ពីនេះ ពីនោះ
មូលហេតុ៤ ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​បរាជ័យ
29, May 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ដែល​បរាជ័យ​ភាគច្រើន តែងតែ​ព្យាយាម​យល់​ពី​អ្នកដទៃ ចូលចិត្ត​សរសើរ​អ្នកដទៃ​ថា គេ​ទទួលបាន​ជោគជ័យ​នេះ ជោគជ័យ​នោះ គេ​មាន​គម្រោង​ធ្វើ​នេះ គេ​មាន​គម្រោង​ធ្វើ​នោះ។ ប៉ុន្តែ​ងាក​មក​សួរ​ខ្លួនឯង​វិញ បែរជា​មិនដឹងថា ខ្លួនឯង​ចូលចិត្ត​អ្វី គោលដៅ​ជីវិត​មិនដឹងថា​ចង់​ក្លាយជា​មនុស្ស​បែបណា ហើយក៏​មិនដឹងថា​ខ្លួន​មាន​ចំណុច​ខ្វះខាត​អ្វីខ្លះ? និង​មាន​ចំណុចខ្លាំង​អ្វីខ្លះ​នោះទេ? មាន​មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​លោកអ្នក​បរាជ័យ​ដោយ​មិនដឹង​ខ្លួន?



ទី១) មិន​ស្គាល់​ខ្លួនឯង​ច្បាស់៖ អ្នក​មិនដឹងថា​ខ្លួនឯង​មាន​ចំណង់​ចំណូលចិត្ត​ចង់​ធ្វើ​អ្វីខ្លះ? មាន​គោលដៅ​បែបណា? មិនដឹងថា​ខ្លួនឯង​មាន​ទេពកោសល្យ​អ្វីខ្លះ? ហើយក៏​មិនដឹង​ខ្លួនឯង​ថា​មាន​ចំណុចខ្លាំង​អ្វីខ្លះ និង​ចំណុចខ្សោយ​អ្វីខ្លះ​នៅឡើយ​ទេ?

ទី២) មិនមាន​សមត្ថភាព​គ្រប់គ្រង​ខ្លួនឯង៖
អ្នក​តែងតែ​មើលឃើញ​គេ​ធ្វើ​នេះ​ជោគជ័យ ធ្វើ​នោះ​ជោគជ័យ អ្នក​ចេះតែ​ចង់​ធ្វើ​ដូច​គេ ទាំង​ខ្លួនឯង​មិនទាន់​ស្គាល់​ខ្លួនឯង​ច្បាស់។ ម្យ៉ាងទៀត អ្នក​មិនបាន​គ្រប់​គ្រង់​ពេលវេលា​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ និង​តែងតែ​បណ្តោយ​ខ្លួន​ឲ្យ​រវល់​ជាមួយនឹង​រឿង​ឥតប្រយោជន៍​ច្រើនពេក។

ទី៣) មិនចេះ​ដំណោះស្រាយ​បញ្ហា៖
នៅពេល​ដែលមាន​បញ្ហា​កើតឡើង អ្នក​មិនដែល​ស្វែងរក​ដំណោះស្រាយ​នោះទេ គឺ​តែងតែ​រត់គេច​ពី​បញ្ហា ឬ​មិន​មានបំណង​ចង់​ដោះស្រាយ​បញ្ហា ដោយ​គិតថា​វា​មិនទាន់​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ឬ​តែងតែ​យក​លេស​ថា​រវល់​ធ្វើ​នេះ រវល់​ធ្វើ​នោះ​មិនចេះចប់ មិនចេះហើយ។

ទី៤) នៅ​ស្រពិចស្រពិល​នឹង​គោលដៅ​ជីវិត​របស់ខ្លួន៖ ភាគច្រើន​អ្នក​តែងតែ​ជឿ​លើ​អ្នក​ទៃ​អូសទាញ។ នេះ​មកពី​អ្នកមាន​គោលជំហរ​រឹងមាំ គ្មាន​ភាពជឿជាក់​លើ​ខ្លួនឯង គ្រាន់តែ​គេ​ថា​ធ្វើ​នេះ​ល្អ ឬ​ធ្វើ​នោះ​ល្អ គឺ​អ្នក​តែងតែ​គិតថា​គំនិត​គេ​ល្អ ហើយ​ចង់​ធ្វើតាម​អ្នកនេះ​បន្តិច ចង់​ធ្វើតាម​អ្នកនោះ​បន្តិច។ សរុបមក នៅ​ទីបំផុត​អ្នក គឺជា​មនុស្ស​បរាជ័យ​ទៅវិញ ព្រោះ​អ្នក​បាន​ចាប់យក​នេះ​បន្តិច ចាប់យក​នោះ​បន្តិច​តាមតែ​អ្វីដែល​គេ​បាន​ប្រាប់៕




© រក្សាសិទ្ធិដោយ thmeythmey.com