាគ និង​ជំងឺ នៅពេល​ពលរដ្ឋ​ខ្មែរ​ចង់​សប្បាយ ប្រជាជន​ខ្មែរ​មួយចំនួន​នាំគ្នា​លេងល្បែង​ចាក់​កន្ទុយលេខ។ ល្បែង​នេះ មាន​បណ្តាញ​ជាមួយ​ថៅកែ​ជា​ជនបរទេស ដូច្នេះ ក្នុងមួយថ្ងៃៗ ប្រាក់​វាល់​សែន​ដុល្លារ​ត្រូវបាន​ហូរ​ចេញទៅ​ប្រទេស​វៀតណាម​តាមរយៈ​ការចាក់​ឆ្នោត​វៀតណាម។

មិនមែន​តែ​ល្បែង​ឆ្នោត​វៀតណាម​ទេ​ដែល​ខ្មែរ​នាំគ្នា​វក់វី​នោះ តាមពិតទៅ នៅមាន​ល្បែង​មួយទៀត​ដែល​ពលរដ្ឋ​ខ្មែរ​មួយចំនួន​វក់​ដែរនោះ គឺ​ល្បែង​ប្រដាល់សេរី​ថៃ។ រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​ជាពិសេស ពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​នាំគ្នា​ទស្សនា​កីឡាប្រដាល់​សេរី​ថៃ​តាម​កញ្ចក់​ទូរទស្សន៍ និង​ចាក់​លុយ​ជា​សរុប​រាប់សែន​ដុល្លារ​អាមេរិក​ក្នុងមួយថ្ងៃ។
សរុបសេចក្តី​មក ខ្មែរ​ពិសា​ទំនិញ​ឲ្យ​លុយ​គេ សប្បាយ​ឲ្យ​លុយ​គេ ឈឺ​ឲ្យ​លុយ​គេ…តើ​ពេលណា​ទៅ​ទើប​ខ្មែរ​ឈប់​ដកដង្ហើម​តាម​បរទេស?



© រក្សាសិទ្ធិដោយ thmeythmey.com