កីឡាជាតិ
ជាតិ
ទ្រី​យ៉ា​ត្លុង​កម្ពុជា​មិន​ហ៊ាន​រំពឹង​ខ្ពស់ ប៉ុន្តែ​នឹង​ខំប្រឹងប្រែង​នាឱកាស​បង្ហាញខ្លួន​លើកដំបូង
29, May 2015 , 12:59 pm        
រូបភាព
ពី​ឆ្វេងទៅ​ស្តាំ៖ កីឡាករ ចេង ចាន់តារា លោក ងិន សុបញ្ញា អ្នក​ស្រី សូ រ៉ាន់ដេត និងកីឡាករ នាង ពេជ្រពិសិដ្ឋ
ពី​ឆ្វេងទៅ​ស្តាំ៖ កីឡាករ ចេង ចាន់តារា លោក ងិន សុបញ្ញា អ្នក​ស្រី សូ រ៉ាន់ដេត និងកីឡាករ នាង ពេជ្រពិសិដ្ឋ
សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បញ្ជូន​កីឡាករ២នាក់ គឺ ចេង ចាន់​តារា និង នាង ពេជ្រ​ពិសិដ្ឋ ឲ្យ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើកដំបូង ដោយមាន​អ្នកស្រី សូ រ៉ា​ន់​ដេ​ត ជា​គ្រូបង្វឹក។ សម្រាប់ លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ដំណើរ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ប្រទេស​សឹង្ហ​បុរី​នេះ គឺជា​ដំណាក់កាល​នៃ​ការបង្ហាញ​វត្តមាន​ក្នុង​តំបន់​របស់​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ដូច្នេះ​លោក​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ថា ទទួលបាន​មេដាយ​កម្រិតណា​នោះឡើយ។



ទ្រី​យ៉ា​ត្លុង​ដែល​បណ្តុំ​ដោយ​ការប្រកួតប្រជែង​លើ​កីឡា​បី​ប្រភេទ (ហែល​ទឹក១៥០០ម៉ែត្រ ជិះ​កង់៤០គីឡូម៉ែត្រ និង​រត់ប្រណាំង១០គីឡូម៉ែត្រ) ស្ថិតក្នុង​ចំណោម​កីឡា៣៦ប្រភេទ​ដែល​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ដាក់​ឲ្យ​ប្រកួតប្រជែង​ដណ្តើមយក​មេដាយ ដែល​ក្នុង​មាន​វិញ្ញាសា​ផ្នែក​បុរស និង​ផ្នែក​នារី។

«ដោយសារតែ​យើង​មិនមាន​ធនធាន​កីឡាការិនី​ប្រកបដោយ​សក្តានុពល​នោះ យើង​សម្រេច​បញ្ចូល​តែ​កីឡាករ២នាក់​ឲ្យ​ចូលរួម»។ នេះ​ជាការ​អះអាង​របស់លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា។ លោក​បាន​បញ្ជាក់ថា កីឡាករ ចេង ចាន់​តារា និង នាង ពេជ្រ​ពិសិដ្ឋ គឺជា​កីឡាករ​ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​ប្រកួតប្រជែង​ថ្នាក់ជាតិ ហើយ​ត្រូវបាន​ជ្រើសរើស​ចេញពី​ក្នុងចំណោម​កីឡាករ៤នាក់​ដែល​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ភាព​លេចធ្លោ​នា​អំឡុងពេល​ហ្វឹកហាត់​នៅ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ រយៈពេល១ខែ។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅមុន​ការ​ចេញទៅ​ចូលរួម​កីឡា​ស៊ី​ហ្គេម កីឡាករ ចេង ចាន់​ដា​រ៉ា ដណ្ដើមបាន​មេដាយ​សំរឹទ្ធ១ពី​ព្រឹត្តិការណ៍​ប្រកួត​ពាន រង្វាន់​ទ្រី​យ៉ា​ត្លុង​អន្តរជាតិ LMP international Triathlon Championship 2015 នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី ២៩ ខែ មីនា។


សម្រាប់​វិញ្ញាសា​ផ្នែក​បុរស​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ នៅ​តំបន់ East Coast Park កីឡាករ​កម្ពុជា ចេង ចាន់​តារា និង នាង ពេជ្រ​ពិសិដ្ឋ ត្រូវ​ប្រកួតប្រជែង​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មកពី៥ប្រទេស​ផ្សេងទៀត ដោយមាន ម៉ាឡេស៊ី២នាក់ (Lee CheinWernនិង​SHINOZUKA Rikigoro) មី​យ៉ាន់​ម៉ារ២នាក់ (AUNG KyawHtetនិង​NAING Ye Wint) ហ្វីលីពីន២នាក់ (HUELGAS Nikko Bryanនិង SAIM Jonard) ម្ចាស់ផ្ទះ​សឹង្ហ​បុរី២នាក់ (CHOW Sheng Renនិង LOO ChuanRong) និង​ថៃ២នាក់ (HEMWET Wutthiwat និង MANCHAI Thanongsak)។

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ទទួលស្គាល់ថា៖ «កីឡាករ​របស់​យើង​បាន​ហាត់​ជាប់លាប់ និង​មាន​លក្ខណៈ​ស្តង់ដារ​តែ​ក្នុង​រយៈពេល៣ខែ​ចុងក្រោយ​ប៉ុណ្ណោះ ខណៈ​កីឡាករ​នៃ​ប្រទេស​ផ្សេងទៀត​មានការ​ត្រៀមខ្លួន​រាប់​ឆ្នាំ​មកហើយ»។ ទោះបីជា​យ៉ាងណាក៏ដោយ លោក បញ្ញា ជឿជាក់ថា អត្ត​ព​លិ​ក​កម្ពុជា​នឹងមាន​ការប្រឹងប្រែង​ខ្ពស់​ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ។

ដោយមាន​លោក គង់ ឫទ្ធីជព្វ​ ជា​ប្រធាន សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បានចាប់ផ្តើម​សកម្មភាព​របស់ខ្លួន​ជា​ផ្លូវការ​នា​អំឡុង​ឆ្នាំ២០០៩  ខណៈ​កីឡា​បែប​ទំនើប​នេះ មាន​វត្តមាន២លើក​រួចទៅហើយ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដោយ​កាលពី​ឆ្នាំ២០០៥ ដែល​រៀបចំ​នៅ​ប្រទេស​ហ្វីលីពីន​នោះ កីឡាករ​សឹង្ហ​បុរី​ឈ្នះ​មេដាយមាស កីឡាករ​ម៉ាឡេស៊ី​ឈ្នះ​មេដាយប្រាក់ និង​កីឡាករ​ហ្វីលីពីន​បាន​មេដាយ​សំរឹទ្ធ ហើយ២ឆ្នាំ​ក្រោយមក សឹង្ហ​បុរី​ទទួលបាន​មេដាយមាស​បន្ថែមទៀត ខណៈ​ហ្វីលីពីន​បាន​មេដាយប្រាក់ និង​សំរឹទ្ធ៕



© រក្សាសិទ្ធិដោយ thmeythmey.com